បទពិសោធន៍ដាំបន្លែកណ្តៀង (កសិករ កឹម ដុក)

កណ្ដៀង គឺជាវារិជ​តិណ​ជាតិ​មួយ​ប្រភេទ​ក្នុង​ពួក​កន្ទាំងហែ មាន​ផ្កា​ពណ៌​ខៀវ​ស្រស់ គេ​ប្រើ​ដើម​និង​ស្លឹក​ធ្វើ​ជា​បន្លែ​សម្រាប់ស្លស្លក់ និងស្លកកូរជាដើម ដែលមុខម្ហូបនេះ ប្រជាពលរដ្ឋខ្មែរនៅខេត្តស្វាយរៀងចូលចិត្តបរិភោគ។ ដំណាំកណ្តៀងគឺគេដាំនៅក្នុងត្រែង (មានលក្ខណៈដូចស្រែដែរ)។

កសិករ កឹម ដុក រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានបទពិសោធន៍ល្អក្នុងការដាំកណ្តៀង ដើម្បីទុកហូបក្នុងគ្រួសារផង និងបេះលក់ឲ្យអ្នកភូមិ ក៏ដូចយកទៅលក់នៅឯផ្សារក្នុងក្រុងស្វាយរៀងផង។ ចំពោះបទពិសោធន៍ដាំមានបង្ហាញជូនដូចខាងក្រោម។

១. ការធ្វើត្រែង

  • បើដាំគ្រាន់តែសំរាប់បរិភោគក្នុង​គ្រួសារ គឺត្រែងមានទំហំ ២x៣ម៉ែត្របានហើយ ប៉ុន្តែបើសិនដាំសំរាប់លក់ជាប្រចាំ ត្រែងគួរមានទំហំ ១០x១០ម៉ែត្រ ឬ ១០x១៥ម៉ែត្រ ឬ ១០x២០ម៉ែត្រ ឬទំហំខុសពីនេះទៅតាមដីដែលមានជាក់ស្តែង ចំណែកជំរៅ ៣តឹក។
  • ភ្ជួររាស់ដីត្រែងឲ្យស្មៅងាប់ និងហាលថ្ងៃឲ្យមេរោគងាប់ជាធម្មតា
  • បាចជីធម្មជាតិដូចជា អាចម៍គោ ឬក្របីដែលពុកផុយទៅក្នុងត្រែង (បើដាក់អាចម៍គោ ឬក្របីស្រស់បណ្តាលឲ្យទឹកកើតស្លែ)
  • បូមទឹកដាក់បញ្ចូលត្រែងឲ្យបាន ១,៥តឹក។

២. ការដាំកណ្តៀង

  • បេះកណ្តៀងពីត្រែងផ្សេងត្រឹមគល់ ឬ
  • ទៅទិញកណ្តៀងពីផ្សារ ឬអ្នកភូមិ មកស្ទួងតែម្តង (ជាធម្មតាកណ្តៀងមានដុះឫសចេញតាមថ្នាំងនៃគល់របស់វា)
  • ស្ទួងឃ្លាតពីគ្នាប្រមាណ ១តឹក។

៣. ការថែទាំ

  • បើទឹកតិចគឺបូមទឹកចូលបន្ថែម បើទឹកច្រើនបង្ហូរចេញ ឲ្យទឹកនៅកំពស់ត្រឹមពាក់កណ្តាលដើម
  • ​បើមានស្មៅដុះ ត្រូវដកស្មៅនោះចេញ ដើម្បីកុំឲ្យវាដណ្តើមជីពីកណ្តៀង
  • បើកណ្តៀងដុះបែកកូនច្រើនពេក ត្រូវដកចេញខ្លះដើម្បីឲ្យកណ្តៀងមានទងស្លឹកលូតបានល្អ
  • ក្រោយពេលប្រមូលផលម្តងៗ បើឃើញកណ្តៀងអន់ ត្រូវបាចជីធម្មជាតិបន្ថែម។

៤. ការប្រមូលផល

  • ក្រោយពីស្ទួងបាន២អាទិត្យ គឺអាចប្រមូលផលបានហើយ
  • ដាំតែម្តង គឺអាចប្រមូលផលបានរហូត
  • បើត្រែងធំ គឺអាចប្រមូលផលបានរាល់ថ្ងៃ ប៉ុន្តែត្រូវបេះកណ្តៀងតាមជួរ (យើងកំណត់ជួរនិងប្រវែងទទឹងជួរដោយខ្លួនឯង, ថ្ងៃនេះយើងបេះជួរទី១ ថ្ងៃស្អែកយើងកាច់ឬបេះជួរទី២…មានលក្ខណៈវិលជុំ)។

៥. ចំណាប់អារម្មណ៍

កសិករ កឹម ដុក មានចំណាប់អារម្មណ៍ថា ការដាំដំណាំកណ្តៀងនេះ គឺមិនពិបាកដាំទេ ហើយឆាប់ប្រមូលផលលឿនជាងត្រកួនទៀតផង ពិសេសដាំតែម្តងគឺទទួលផលបានរហូតឲ្យតែមានទឹកគ្រប់គ្រាន់ និងមិនងាយមានសត្វល្អិតចង្រៃមកបំផ្លាញ៕

អត្ថបទដោយ រក្សា  ខ្មែរ

សហគមន៍សម្បូរសប្បាយ

The post បទពិសោធន៍ដាំបន្លែកណ្តៀង (កសិករ កឹម ដុក) appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)