បទពិសោធន៍ប្រើថ្នាំធម្មជាតិព្យាបាលជំងឺអុតក្ដាមលើសត្វជ្រូក
ជំងឺអុតក្ដាមជាជំងឺមួយប្រភេទ ដែលតែងតែកើតមានលើសត្វជ្រូក ជាពិសេសនៅរដូវក្ដៅ។ នៅពេលមានជំងឺនេះកើតឡើង កសិករតែងព្យាបាលជ្រូករបស់គាត់តាមវិធីផ្សេងៗទៅតាមតំបន់។ អុតក្ដាមជាជំងឺឆ្លងតាមរយៈការប៉ះពាល់រវាងជ្រូកឈឺនិងជ្រូកជា និងអាចចម្លងពីសម្ភារៈដែលមានជាប់មេរោគនេះ។ ជាក់ស្ដែង លោកអ៊ំ ង៉ែត ងួន ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិត្រពាំងឆ្នង់ ស្រុកសំរោង ខេត្តតា កែវ។ គាត់មានបទពិសោធន៍ព្យាបាលជំងឺអុតក្ដាមលើសត្វជ្រូក។ បទពិសោធន៍នេះ គាត់ចេះពីដូនតាមក។ រោគសញ្ញា វិធីផ្សំថ្នាំ និងការព្យាបាលបង្ហាញដូចខាងក្រោម។
១. រោគសញ្ញា. ជ្រូកកើតជំងឺអុតក្ដាមមានរោគសញ្ញាដូចខាងក្រោម។
- ជ្រូកមិនស៊ីចំណីអាហារ
- ជ្រូកហៀរទឹកមាត់
- អន់បាយ ឡើងកំដៅ
- ចេញស្នាមកន្ទួលក្រហមឬដំបៅ លើជើងមានស្នាមពងបែក ឬពងខ្ទុះនៅមាត់ ច្រមុះ ជើង និងនៅ លើដោះ
- ជ្រូកអាចរឹងផ្នែកខាងក្រោយពិបាកដើរដោយសារដំបៅនៅលើជើង ជ្រូកដើរដោយជង្គង់(ជ្រូកកើតជំងឺនេះ ក្រិនលូតលាស់យឺត)។
២. វិធីផ្សំ និងការព្យាបាល. ដើម្បីព្យាបាលសត្វ គាត់ប្រើធាតុផ្សំដូចខាងក្រោម៖
ក. ធាតុផ្សំ
- ក្តាមធំ ១ក្បាល បើតូចយក ២
- ទំពាំង ឬខ្នែងទំពាំង ឫស្សីស្រុក (៧ខ្នែង ឬទំពាំងមួយ កាត់យក៧កង់)
- ទំពាំង ឬខ្នែងទំពាំង ឫស្សីព្រៃ (៧ខ្នែង ឬទំពាំងមួយកាត់យក ៧កង់)
- ប្រហុក ៣ ទៅ ៤ចង្វា
- ទឹកកន្លះលីត្រ។
ខ. វិធីផ្សំ
យកធាតុទាំង៤បុកបញ្ចូលគ្នាឲ្យម៉ដ្ឋ រួចយកទឹកកន្លះលីត្រ ដាក់ចូលកូរច្របាច់ឲ្យចូលសាច់មួយ ឬច្របាច់ឲ្យចេញជាតិ។
គ. វិធីប្រើ
ទឹកថ្នាំដែលផ្សំរួចច្រកឲ្យសត្វផឹកកន្លះលីត្រ ទៅ ០,៧លីត្រ ផ្សំម្តងបញ្រ្ចកឲ្យសត្វផឹកម្តង។ មួយថ្ងៃបញ្រ្ចកតែម្តងទេរហូតដល់់រយៈពេល៣ទៅ៤ថ្ងៃទើបសត្វជាសះស្បើយ អាស្រ័យលើជំងឺធ្ងន់ឬស្រាល បើជំងឺស្រាលគឺ ១ទៅ២ថ្ងៃ អាចជាហើយ។
លោកពូអះអាងថា ថ្នាំនេះព្យាបាលជំងឺអុតក្តាមលើជ្រូកជាសះស្បើយ។ គាត់ប្រើថ្នាំនេះ ព្យាបាលជ្រូករបស់គាត់ និងបានផ្សព្វផ្សាយដល់អ្នកភូមិក្បែរផ្ទះគាត់ឲ្យព្យាបាលជាសះស្បើយគ្រប់គ្នា។ ប៉ុន្តែមិនទាន់បានផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យកសិករទូទៅបានសាកល្បងឡើយ។ ដូច្នេះសូមបងប្អូនកសិករដែលជួបប្រទះបញ្ហានេះ សូមសាកល្បងតាមបទពិសោធន៍ខាងលើ ដើម្បីឲ្យដឹងថា តើថ្នាំធម្មជាតិនេះមានប្រសិទ្ធភាពយ៉ាងណា?
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)