ផលប្រយោជន៍ជាច្រើននៃការបរិភោគខ្ទឹមស្លឹកដល់សុខភាព

ខ្ទឹមស្លឹក ឬអ្នកខ្លះហៅថាខ្ទឹមគុយទាវ ខ្ទឹមខ្យល់ ឬខ្ទឹមបៃតង (ដែលភាសាអង់គ្លេសហៅថា Green Onion, Spring onion or Scallion) ជាសមាជិកក្រុម ខ្ទឹម (Allium) ដែលគេប្រើមើម ដើម និងស្លឹក សម្រាប់បរិភោគ។

ខ្ទឹមស្លឹកមានគុណសម្បត្តិរួមជាច្រើន ដូចពពួកក្រុមខ្ទឹមផ្សេងៗទៀត (ខ្ទឹមស ខ្ទឹមបារាំង ខ្ទឹមក្រហម គុយឆាយ ឬក្រាឆាយ ។ល។ ជាពិសេសសម្បូរទៅដោយសារធាតុ អាលីស៊ីន(Allicin) ដែលមានជាតិស្ពាន់ធ័រ។ ដោយសារជាតិស្ពាន់ធ័រនេះហើយ ធ្វើឱ្យខ្ទឹមមានក្លឹនឆួលខ្លាំង រហូតធ្វើឱ្យយើងចេញទឹកភ្នែក។ សារធាតុ allicin មានសមត្ថភាពប្រឆាំងមេរោគផ្សេងៗ ដូចជា ផ្សិត បាក់តេរី និងវីរុស។ ក្រៅពិមានសារធាតុអាលីស៊ីន ខ្ទឹមស្លឹកមានវីតាមីនកា (K) វីតាមីនអា (A) វីតាមីនសេ(C) និងសារធាតុផ្សេងៗទៀតដែលល្អដល់សុខភាព។

ការបរិភោគខ្ទឹមស្លឹកទៀងទាត់ក្នុងបរិមាណប្រហែល ១ខាំក្នុង១ថ្ងៃសម្រាប់ម្នាក់នាំមកនូវផលប្រយោជន៍ដល់សុខភាពដូចខាងក្រោមនេះ៖

១. ជួយដល់សុខភាពទូទៅ ជាពិសេសដោយសារវីតាមីនសេ និងវីតាមីនអា

២. ជួយការពារជំងឺគ្រុនផ្តាសាយ ការពាររាង្គកាយពីមេរោគផ្សេងៗ ជាពិសេសដោយសារសារធាតុអាលីស៊ីន ដែលមានជាតិស្ពាន់ធ័រ។

៣. ជួយឈាមឱ្យឆាប់កក នៅពេលមានរបួស  ដោយសារវាសម្បូរវីតាមីនកា(K)

៤. ជួយដល់សុខភាពឆ្អឹង ជាពិសេសតាមរយៈវីតាមីនកា(K) និងសេ(C)

៥. ជួយដល់សុខភាពភ្នែកដោយសារសម្បូរវីតាមីនអា(A)

៦. ជួយដល់សុខភាពបេះដូង និងប្រព័ន្ធចរន្តឈាម

៧. ជួយដល់ប្រព័ន្ធរំលាយអាហារ ដោយសារជាតុសសៃ (Fibre)

៨. ជួយការពារជំងឺរាគ និងកាត់បន្ថយបញ្ហាក្រពះ ពោះវៀន ដោយសារសារធាតុប្រឆាំងបាក់តេរីក្នុងខ្ទឹម

៩. ជួយកាត់បន្ថយជាតិស្ករក្នុងឈាម

១០. ជួយការពារជំងឺមហារីក

ក្រៅពីបរិភោគជាគ្រឿងផ្សំបន្ថែមក្លិន និងរសជាតិ គេអាចបរិភោគខ្ទឹម ដូចជាបន្ថែបាន ដោយបរិភោគស្រស់ជាអន្លក់ បរិភោគជាមួយសាច់អាំង(BBQ) ឆាជាមួយសាច់មាន់ ជ្រូក គោ ។ល ចៀនជាមួយស៊ុតមាន់ ឬទា ធ្វើជាជ្រក់ដូចជាជ្រក់ស្ពៃ។

តែសូមជ្រើសយកខ្ទឹមដែលដាំដុះតាមគោលការសរីរាង្គដែលគ្មានប្រើប្រាស់ថ្នាំពុល និងជីគីមីសំយោគ៕

 

ដោយបណ្ឌិត យ៉ង សាំង កុមារ

 

The post ផលប្រយោជន៍ជាច្រើននៃការបរិភោគខ្ទឹមស្លឹកដល់សុខភាព appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)