ប្រសិទ្ធភាពជីកំប៉ុស្តទឹកលើដំណាំបន្លែ (កសិករ ស៊ឹម ចន្ធូ)
កញ្ញា ស៊ឹម ចន្ធូ ជាកសិកររស់នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទពិសោធន៍ល្អមួយក្នុងការរៀបចំធ្វើជីកំប៉ុស្តទឹកសម្រាប់ស្រោចទៅលើដំណាំបន្លែ និងមានប្រស្រិទ្ធភាពអាចជួយឲ្យបន្លែលូតលាស់ល្អ។ បទពិសោធន៍នេះ គាត់ទទួលបានពីការអានទស្សនាវដ្តីកសិករ គួបផ្សំគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់។
១. ធាតុផ្សំសម្រាប់ធ្វើជីទឹកមាន៖
- ស្លឹកអង្កាញ់ស្រស់ ចាស់ ឬខ្ចី ចំនួន ៣,៥គីឡូក្រាម
- ស្លឹកទន្រ្ទានខែត្រចំនួន ៥គីឡូក្រាម
- លាមកមាន់ចំនួន ២គីឡូក្រាម
- ទឹកនោមមនុស្ស ឬសត្វចំនួន ១៥លីត្រ។
២. របៀបផ្សំ
- យកស្លឹកអង្កាញ់ និងទន្រ្ទានខែត្រមកចិញ្រ្ចាំឲ្យតូចៗល្មម
- លាមកមាន់ជាន់វាឲ្យម៉ដ្ឋ (ឬប្រើឧបករណ៍កិនឲ្យម៉ដ្ឋ)
- បន្ទាប់មកយកស្លឹកទន្រ្ទានខែត្រ អង្កាញ់ច្របល់ជាមួយលាមកមាន់ឲ្យសព្វ (ប្រៀបដូចជាការប្រឡាក់ត្រី)
- រួចយកសារធាតុដែលយើងច្របល់រួចនេះទៅដាក់ក្នុងពាង ញាត់វាឲ្យហាប់ល្មម បន្ទាប់មកយកថង់ប្លាស្ទិកគ្របពីលើឲ្យជិតដោយមួយថ្ងៃបង្ហើបម្តង តែមិនកូរវាទេ។
៣. ការថែទាំនៅពេលផ្អាប់
រក្សាវាទុកក្រោយពីផ្សំសារធាតុទាំងនោះហើយ ដោយដាក់នៅក្រោមម្លប់ឈើ ឬម្លប់ផ្សេងៗ រហូតដល់រយៈពេល២ថ្ងៃ ទើបយកទឹកនោមមនុស្ស ឬសត្វ(គោ) ដាក់ចូលក្នុងពាងផ្អាប់នោះដោយទុករយៈពេល ១៥ថ្ងៃ ទើបអាចយកទៅប្រើប្រាស់លើដំណាំបាន។ ក្នុងរយៈពេលរក្សាទុកនេះគាត់បើកគំរបពាងកូរ២ថ្ងៃម្តង ដើម្បីឲ្យជីឆាប់កាច់។
៤. ការប្រើប្រាស់
ក្នុងការប្រើប្រាស់គាត់បានយកទឹកជីមួយកំប៉ុងអង្ករលាយជាមួយទឹកធម្មតា១០លីត្រ ស្រោចរយៈពេល ៣ថ្ងៃ ម្តងដោយប្រើធុងផ្កាឈូក។ក្រោយពីស្រោចទឹកជីនេះភ្លាម គាត់ស្រោចទឹកធម្មតាពីលើមួយសារទៀត។ ធ្វើដូចនេះ ដើម្បីកុំឲ្យដំណាំរលួយបណ្តូល ដោយសារទឹកជីដក់ជាប់បណ្តូល។ ជីទឹកនេះ គាត់ប្រើស្រោចលើដំណាំ ស្ពៃគ្រប់ប្រភេទ ជីគ្រប់មុខ ម្រះ ននោង សណ្តែក។ល។
៥. ចំណាប់អារម្មណ៍
ក្រោយពេលគាត់ប្រើទឹកជីនេះមួយរយៈមក ឃើញថា ដំណាំដុះលូតលាស់ប្លែកពីធម្មតា ស្លឹកធំ ដើមរឹងមាំ ស្លឹកប្រែពីពណ៌លឿងមកបៃតង រីឯការលូតលាស់មានសន្ទុះលឿនមិនក្រិន ហើយមិនសូវមានសត្វល្អិតបំផ្លាញច្រើន ហើយបន្លែក៏មានរសជាតិឆ្ងាញ់ជាង បើប្រៀបធៀបទៅការមិនបានស្រោចជីទឹក។បទពិសោធន៍នេះ គាត់បានផ្សព្វផ្សាយដល់់កសិករជាច្រើននៅក្នុងភូមិរបស់គាត់ ហើយក៏ទទួលបានលទ្ធផលល្អដូចជារូបគាត់ដែរ៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)