បទពិសោធន៍ដាំបន្លែកណ្តៀង (កសិករ កឹម ដុក)
កណ្ដៀង គឺជាវារិជតិណជាតិមួយប្រភេទក្នុងពួកកន្ទាំងហែ មានផ្កាពណ៌ខៀវស្រស់ គេប្រើដើមនិងស្លឹកធ្វើជាបន្លែសម្រាប់ស្លស្លក់ និងស្លកកូរជាដើម ដែលមុខម្ហូបនេះ ប្រជាពលរដ្ឋខ្មែរនៅខេត្តស្វាយរៀងចូលចិត្តបរិភោគ។ ដំណាំកណ្តៀងគឺគេដាំនៅក្នុងត្រែង (មានលក្ខណៈដូចស្រែដែរ)។
កសិករ កឹម ដុក រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានបទពិសោធន៍ល្អក្នុងការដាំកណ្តៀង ដើម្បីទុកហូបក្នុងគ្រួសារផង និងបេះលក់ឲ្យអ្នកភូមិ ក៏ដូចយកទៅលក់នៅឯផ្សារក្នុងក្រុងស្វាយរៀងផង។ ចំពោះបទពិសោធន៍ដាំមានបង្ហាញជូនដូចខាងក្រោម។
១. ការធ្វើត្រែង
- បើដាំគ្រាន់តែសំរាប់បរិភោគក្នុងគ្រួសារ គឺត្រែងមានទំហំ ២x៣ម៉ែត្របានហើយ ប៉ុន្តែបើសិនដាំសំរាប់លក់ជាប្រចាំ ត្រែងគួរមានទំហំ ១០x១០ម៉ែត្រ ឬ ១០x១៥ម៉ែត្រ ឬ ១០x២០ម៉ែត្រ ឬទំហំខុសពីនេះទៅតាមដីដែលមានជាក់ស្តែង ចំណែកជំរៅ ៣តឹក។
- ភ្ជួររាស់ដីត្រែងឲ្យស្មៅងាប់ និងហាលថ្ងៃឲ្យមេរោគងាប់ជាធម្មតា
- បាចជីធម្មជាតិដូចជា អាចម៍គោ ឬក្របីដែលពុកផុយទៅក្នុងត្រែង (បើដាក់អាចម៍គោ ឬក្របីស្រស់បណ្តាលឲ្យទឹកកើតស្លែ)
- បូមទឹកដាក់បញ្ចូលត្រែងឲ្យបាន ១,៥តឹក។
២. ការដាំកណ្តៀង
- បេះកណ្តៀងពីត្រែងផ្សេងត្រឹមគល់ ឬ
- ទៅទិញកណ្តៀងពីផ្សារ ឬអ្នកភូមិ មកស្ទួងតែម្តង (ជាធម្មតាកណ្តៀងមានដុះឫសចេញតាមថ្នាំងនៃគល់របស់វា)
- ស្ទួងឃ្លាតពីគ្នាប្រមាណ ១តឹក។
៣. ការថែទាំ
- បើទឹកតិចគឺបូមទឹកចូលបន្ថែម បើទឹកច្រើនបង្ហូរចេញ ឲ្យទឹកនៅកំពស់ត្រឹមពាក់កណ្តាលដើម
- បើមានស្មៅដុះ ត្រូវដកស្មៅនោះចេញ ដើម្បីកុំឲ្យវាដណ្តើមជីពីកណ្តៀង
- បើកណ្តៀងដុះបែកកូនច្រើនពេក ត្រូវដកចេញខ្លះដើម្បីឲ្យកណ្តៀងមានទងស្លឹកលូតបានល្អ
- ក្រោយពេលប្រមូលផលម្តងៗ បើឃើញកណ្តៀងអន់ ត្រូវបាចជីធម្មជាតិបន្ថែម។
៤. ការប្រមូលផល
- ក្រោយពីស្ទួងបាន២អាទិត្យ គឺអាចប្រមូលផលបានហើយ
- ដាំតែម្តង គឺអាចប្រមូលផលបានរហូត
- បើត្រែងធំ គឺអាចប្រមូលផលបានរាល់ថ្ងៃ ប៉ុន្តែត្រូវបេះកណ្តៀងតាមជួរ (យើងកំណត់ជួរនិងប្រវែងទទឹងជួរដោយខ្លួនឯង, ថ្ងៃនេះយើងបេះជួរទី១ ថ្ងៃស្អែកយើងកាច់ឬបេះជួរទី២…មានលក្ខណៈវិលជុំ)។
៥. ចំណាប់អារម្មណ៍
កសិករ កឹម ដុក មានចំណាប់អារម្មណ៍ថា ការដាំដំណាំកណ្តៀងនេះ គឺមិនពិបាកដាំទេ ហើយឆាប់ប្រមូលផលលឿនជាងត្រកួនទៀតផង ពិសេសដាំតែម្តងគឺទទួលផលបានរហូតឲ្យតែមានទឹកគ្រប់គ្រាន់ និងមិនងាយមានសត្វល្អិតចង្រៃមកបំផ្លាញ៕
អត្ថបទដោយ រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
The post បទពិសោធន៍ដាំបន្លែកណ្តៀង (កសិករ កឹម ដុក) appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)