ការជ្រើសរើស និងទុកដាក់ពូជស្រូវឲ្យបានល្អសំរាប់រដូវក្រោយ (បណ្ឌិត យ៉ង សាំងកុមារ)

នៅប្រទេសកម្ពុជាយើង មានអ្នកចិញ្ចឹមជីវិតដោយមានមុខងារជាអ្នកធ្វើស្រែជាង ១លានគ្រួសារ។ គោល​បំណង​របស់អ្នកធ្វើស្រែ គឺធ្វើយ៉ាងណាឲ្យបានផលស្រូវច្រើន និងលក់ស្រូវបានថ្លៃ។ ដើម្បីសំរេចនូវ​គោល​បំណងនេះមានកត្តា និងវិធានការណ៍ជាច្រើន ដែលត្រូវយកចិត្តទុកដាក់ ក្នុងនោះការមានពូជសុទ្ធល្អ​សំរាប់​ដាំ​ជាកត្តាសំខាន់បំផុតមួយ។ នៅពេលនេះ បណ្ឌិត យ៉ង សាំងកុមារ សូមធ្វើការផ្តល់​យោបល់មួយ​ចំនួនដល់កសិករជាអ្នកផលិតស្រូវទាក់ទងនឹងការជ្រើសរើសពូជសុទ្ធល្អសំរាប់ការបង្កើនផលស្រូវបន្ថែមនៅរដូវក្រោយ។ ដើម្បីទទួលបានពូជស្រូវសុទ្ធល្អ យើងគួរអនុវត្តដូចខាងក្រោមនេះ៖

  • ជ្រើសរើសកន្លែងណាដែលលូតលាស់ល្អសំរាប់ច្រូតទុកធ្វើពូជ
  • រើសយកកួរមិនសុទ្ធល្អ និងកួរខ្លីចេញដោយសំរាំងទុកតែកួរដែលវែងហើយសុទ្ធល្អ។ យកល្អមែន​ទែន​​កួរស្រូវដែលរើសបានហើយ ត្រូវប្រលេះយកសស្មែងខាងលើ និងស្មែងខាងក្រោមចេញដោយ​ទុក​ស្មែងកណ្តាល
  • យកកួរដែលរើសបានមកប្រលេះ ឬបែននឹងជើងដើម្បីយកគ្រាប់ទុកធ្វើពូជ។ យកល្អមែនទែនគេគួរ​ធ្វើការប្រលះ ឬឈ្លីដោយដៃ ជៀសវាងបោកដោយដៃ និងការបោកដោយម៉ាស៊ីន
  • យកគ្រាប់ពូជស្រូវទៅហាលឲ្យស្ងួត ហើយរក្សាទុកឲ្យបានល្អ​តែគួរឧស្សាហ៍យកវាមកហាល​ដើម្បី​រក្សានូវភាពស្ងួតឲ្យបានល្អ។

កិច្ចការខាងលើនេះ តាមពិតវាតម្រូវឲ្យយើងចំណាយកម្លាំងថែមបន្តិច ក៏ប៉ុន្តែ​ការចំណាយនេះវានឹង​នាំ​មកនូវផលចំណេញជាច្រើនដល់កសិករនៅរដូវក្រោយ ដោយ​ផលស្រូវអាចកើនឡើងប្រហែល ២០% ហើយស្រូវដែលសុទ្ធល្អអាចលក់បានថ្លៃ។ ដើម្បីឲ្យច្បាស់ថា ការចំណាយបន្ថែមអស់ប៉ុន្មាន យើងត្រូវធ្វើការ​កត់​ត្រានូវពេលវេលា និងកម្លាំងពលកម្មសំរាប់រើសកួរនិងប្រលេះ ឬបែនគ្រាប់ស្រូវទុកពូជ។តាមបទ​ពិសោធន៍​កន្លងមក គេត្រូវការមនុស្សតែ២នាក់ គឺអាចរើសកួរស្រូវអាចទុកពូជបានគ្រប់គ្រាន់​លើដី១ហិចតា (ស្រែស្ទូង) ដោយប្រើពេល ១ថ្ងៃ។ ដោយគិតជាការចំណាយប្រហែលអស់ ៤០.០០០ ទៅ ៥០.០០០រៀល តែផល​ស្រូវ​កើនបានច្រើនរយគីឡូក្រាមក្នុង ១ហិចតា ឬរាប់សែនរៀលពីការប្រើពូជសុទ្ធល្អ។ ម៉្យាងវិញ​ទៀត​​ការ​មាន​ពូជសុទ្ធល្អ ក៏ធ្វើឲ្យកសិករងាយស្រួលក្នុងការលក់ស្រូវដែរ៕

អត្ថបទ បណ្ឌិត យ៉ង សាំងកុមារ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)