បទពិសោធន៍ធ្វើស្រូវ ប.វ.ស. (កសិករ សុក អ៊ា)
កសិករឈ្មោះ សុក អ៊ា ភេទប្រុស មានអាយុ៤៦ឆ្នាំ មានសមាជិកក្នុងគ្រួសារ៤នាក់ មានទីលំនៅបច្ចុប្បន្ននៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ គាត់បានធ្វើស្រែ ប.វ.ស. លើផ្ទៃដីចំនួន ៤០អារ ដោយប្រើពូជស្រូវផ្ការំដួល។ មូលហេតុដែលគាត់ចាប់យកបច្ចេកទេសស្ទូងស្រូវមួយដើម (ប.វ.ស.)នេះ ព្រោះគាត់ទទួលបានទិន្នផលខ្ពស់ជាងធ្វើស្រែធម្មតា។ ចំពោះដំណើរការនៃការធ្វើស្រូវនេះមានបង្ហាញជូនដូច ខាងក្រោម៖
១. ការជ្រើសរើសគ្រាប់
ការជ្រើសរើសគ្រាប់ពូជស្រូវផ្ការំដួលនេះ លោកពូ អ៊ា បានរើសយកគ្រាប់ស្រូវពេញ ថ្លោសល្អចំនួន ១១គីឡូក្រាម។ គ្រាប់ស្រូវនោះគាត់បានបែនហាល និងរក្សាទុកបានយ៉ាងត្រឹមត្រូវនៅក្នុងថង់ស្បៃ។
២. ការសំអាតគ្រាប់
មុននឹងគាត់យកគ្រាប់ទៅសាបលើថ្នាល គាត់បានយកគ្រាប់ទៅលាងសំអាត បន្ទាប់មកដាក់ត្រាំក្នុងធុងជាមួយថ្នាំពុលធម្មជាតិ (សំបកស្តៅ) រយៈពេល១យប់ បន្ទាប់មកទៀតគាត់បានផ្អាប់ស្រូវនោះរយៈពេល២៤ម៉ោង។
៣. ការរៀបចំថ្នាល
ថ្នាលដែលគាត់នឹងសាបស្រូវត្រូវបានភ្ជួររាស់ចោល១០ថ្ងៃដើម្បីឲ្យងាប់ស្មៅ បន្ទាប់មកភ្ជួររាស់រើសស្មៅចង្រៃចោល បាចជីកាកឡជីវឧស្ម័នទ្រាប់បាត និងរៀបចំថ្នាលជារងសាបគ្រាប់ស្រូវ រួចបាចលើរងស្តើងៗ ហើយធ្វើការស្រោចទឹករយៈពេល៣ថ្ងៃដំបូងគ្របស្លឹកឈើ បន្ទាប់មកយកស្លឹកឈើចេញ និងបន្តស្រោចទឹករហូតសំណាបអាយុ ១៥ថ្ងៃ។
- ការរៀបចំដីសំរាប់ស្ទូង
ចំពោះស្រែដែលត្រូវស្ទូង គាត់ធ្វើការភ្ជួររាស់ដីចោលរយៈពេល១០ថ្ងៃ ដើម្បីឲ្យងាប់ស្មៅ និងជីបានល្អ។ បន្ថែមពីនោះគាត់បានព្រោះសណ្តែកខៀវចំនួន១៥គីឡូក្រាមដើម្បីធ្វើជីស្រស់ និងបានបន្ថែមកាកឡឧស្ម័នព្រមទាំងស្លឹកឈើផ្សេងៗចំនួន ៥០០គីឡូក្រាម ទៀត។
- ការសន្សំជីធម្មជាតិ
ការសន្សំជីធម្មជាតិនេះគឺ លោកពូ សុក អ៊ា បានរៀបចំធ្វើរោងសំរាប់រក្សាជី។ ប្រភពជីធម្មជាតិទាំងនោះបានមកពី កាកសំណល់ផ្ទះបាយ ស្លឹកឈើកំទេចកំទីជុំវិញផ្ទះ និងកាកឡជីវឧស្ម័ន។
- សកម្មភាពបច្ចេកទេសដកស្ទូង
សំណាបមានអាយុ១៥ថ្ងៃ គាត់បានដកយកទៅស្ទូង ដោយធ្វើតាមបច្ចេកទេស ប.វ.ស. ដូចជា៖
ការរៀបចំស្ទូង
គាត់បានយកខ្សែគោសំរាប់វាស់ធ្វើជាជួរ ឬបន្ទាត់ ដោយបានកំណត់ប្រវែង៣តឹកពីគុម្ភមួយទៅគុម្ភមួយទៀត។ ដកសំណាបយកតែដើមថ្លោសៗ ដាក់ក្នុងកាធុនស្នោ ដោយដកភ្លាមស្ទូងភ្លាម។ ស្ទូង១ដើមក្នុងមួយគុម្ព ស្ទូងជាជួរ គំលាតពីគុម្ពមួយទៅគុម្ពមួយប្រវែង ៣តឹកស្មើគ្នា។ ក្រោយពីស្ទូងបានរយៈពេល១៤ថ្ងៃ គាត់បានធ្វើការបញ្ចូលទឹកថ្មីបន្ថែមទៅក្នុងស្រែ ហើយបាចជីធម្មជាតិចំនួន ៦០០គីឡូក្រាម។ នៅពេលស្រូវចាប់ផ្តើមបែកគុម្ភ លោកពូ សុក អ៊ា បានធ្វើការបាចជីនេះបន្ថែមទៀត។
ការគ្រប់គ្រងទឹក
ចំណែកទឹកវិញ គាត់ពុំមានការពិបាក ឬខ្វះទឹកប្រើប្រាស់ទេ ព្រោះវាជារដូវវស្សាមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ ម្យ៉ាងទៀតស្រែរបស់គាត់នៅក្បែរប្រឡាយ។
ការថែទាំ (ដកស្មៅ ដាក់ជី)
ស្រូវរបស់គាត់ពុំសូវមានបញ្ហាស្មៅប៉ុន្មានទេ ព្រោះគាត់បានធ្វើការដកស្មៅចង្រៃនិងសំលាប់សត្វ ដែលបំផ្លាញស្រូវគាត់ដូចជាខ្យង ក្តាម ព្រមទាំងដាក់ជីកាកឡជីវឧស្ម័នជាប្រចាំ។
បច្ចេកទេសប្រមូលផល
ការប្រមូលផលនេះគាត់បានច្រូតដោយដៃ និងបោកដោយម៉ាស៊ីន ចំណែកស្រូវដែលគាត់សំរាប់ទុកធ្វើពូជ លោកពូបានរើស យកកួរណាដែលមានគ្រាប់ពេញថ្លោសល្អ ដោយកាត់ចោលនៅត្រង់កួរស្រកីលើ និងស្រកីក្រោម ហើយបែនហាលច្រកទុកក្នុងស្មុក ឬថង់ស្បៃ។
ប្រៀបធៀបទិន្នផល និងផលចំណេញរវាងការធ្វើស្រែតាមទំលាប និងស្រែ ប.វ.ស.
ពូក៏មានប្រសាសន៍បន្តថា ការធ្វើស្រែតាមរបៀបទាំងពីរនេះ គឺខុសគ្នាឆ្ងាយគួរសមព្រោះ៖
ការធ្វើស្រែតាមទំលាប់គឺ | ការធ្វើស្រែតាមបច្ចេកទេស ប.វ.ស. |
|
|
ចំណូលចំណាយ
តាមទំលាប់ | តាម ប.វ.ស. | |
ចំណាយ | ៤០០.០០០រៀល | ៣០០.០០០រៀល |
ចំណូល(លក់ស្រូវ) | ៥៦៥.៣០០រៀស | ៥៧៨.៦០០រៀល |
ចំណេញ | ១៦៥.៣០០រៀល | ២៧៨.៦០០រៀល |
ចំណាប់អារម្មណ៍
ក្រោយពីបានប្រមូលផលរួច និងទទួលបានទិន្នផលខ្ពស់ពីស្រូវ ប.វ.ស. លោកពូ សុក អ៊ា មានការសប្បាយចិត្តយ៉ាងខ្លាំង ហើយឆ្នាំក្រោយៗ គាត់សន្យាថានឹងបន្តធ្វើស្រែ ប.វ.ស. ព្រមទាំងផ្សព្វផ្សាយឲ្យកសិករផ្សេងទៀតបានដឹង និងអនុវត្តធ្វើស្រែប.វ.ស. ដូចគាត់៕
ប្រភពពី ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
Source: ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)