ចំណុចណែនាំមួយចំនួនទាក់ទងការដាំ និងថែទាំស្ត្រប៊ែរី
សហគមន៍សម្បូរសប្បាយ មានផលិតកូនស្រ្តប៊ែរីសម្រាប់បែងចែកជូនលោកអ្នកដាំយកទៅដាំបន្ត។ យើងសូមធ្វើការណែនាំចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោមនេះទាក់ទងការដាំដុះនិងថែទាំ:
១. ស្ត្រប៊ែរី ជាដំណាំត្រូវការអាកាសធាតុត្រជាក់ ដូចនេះលោកអ្នកត្រូវដាំដោយប្រើស្បៃ ដើម្បីជួយកាត់បន្ថយកម្តៅ ដោយមានពន្លឺចូលបានខ្លះដែរ។ សូមកុំដាំក្នុងម្លប់ដើមឈើ ឬម្លប់ដែលមានដំបូលជិត ដែលអត់មានពន្លឺចូល។ ស្ត្រប៊ែរីត្រូវការសីតុណ្ហភាពចន្លោះពី១០ដល់ ២៧ អង្សារសេ។
២. ស្ត្រប៊ែរី ត្រូវការដីល្អ សម្បូរជីធម្មជាតិ យកល្អដីផុសជម្រៅ៣តឹក។ បើប្រើដីទន្លេដែលមានជាតិស្អិតខ្លាំង គួរលាយជាមួយដីល្បាយខ្សាច់ថែម ឬលាយធ្យូងអង្កាមល្អ។
៣. ដាំដាក់ថូ ឬ ដាក់សំបកកង់ឡាន ឬ ដាក់ក្នុងកេះ ឬ ដាក់ក្នុងថង់ធំ អាចល្អជាង ឬ ប្រើរងឥដ្ឋ ឬ រងប្រើបន្ទះក្តារ។
៤. ស្រោចទឹកឱ្យសើមបានល្អ តែជៀសវាងកុំឱ្យជាំទឹក។
៥. បេះស្លឹកទុំៗ ឬ ស្លឹកដែលមិនល្អចោលការពារកុំឱ្យឆ្លងជំងឺ។
៦. ប្រើជីកំប៉ុស្តទឹក កំប៉ុស្តគោក និងថ្នាំពុលធម្មជាតិ ជួយបន្ថែមដល់ការលូតលាស់។
៧. លោកអ្នកអាចបំបែកពូជតាមរយៈទងរបស់វាបាន តែការផ្លែផ្កានឹងថយចុះ។
៨. ស្ត្រប៊ែរី ពូជរបស់យើងអាចផ្លែគ្រប់រដូវ តែផ្លែច្រើនចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ។
ដោយបណ្ឌិត យ៉ង សាំង កុមារ
The post ចំណុចណែនាំមួយចំនួនទាក់ទងការដាំ និងថែទាំស្ត្រប៊ែរី appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)