លោក ប៉ោ សេដ្ឋា «សំណល់ផ្ទះបាយ អាចចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារបានយ៉ាងងាយ»
ត្រីអណ្តែង គឺជាត្រីមួយប្រភេទងាយស្រួលចិញ្ចឹម ពីព្រោះវាធុននឹងជំងឺ បរិស្ថាន និងស៊ីចំណីមិនសូវរើស។ លោក ប៉ោ សេដ្ឋា ជាអ្នកចិញ្ចឹមត្រីអណ្តែងក្នុងអាងតង់កៅស៊ូ នៅក្នុងផ្ទះល្វែងវីឡាកូនកាត់ នារាជធានីភ្នំពេញ ដោយយកកាកសំណល់ផ្ទះបាយធ្វើជាចំណីត្រី បានផ្តល់នូវបទពិសោធន៍ចិញ្ចឹមត្រីអណ្តែងជាក់ស្តែងមួយចំនួនដូចខាងក្រោម។
១. ទីតាំង និងអាងតង់កៅស៊ូ
ទីតាំងចិញ្ចឹមស្ថិតនៅផ្នែកខាងក្រោយផ្ទះ ពោលគឺជាប់នឹងបង្អួចដែលនៅក្បែរតុបាយ គ្រាន់តែខណ្ឌដោយជញ្ជាំងប៉ុណ្ណោះ ហើយមានប្រភពទឹក (ទឹកស្អាត)។ លោក ប៉ោ សេដ្ឋា បានផ្តល់យោបល់ថា បើទីតាំងស្ថិតនៅឆ្ងាយបន្តិចពីតុបាយគឺកាន់តែល្អ។
អាងកៅស៊ូតង់ គឺស៊ុមអាងធ្វើពីទុយយោទឹកជ័រ (PVC) ដែលទុយយោនោះទំហំប៉ិនកដៃ ដោយមានរនាមឫស្សីចងស្រាក់បន្ថែមដើម្បីឲ្យមាំទប់នឹងសំពាធទឹក។ តង់កៅស៊ូដេរអ៊ុតទំហំ បណ្តោ២,៥ម៉ែត្រ ទទឹង០,៩ម៉ែត្រ ជំរៅ០,៨ម៉ែត្រ មានចោះកងផ្នែកជាយខាងលើដើម្បីចងស្រាក់ជាប់នឹងស៊ុម PVC ។ ផ្នែកខាងលើណាមួយនៃតង់កៅស៊ូត្រូវចោះរន្ធតូចៗកឹបកងចំនួន៥ (រន្ធនេះគួរចោះឃ្លាតពីមាត់លើចុះក្រោមចំងាយ២តឹក និងដាក់សំណាញ់បាំងកុំឲ្យកូនត្រីចេញបាននៅពេលទឹកឡើងដល់) សំរាប់ឲ្យទឹកហូរចេញក្នុងករណីយើងបូមទឹកដាក់ហើយភ្លេចបិទ ឬទឹកភ្លៀងស្រក់ចូល និងត្រូវមានរន្ធបិទបើកបាននៅផ្នែកខាងក្រោមងាយស្រួលបង្ហូរទឹកចេញ។ រន្ធទាំងខាងលើនិងក្រោមនេះ ត្រូវចោះកន្លែងណាដែលទឹកហូរចេញមកក្រៅត្រូវនឹងទិសដែលយើងចង់បានឲ្យវាហូរ។ ចំណែកកូនត្រីអណ្តែងដាក់ចិញ្ចឹមមានចំនួន៣០០ក្បាល។
២. ចំណាត់ថ្នាក់ចំណីដែលត្រីអណ្តែងចូលចិត្តស៊ី
ល.រ. | ឈ្មោះចំណី | ចំណាត់ថ្នាក់ចំណីដែលត្រីអណ្តែងចូលចិត្តស៊ី | ||
មធ្យម | បង្គួរ | ណាស់ | ||
០១ | ពោះត្រី កង្កែប… | ណាស់ | ||
០២ | ជ្រក់បន្លែ | បង្គួរ | ||
០៣ | បន្លែឆ្អិន (សល់ពីសម្ល ឆា) | ណាស់ | ||
០៤ | នំបុ័ងដើម | បង្គួរ | ||
០៥ | នំបុ័ងបន្ទះ (នំបុ័ងសាំងវិច) | ណាស់ | ||
០៦ | នំប៉ាវ | ណាស់ | ||
០៧ | នំពងទា | ណាស់ | ||
០៨ | ពងទាចៀន | ណាស់ | ||
០៩ | ត្រីអាំង (សាច់ និងស្បែក) | ណាស់ | ||
១០ | សាច់ជ្រូក គោ ត្រី… (ចៀន) | ណាស់ | ||
១១ | ត្រឡនតនអាំង ចៀន | ណាស់ | ||
១២ | ស្បែកជ្រូកឆ្អិន | ណាស់ | ||
១៣ | ជ្រក់ត្រចៀកជ្រូក | ណាស់ | ||
១៤ | ជ្រក់ស្ពៃកំប៉ុង | ណាស់ | ||
១៥ | សំណល់ត្រឡាច (សល់ពីសម្លត្រឡាច) | ណាស់ | ||
១៦ | ត្រយូងចេកឆ្អិន (សល់ពីសម្លម្ជូរត្រយូងចេក) | ណាស់ | ||
១៧ | សំបកដើមចេកឆ្អិន (សល់ពីសម្លម្ជូរដើមចេក) | ណាស់ | ||
១៨ | ស្លឹកស្អំខ្ចី | បង្គួរ | ||
១៩ | ត្រកួន (កាត់តូចៗ) | បង្គួរ | ||
២០ | ជន្លង់ (កាត់តូចៗ) | មធ្យម | ||
២១ | ស្ពៃខ្មៅ | មធ្យម | ||
២២ | ស្ពៃក្រញាញ់ (កាត់តូចៗ) | មធ្យម | ||
២៣ | ស្រមោច | ណាស់ | ||
២៤ | អង្រ្កង | ណាស់ | ||
២៥ | ជន្លេន | ណាស់ | ||
២៦ | សត្វល្អិតគ្រប់ប្រភេទ | ណាស់ | ||
២៧ | កំពឹសឆ្អិន | ណាស់ | ||
២៨ | បាយស | មធ្យម | ||
២៩ | បាយស លាយជាមួយទឹកខផ្សេងៗ | បង្គួរ | ||
៣០ | បាយឆា | ណាស់ | ||
៣១ | មីឆា | ណាស់ | ||
៣២ | លតឆា | ណាស់ | ||
៣៣ | គុយទាវ | ណាស់ | ||
៣៤ | បាញ់ឆេវ | បង្គួរ | ||
៣៥ | ជីត្រចៀកជ្រូក | មធ្យម | ||
៣៦ | ស្លឹកបាស | មធ្យម | ||
៣៧ | កំប្លោក (កាត់តូចៗ) | មធ្យម | ||
៣៨ | ពោតលីង | បង្គួរ | ||
៣៩ | សាច់ផ្លែឪឡឹកទុំ | បង្គួរ | ||
៤០ | សាច់ផ្លែស្វាយទុំ | បង្គួរ | ||
៤១ | សាច់ផ្លែល្ហុងទុំ | មធ្យម | ||
៤២ | ចំណីគ្រាប់ (លក់នៅផ្សារ) | បង្គួរ | ||
៤៣ | ស្លឹកទន្ទ្រានខែត្រ | មធ្យម | ||
៤៤ | ផ្លែប៉ោម | មធ្យម | ||
៤៥ | ស្លឹកម្រុំ | បង្គួរ | ||
៤៦ | ផ្សិតផ្ចាក់ឆ្អិន (សល់ពីសម្លម្សៅផ្ចាក់) | បង្គួរ | ||
៤៧ | ផ្លែត្រសក់ (ចិតជាចំណិតតូចៗ) | បង្គួរ | ||
៤៨ | ស្លឹក និងដើមឆាយា (យកល្អគួរចំអិន) | បង្គួរ | ||
៤៩ | ស្លឹកជន្លង់ (អាន់ឲ្យតូចៗ) | មធ្យម | ||
៥០ | សាច់ផ្លែដូង (ហាន់ឲ្យតូចៗ) | បង្គួរ | ||
៥១ | ផ្កាស្នោ | បង្គួរ | ||
៥២ | ម៉ាំល្ហុង | មធ្យម | ||
៥៣ | សាច់ផ្លែស្រកានាគទុំ | មធ្យម | ||
៥៤ | ផ្លែននោង (ហាន់តូចៗ) | បង្គួរ | ||
៥៥ | ជីនាងវង | មធ្យម |
៣. ការថែទាំ និងការប្រមូលផល
- ឧស្សាហ៍ប្តូរទឹក បើមិនងាយប្តូរទេវាជះក្លិនមិនល្អ ពិសេសអាង ឬរណ្តៅចិញ្ចឹមត្រីនៅជិតផ្ទះ (កន្លែងហូបបាយ កន្លែងសំរាក កន្លែងដេក…) និងប៉ះពាល់ដល់សុខភាពត្រី។
- ពេលដាក់ចំណីគឺត្រីដណ្តើមគ្នាស៊ី ដូច្នេះត្រូវយកឆ្អឹងឬវត្ថុរឹងចេញ បើពុំនោះទេត្រីនឹងស៊ី ហើយអាចនឹងងាប់ជាមិនខាន។
- កុំដាក់ចំណីច្រើនពេក (ដាក់ល្មមត្រីស៊ីអស់) ពីព្រោះបើចំណីនៅសល់នាំឲ្យខូចគុណភាពទឹក និងប៉ះពាល់ ដល់សុខភាពត្រី។
- ចំណីណាមានខ្លាញ់ច្រើន គួរលាងខ្លាញ់ចេញចាំដាក់ឲ្យត្រីស៊ី។ ធ្វើដូចនេះដើម្បីកុំឲ្យទឹកកង្វក់។
- ចំណីខ្លះដាក់ទៅគឺត្រីមិនស៊ីភ្លាមទេ ប៉ុន្តែនៅពេលវាឃ្លាន វាពិតជាស៊ីមិនខានឡើយ។
- ចំណីដែលរៀបរាប់ក្នុងតារាងខាងលើ គឺសុទ្ធតែកាកសំណល់ផ្ទះបាយ។ សំណល់ណាដែលខូចគុណភាពខ្លាំងពេក គួរកុំដាក់ឲ្យត្រីស៊ី ពីព្រោះវាអាចនាំឲ្យប៉ះពាល់ដល់សុខភាពត្រី។
- ចិញ្ចឹមបានរយៈពេល៣ខែ អាចចាប់បរិភោគបានជាបណ្ដើរៗ (ត្រូវចាប់ត្រីណាធំពេកជាងគេ ដើម្បីកុំឲ្យវារំខាន ឬស៊ីត្រីតូចៗគ្នាវា)។
៤. យោបល់របស់លោក ប៉ោ សេដ្ឋា
- មានទីតាំងសមស្រប និងទឹកគ្រប់គ្រាន់ គួរចិញ្ចឹមត្រីអណ្តែង ដែលនាំឲ្យយើងសប្បាយនឹងការចិញ្ចឹម មានបទពិសោធន៍ និងចំណេះដឹង រួចចែកចាយទៅអ្នកជិតខាង និងក្មេងជំនាន់ក្រោយ។
- បើមានបច្ចេកទេសបូមទឹកចេញពីអាងដោយប្រើសំពាធទឹក ឬខ្យល់ រួចបន្សុទ្ធទឹកទំលាក់ចូលមកក្នុងអាងវិញ ដោយមិនចំណាយលុយប្រចាំខែ ឬចំណាយលុយតិចគឺកាន់តែប្រសើរ ពីព្រោះវាមិនអស់ថ្លៃភ្លើង អគ្គិសនី និងថ្លៃទឹក។
- បើបងប្អូនចេះច្នៃធ្វើអាងចិញ្ចឹមត្រីយ៉ាងណាអស់តម្លៃថោក គឺកាន់តែប្រសើរ។
- ចំណី សាច់ បន្លែ…ដែលមិនបានរៀបរាប់ក្នុងតារាងខាងលើ ខ្ញុំជឿថាត្រីអណ្តែងក៏ស៊ីដែរ គឺគ្រាន់តែស៊ីតិចឬច្រើនប៉ុណ្ណោះ។
- ប្រជាពលរដ្ឋខ្មែរជាង៩០% កាន់ព្រះពុទ្ធសាសនា ដូច្នេះពេលចូលវ័យចាស់ និងក៏មានក្មេងខ្លះមិនហ៊ានចិញ្ចឹមសត្វ ពិសេសសម្លាប់សត្វសម្រាប់បរិភោគឡើយដោយខ្លាចបាបកម្ម។ គួរកុំគិតរឿងបុណ្យបាបក្នុងករណីនេះពេក។ ចិញ្ចឹមបានត្រីធម្មជាតិហូបមិនប៉ះពាល់សុខភាព និងហូបត្រីប៉ះពាល់សុខភាព (ដោយជឿបុណ្យបាប) តើជ្រើសរើសយកមួយណា? រឿងសុខភាព និងបច្ចុប្បន្នភាព គឺជារឿងសំខាន់បំផុត៕
រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)