ដំណាំស្រកានាគ
ស្រកានាគ គឺជាដំណាំហូបផ្លែមួយប្រភេទដែលកំពុងពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ ដែលសន្ទុះនៃការបរិភោគ និងការដាំបានកើនឡើងយ៉ាងផុសផុលគួរឱ្យកត់សម្គាល់។
អំពីដំណាំស្រកានាគ
- ដំណាំស្រកានាគមានប្រភពមកពីទ្វីបអាមេរិកកណ្តាល និងខាងត្បូង។
- ជាដំណាំវាងឡើងលើ(ទ្រើង ឬដើមឈើ)
- មានអាយុឱ្យផលអាចរហូតដល់ជាង២០ឆ្នាំ បើថែទាំបានល្អ
- មិនសូវរើសទឹកដី អាចដាំដុះ ទៅតាមតំបន់ណាក៏បានទូទាំងប្រទេសកម្ពុជា។ តែដីដែលមានជីជាតិល្អ និងមានជាខ្សាច់ខ្លះ ឱ្យផលច្រើនជាង។
- កម្ពស់ទឹកភ្លៀងត្រូវការទាបបំផុត ៥០០ ម.ម៉ ទៅ១៥០០ម.ម។ ស្រកានាគអាចធននឹងភាពរាំងស្ងួតបានល្អ តែបើមានទឹកគ្រប់គ្រាន់ផ្លែបានច្រើន។
- ជាប្រភេទដំណាំដែលគេនិយមដាំយកផ្លែទុំមកបរិភោគ
- ស្រកានាគបីប្រភេទសំខាន់ៗ ដែលគេនិយមដាំ
- ក្រុមសំបកផ្លែព័ណ៌ក្រហម សាច់ព័ណ៌ស
- ក្រុមសំបកផ្លែព័ណ៌ក្រហម សាច់ព័ណ៌ក្រហម ឬស្វាយ
- ក្រុមសំបកព័ណ៌លឿង សាច់ព័ណ៌ស
នៅកម្ពុជាសម្បូរក្រុមសំបកក្រហមសាច់ព័ណ៌ក្រហម និងស
ការជ្រើសរើស និងបន្តពូជ
- ដាំបានដោយប្រើគា្រប់ ឬមែក
- គេនិយមប្រមែក ព្រោះវាឆាប់បានផល
- កាត់មែកទុកកន្លែងភ្លឺ តែមានម្លប់មួយអាទិត្យសិន(ឱ្យបិទមុខកន្លែងកាត់ការពារកុំឱ្យរលួយ)។ បន្ទាប់មកយកទៅកប់ដី(ក្នុងថង់ ឬលើរង) នៅកន្លែងដែលមានពន្លឺ និងមានម្លប់ ឱ្យដុះឫសរយៈពេលរហូតដល់១ខែមក យកទៅដាំ។ កុំស្រោចទឹកច្រើនពេក ឬ កុំឱ្យជាំទឹកដែលនាំឱ្យមែកអាចរលួយ។
- យើងអាចកាត់មែកផ្សាំឫសពី២តឹកទៅ៥តឹក
- ត្រូវជ្រើសរើសពូជដែលមានផ្លែល្អ និងមានប្រភពច្បាស់លាស់ ជាពិសេស ពូជដែលចម្ការមិនមានប្រវត្តិធ្លាប់មានជំងឺ។
- បើចង់បានផលឆាប់ និងច្រើន នៅឆ្នាំដំបូងគេអាចដាំចាប់ពី៣មែក ទៅ៥មែក មួយគុម្ព និងប្រើមែកដែលមានប្រវែងជាង៥តឹក។
- ដីត្រូវផុសល្អ ដោយចាប់ផ្តើមពីការបំផុសដីជុំវិញបង្គោលដែលត្រូវដាំទំហំ៣តឹក(០.៣ម២) និងជម្រៅ ២ ទៅ៣តឹក
- ការដាំ និងថែទាំនៅឆ្នាំដំបូង ប្រើបង្គោល ដែលមានកម្ពស់២ម៉ែត្រ ទៅ ២ម៉ែត្រកន្លះ បង្គោលឈ(គ្រាក់) ឬស៊ីម៉ងតិ៍។ល។
- យកមែកជាផ្សាំឫស ហើយទៅដាំ។ ពេលដាំយកល្អចងមែកជាប់ទៅនឹងបង្គោលឱ្យហើយ។
- ចង់មែកដែលលួតលាស់ដោយតម្រង់ឱ្យឡើងទៅលើត្រង់។ កាត់មែកដែលដុះសងខាងចេញដោយទុកតែត្រង់ទៅលើល្អមួយមែក
- ពេលដើមលូតទៅដល់ខាងលើបំផុត កាត់វាឱ្យបែកមែកខាងឱ្យបានច្រើន
- ប្រើសំបកកង់ម៉ូតូ ឬឧបករណ៍ផ្សេងៗទៀត ដើម្បីជួយទ្រមែកឱ្យបែកបានច្រើននៅខាងលើ។
ផ្កា និងការកកើតផ្លែ
- ស្រកានាគផ្កាប្រកាន់រដូវ គឺចេញផ្កានៅខែមេសា ដល់ខែតុលា។
- ចេញផ្កា ឬផ្កាបើកដើម្បីឱ្យកកើតផ្លែ នៅពេលយប់ហើយមានរយៈពេលតែមួយយប់ទេ គឺចប់នៅម៉ោង៩ព្រឹក។
- ការពាំលំអង ដោយសត្វ (ឃ្មុំ…) និងការជួយបន្ថែមពីអ្នកដាំនាំឱ្យមានផ្លែបានល្អ។
- ពេលភ្លៀងខ្លាំងនៅពេលយប់ក៏អាចរំខានដល់ការកកើតផ្លែ (មានពូជដែលអាចធន់បានដែរ)
- ចាប់ពីការចេញផ្កាដល់ផ្លែទុំ មានរយៈពេល៣០ ទៅ ៣៥ថ្ងៃ។
ការថែទាំ ដើម្បីឱ្យផ្លែបានច្រើន និងរយៈពេលយូរ
- ចាប់ពីឆ្នាំទី៣ទៅ ស្រកានាគដែលបែកមែកខាងលើច្រើន។ ការតាក់តែងមែកនឹងជួយបង្កើនមែកដែលផ្តល់ផ្លែបានជាប់ជានិច្ច។
- ជៀសវាងការចាំងស្មៅនៅគលស្រកានាគដែលនាំឱ្យរំខានដល់ឫស។
- ពូនគលបន្ថែម ដោយប្រើដីមុខលើមានជីជាតិល្អ ប្រើជីកំប៉ុស្ត និងជាធម្មជាតិផ្សេងៗទៀត(លាមកសត្វ) យកល្អមួយខែម្តង។
- ការស្រោចស្រពបន្ថែមនៅរដូវប្រាំង និងពេលដែលរាំងស្ងួតយូរ(ចាប់ពី១អាទិត្យម្តងឡើងទៅ)អាចជួយឱ្យស្រកានាគឆាប់ផ្លែ(ខែមេសា ឬឧសភា) បន្តផ្លែបានយូរ (អាចរហូតដល់ខែវិច្ឆិកា)។
- ជៀសវាងការប្រើថ្នាំសម្លាប់ស្មៅដែលប៉ះពាល់ដល់ប្រព័ន្ធឫស និងសត្វល្អិតដែលជួយពាំលំអងផ្កា។
The post ដំណាំស្រកានាគ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)