ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា អាចកែប្រែតម្លៃទំនិញឡើងវិញ

ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ជាផ្សាររបស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ស្ថិតនៅផ្សារអូរឡាំព្យា ជ្រុងខាងជើង (ជាន់ផ្ទាល់ដី និងជាន់ទី១) បានបើកដំណើរការតាំងពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ លក់ផលិតផល និងកសិផលរបស់ខ្មែរ ដែលផលិតតាមគោលការណ៍ធម្មជាតិ។

តាមរយៈហ្វេសប៊ុក (បណ្តាញទំនាក់ទំនងសង្គម) គឺតាំងពីមុនបើកលក់ ក៏ដូចក្នុងពេលបើកលក់ទើបតែបានប៉ុន្មានថ្ងៃនេះ មានអ្នកបញ្ចេញមតិជាច្រើនបានអបបអរសាទរ ពីព្រោះបានជួយលើកកំពស់ជីវភាពកសិករ និងផលិតករខ្មែរ ក៏ដូចលើកស្ទួយសុខភាពអ្នកបរិភោគ។ ប៉ុន្តែទន្ទឹមនឹងការអបអរសាទរ សប្បាយចិត្តនេះ ពួកគេក៏មិនពេញចិត្តដែររឿងតម្លៃផលិតផល និងកសិផលដែលបានដាក់លក់នោះ គឺថ្លៃពេក ដោយពួកគេបញ្ចេញមតិថា តម្លៃខ្ពស់នេះ សម្រាប់តែអ្នកមានតែប៉ុណ្ណោះ ចំណែកអ្នកមានជីវភាពមធ្យម និងក្រីក្រ គ្មានលទ្ធភាពទិញទេ​។

តារាងខាងក្រោមនេះ គឺភ្នាក់ងារគេហទំព័រសហគមន៍សម្បូរសប្បាយ  បានទៅស្រង់យកតម្លៃលើមុខទំនិញមួយចំនួន ចំពោះទំនិញមួយចំនួនទៀតមិនទាន់បានបិទតម្លៃនៅឡើយ ពីព្រោះស្ថិតនៅក្នុងដំណាក់កាលលក់ផង និងកំពុងរៀបចំផង។

ប្រធានរដ្ឋបាលផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា លោក ផ្លេក ភ័ស្ត បានមានប្រសាសន៍ថា ការលក់តម្លៃរាងថ្លៃបន្តិចនេះ គឺយោងទៅលើការដាំ ចិញ្ចឹម និងផលិតរបស់ប្រជាពលរដ្ឋខ្មែរមានការលំបាក ព្រោះពួកគាត់ធ្វើទៅតាមលក្ខណៈធម្មជាតិ។ ចំពោះអ្នកបរិភោគវិញ គឺពួកគាត់គិតស្រឡាញ់សុខភាព ហេតុនេះពួកគាត់មិនខ្លាចការចំណាយលុយនោះទេ។ រីឯបុគ្គលិកផ្នែកពិនិត្យគុណភាពរបស់ផ្សារនេះ គឺបានទៅរៀនពិនិត្យគុណភាពបន្លែ សាច់ និងផលិតផលផ្សេងៗទៀត ពីមជ្ឈមណ្ឌលពិនិត្យគុណភាព និងចែកចាយបន្លែ របស់មន្ទីរកសិកម្មខេត្តកណ្តាល ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។

លោកបានបញ្ជាក់ថា គ្រប់មុខគឺហ៊ានធានាគុណភាពពិតជាធម្មជាតិ «ចំពោះតម្លៃវិញ អាចមានការកែប្រែ នៅពេលខាងមុខ ក្រោយពីប្រមូលមតិ យោបល់ពីមហាជន, បន្ទាប់មកយើងទៅជួបកសិករ ផលិតករ ដើម្បីជជែកគ្នាជាថ្មីរឿងតម្លៃនេះ, ការលក់តម្លៃរាងខ្ពស់នេះ គឺយើងចង់ឲ្យកសិករខ្មែរបានចំណេញច្រើន មានជីវភាពធូរធារ»។

គិតមកត្រឹមថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០នេះ គឺទើបតែបានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ដែលផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា បានបើកដំណើរការទទួលភ្ញៀវចាប់ពីម៉ោង៨ព្រឹករហូតដល់យប់, មានផ្នែកខ្លះមិនទាន់បានរៀបចំរួចរាល់នៅឡើយទេ ឯទំនិញខ្លះក៏មិនទាន់បិទស្លាកតម្លៃដែរ។ ផ្សារនេះស្ថិតនៅផ្សារទំនើបអូរឡាំព្យា (THE OLYMPIA MALL) ក្នុងបរិវេណស្តាតអូរឡាំ​ពិក ជ្រុងខាងជើង, ជាន់ផ្ទាល់ដី និងជាន់ទី១ ដាក់តាំងទំនិញលក់ និងជាន់ទី២ជាឃ្លាំងស្តុកទំនិញ៕

អត្ថបទដោយ រក្សា  ខ្មែរ

សហគមន៍សម្បូរសប្បាយ

The post ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា អាចកែប្រែតម្លៃទំនិញឡើងវិញ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)