លោក ប៉ោ សេដ្ឋា បង្ហាញវិធីធ្វើក្រូចឆ្មារង៉ាំង៉ូវដោយប្រើអំបិល

ផ្លែក្រូចឆ្មារក្រៅពីប្រើធ្វើម្ជូរសម្រាប់ម្ហូបអាហារ គេក៏អាចកែច្នៃធ្វើក្រូចង៉ាំង៉ូវ (ជ្រក់ក្រូច) បាន​យ៉ាង​ឆ្ងាញ់​ពិសា។ ក្រូចង៉ាំង៉ូវ គេអាចប្រើធ្វើជាភេសជ្ជៈដោយលាយជាមួយស្ករសនិងទឹកកក ឬជ្រក់ស្ងោរមាន់-ទា ស្ងោរជើងជ្រូក…។​ លោក ប៉ោ សេដ្ឋា  បានចេះពីរបៀបធ្វើក្រូចង៉ាំង៉ូវដ៏សាមញ្ញ ចំណាយអស់តិចនេះ​ពីអ្នកធ្វើការងារជា​មួយគ្នា ហើយលោកបង្ហាញពីរបៀបធ្វើដូចខាងក្រោម។

១. ធាតុផ្សំ

  • ផ្លែក្រូចឆ្មារចាស់ខ្លាំង ដែលដាំតាមគោលការណ៍ធម្មជាតិ (យកផ្លែក្រូចឆ្មារខ្ចីមកធ្វើក្រូចង៉ាំង៉ូវ គឺវាមានជាតិហាង ល្វីង ប្រហាត)
  • អំបិលក្រួស ឬម៉ដ្ឋធម្មជាតិ (អំបិលគ្មានជាតិអ៊ីយ៉ូត)។

២. របៀបធ្វើ

  • លាងក្រូចឆ្មារឲ្យស្អាត រួចសំដិលវាឲ្យស្ងួត
  • ដាក់អំបិលក្រួស ឬម៉ដ្ឋទ្រាប់បាតកែវកំរាស់ប្រហែល ១ស.ម.
  • ដាក់ផ្លែក្រូចឆ្មារចូលកែវនោះកុំឲ្យពេញ​ (សល់ប្រហែល៤ស.ម.ទើបពេញ) ហើយដាក់អំបិលចូលទៀតឲ្យលើសអំបិលទ្រាប់​បាតកន្លះ (ឧទាហរណ៍ អំបិលទ្រាំបាត៣វែងសម្ល=កំរាស់១ស.ម. គឺយើងត្រូវដាក់ ៤,៥វែក) ដោយឲ្យអំបិលខ្លះទើរនៅពីលើផ្លែក្រូចឆ្មារខាងលើគេ
  • យកគំរបគ្របឲ្យជិត រួចយកកែវនោះទៅដាក់នៅកន្លែងណាមានពន្លឺថ្ងៃខ្លាំង មានសុវត្ថិភាព ទាំងយប់ទាំងថ្ងៃរយៈពេល​៤-៥ខែ (យកល្អធ្វើនៅខែប្រាំង) សង្កេតមើលទឹកចេញមកឡើងពណ៌ក្រហមក្រមៅ ទើបយកកែវនោះមកទុកក្នុងផ្ទះ និងប្រើប្រាស់ធ្វើ​ម្ហូបនិងភេសជ្ជៈបានហើយ។

៣. កត់សម្គាល់

ទំរង់របស់ក្រូចង៉ាំង៉ូវភាគច្រើនគឺមិននៅមូលល្អទេ វាផតកំពៀច ដោយសារទឹកនៅក្នុងផ្លែក្រូចឆ្មារនោះនៅពេលដាក់ហាលថ្ងៃវាភាយចេញមកក្រៅ (ស្ថិតនៅក្នុងកែវដដែល) បណ្តាលឲ្យផ្លែក្រូចនោះផតកំពៀច។ ការធ្វើក្រូចង៉ាំង៉ូវតាមវិធីនេះ គឺទុកបានយូរឆ្នាំ (ទុកយូរកាន់តែល្អ) សាច់ក្រូចង៉ាំង៉ូវពណ៌ក្រហមក្រមៅ​ ឈ្ងុយឆ្ងាញ់ ហើយទឹករបស់វានៅក្នុងកែវក៏ប្រើបានដែរ។

យើងគួររំលែកក្រូចង៉ាំង៉ូវពីកែវធំដាក់ទៅកែវតូចសំរាប់ប្រើប្រចាំថ្ងៃ ចំពោះកែវធំនោះត្រូវគ្របឲ្យជិតដាក់នៅកន្លែងមានសុវត្ថិភាព។ ពេលរំលែក និងដួសយកទៅប្រើ គឺត្រូវប្រើវែកស្ងួត (បើមានទឹកធ្វើឲ្យដុះផ្សិតឆាប់ខូច)៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)