វិធីសាស្រ្តគ្រប់គ្រងផ្លែប៉េងប៉ោះ ក្រោយពេលប្រមូលផល

១. ការប្រមូលផល

យើងអាចប្រមូលផលប៉េងប៉ោះបាននៅអាយុ ២ខែក្រោយពីដាំ។ ការប្រមូលផលធ្វើឡើងជាច្រើនសា (គឺអាច​ពី ៨ ទៅ១០ ដង បណ្ដាក់គ្នា)។ ការប្រមូលផលម្ដងៗ មានចន្លោះពី ២ ​ទៅ ៣ថ្ងៃ។ ក្នុងការប្រមូលផលយើងអាចបេះដោយដៃ តែយកល្អត្រូវយក​កន្រ្តៃ ឬកូនកាំបិតស្លាទៅកាត់ ហើយធ្វើយ៉ាងណាកុំឲ្យប៉ះផ្លែ និងដើម។ យើងអាចប្រមូលផលប៉េងប៉ោះនៅពេលអាកាសធាតុត្រជាក់ ប៉ុន្តែបន្ទាប់ពីស្ងួតសន្សើមអស់។ ទឹកសន្សើមបណ្ដាលឲ្យងាយកើតមេរោគនៅលើផ្លែប៉េងប៉ោះ ចំណែកកំដៅងាយធ្វើឲ្យផ្លែប៉េងប៉ោះឆាប់ទុំ។ ការប្រមូលផល គួរធ្វើឡើងនៅពេលរសៀលចាប់ពីម៉ោង ៣​:​០០ ដល់ម៉ោង ៥:​០០ល្ងាច។ ពីព្រោះក្នុងរយៈពេលនេះផ្លែប៉េងប៉ោះស្រស់ទឹកល្អ និងមានភាពរឹងមាំ។

២. ការសំអាត និងជ្រើរើស

ប្រសិនបើមិនអាចជៀសវាងបានក្នុងការប្រមូលផលនៅពេលភ្លៀង យើងត្រូវលាងទឹកវា ហើយសំដិលឲ្យស្ងួតមុននឹងធ្វើការវេចខ្ចប់។ ជាទូទៅ យើងមិនចាំបាច់ការលាងទឹកផ្លែប៉េងប៉ោះទេ។  ប៉ុន្តែប្រសិនបើផ្លែវាមានប្រឡាក់ដី យើងត្រូវលាងវា ហើយសំដិលឲ្យស្ងួត។ មុនពេលលាងទឹកត្រូវដកយកផ្លែដែលស្អុយចេញ ព្រោះវាអាចឆ្លងមេរោគដល់ផ្លែដទៃទៀត។

ជាទូទៅ​ យើងសំអាតផ្លែប៉េងប៉ោះ ឬជ្រើសរើសឡើងក្រោយពេលប្រមូលផលពីដើមរួច។ យើងយកវាមកសំដិលនៅទីម្លប់រយៈពេល​១៥-២០នាទី ទើបជ្រើសរើសវាតាមប្រភេទលេខ១ លេង២ និងលេខ៣ ក្រៅពីនោះជាចំណាត់ថ្នាក់លេខ៤ ដោយដាក់តាមចំណាស់របស់វា ទុំដាក់ដោយទុំ និងចាស់ដាក់ដោយចាស់ ដកផ្លែដែលស្អុយចេញ។

៣.​ ការវេចខ្ចប់ និងដឹកជញ្ជូន

ក្នុងការវេចខ្ចប់ចំពោះផ្លែប៉េងប៉ោះ គឺក្រោយពីសំដិលរយៈពេល ១៥-២០នាទីរួចមក យើងអាចរៀបដាក់ក្នុងកញ្ឆេតែម្តង។ ​តែចំពោះកញ្ឆេត្រូវយកបាវ ឬស្លឹកចេកស្រស់ដាក់ពីខាងក្នុង ដើម្បីកុំឲ្យផ្លែប៉េងប៉ោះទង្គិចផ្ទាល់ជាមួយឫស្សី ឬដែកកញ្ឆេនោះ។ នៅពេលវេចខ្ចប់ យើងអាចអង្រួនកញ្ឆេបន្តិចៗ ដើម្បីឲ្យប៉េងប៉ោះណែននៅក្នុងកញ្ឆេជៀសវាងរលាក់នៅពេលដឹកជញ្ជូនធ្វើឲ្យវាខូចផ្លែ។ ដើម្បីឲ្យវាណែនល្អ គឺយើងដាក់ផ្លែប៉េងប៉ោះបានជិតពាក់កណ្តាលកញ្ឆេ យើងធ្វើការអង្រួនម្តង ហើយធ្វើការអង្រួនរបៀបនេះ ជាបន្តបន្ទាប់រហូតដល់យើងដាក់ផ្លែប៉េងប៉ោះពេញក្នុងកញ្ឆេ។ យើងយកវាទៅដាក់លើម៉ូតូ រ៉ឺម៉ក ឬឡានដឹកមកទីផ្សារ តែយើងត្រូវតំរៀបជាថ្នាក់ៗ ជៀសវាងការដាក់គរលើគ្នា។ ការដឹកជញ្ជូនត្រូវមានគំរបការពារកំដៅ និងធូលី។

៤. ការរក្សាទុក

ជាធម្មតា យើងអាចរក្សាទុកផ្លែប៉េងប៉ោះបានរយៈពេល១អាទិត្យ​ ដោយគ្រាន់តែរក្សាវានៅកន្លែងសមស្របមួយ ត្រជាក់ហើយមានខ្យល់ចេញចូលល្អ ដោយយកក្រណាត់ ឬបាវសើមគ្រប ឬហ៊ុំវាជុំវិញ ហើយឧស្សាហ៍ប្រោះទឹក។ ផ្សេងពីនេះទៀត យើងអាចរក្សាផ្លែប៉េងប៉ោះបានរហូតដល់ ១០ទៅ១៥ថ្ងៃ ដោយប្រើវិធីដូចខាងក្រោម៖

  • អាចម៍រណារម៉ដ្ឋចំនួន១គីឡូក្រាម, ទឹកអូសាវែលចំនួន​១គំរបដប (គំរបដបអូសាវែល), ទឹកធម្មតាចំនួន១លីត្រ ដាក់លាយគ្នាក្នុងចានដែក ឬធុងផ្សេងៗ សមាមាត្រនេះគឺសំរាប់រក្សាទុកផ្លែប៉េងប៉ោះ១គីឡូក្រាម។

របៀបថែរក្សាទុក. ក្នុងការថែរក្សាទុកផ្លែប៉េងប៉ោះ យើងត្រូវអនុវត្តទៅតាមដំណាក់កាលបន្តបន្ទាប់ដូចខាងក្រោម៖

  • ចាក់ទឹកធម្មតាលាយជាមួយទឹកអូសាវែល (តាមកំរិតខាងលើ) កូរចូលគ្នាឲ្យសព្វ ហើយយកផ្លែប៉េងប៉ោះលាងក្នុងទឹក​សូលុយស្យុងនេះ ដើម្បីសំលាប់មេរោគ។ បន្ទាប់មក ស្រង់ផ្លែប៉េងប៉ោះទុកមួយកន្លែងឲ្យស្រស់ទឹកសិន។
  • យកទឹកល្បាយអូសាវែលនេះលាយជាមួយអាចម៍រណារឲ្យសើមល្មម ជៀសវាងកុំឲ្យសើមពេក រួចយកផ្លែប៉េងប៉ោះមកដាក់តំរៀបគ្នានៅក្នុងចានដែក ដែលមានដាក់អាចម៍រណារនោះ ដោយដាក់ផ្នែកខាងក្បាលឡើងលើ។ ក្នុងការតំរៀបនេះ ជៀសវាងកុំឲ្យផ្លែប៉េងប៉ោះប៉ះគ្នា។

របៀបរៀបប៉េងផ្លែប៉ោះរក្សាទុក ដោយដាក់ផ្នែកខាងក្បាលនៅលើ

  • បន្ទាប់មក យើងរោយអាចម៍រណារគ្របពីលើផ្លែប៉េងប៉ោះ។ យើងអាចតំរៀបផ្លែប៉េងប៉ោះជាច្រើនស្រទាប់ៗ តាមរបៀបដូចខាងលើរហូតអស់
  • បន្ទាប់ពីរៀបចំស្រេចហើយ ត្រូវយកវាទៅទុកនៅកន្លែងមួយល្អត្រឹមត្រូវ ផុតពីដៃក្មេង រហូតដល់យើងត្រូវការយកវាមកធ្វើជាអាហារ ឬលក់រហូតដល់រយៈពេល ១៥ថ្ងៃ៕

កសិករមានបទពិសោធន៍ និងបានធ្វើការសាកល្បង

សួន សុផល និង ធុល វណ្ណនី

ប្រភព ខិត្តបណ្ណស្តីពី ​វិធីសាស្រ្តគ្រប់គ្រងផ្លែប៉េងប៉ោះ ក្រោយពេលប្រមូលផល, បោះពុម្ពដោយ

  • មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក)
  • វិទ្យាស្ថានអន្តរជាតិដើម្បីស្តារជនបទឡើងវិញ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)