បទពិសោធន៍កំចាត់ក្ដាមកាត់ស្រូវដោយប្រើលាមកសេះ

ក្ដាម គឺជាសត្វមួយប្រភេទដែលកសិករតែងតែជួបប្រទះឃើញវាមកកាត់បំផ្លាញដំណាំស្រូវដែលស្ទូងហើយភ្លាមៗ ឬក្នុងអំឡុងពេលមួយសប្ដាហ៍ក្រោយពេលស្ទូងរួច។ បញ្ហានេះធ្វើឲ្យកសិករមួយចំនួនបង្ខំចិត្តទៅទិញថ្នាំក្ដាមមកកម្ចាត់។

ដោយឡែកលោកពូ ឃ៉ុម ឃ៉ុង ជាកសិកររស់នៅភូមិពោធិស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម គាត់មានបទពិសោធន៍ដ៏សាមញ្ញក្នុងការកម្ចាត់ក្ដាមដោយប្រើលាមកសត្វសេះ។ បទពិសោធន៍​នេះបានទទួលជោគជ័យអស់រយៈពេល៣ឆ្នាំកន្លងមក ហើយបច្ចុប្បន្នមានកសិករនៅក្នុងភូមិជាច្រើនបានអនុវត្តតាមគាត់។

គាត់បានចេះបទពិសោធន៍នេះពីបុរសម្នាក់មកពីស្រុកចំការលើ ខេត្តកកំពង់ចាម (មិនបានចាំឈ្មោះទេ) បានដើរលក់ចេកនៅក្នុងភូមិរបស់គាត់។ ពេលមកដល់ផ្ទះរបស់គាត់ស្រាប់តែកសិករលក់ចេកនោះនិយាយថា «ផ្ទះនេះមានសេះហើយបែរជាឲ្យក្ដាមមកកាត់ស្រូវបានទៀត» ពេលបានឮដូច្នេះ គាត់ក៏ជជែកសួរពីវិធីសាស្រ្តកម្ចាត់ក្ដាម។ ក្រោយពេលកសិករលក់ចេកប្រាប់រួច គាត់ក៏បានយកលាមកសេះមកបាចសាកល្បងនៅលើស្រែរបស់គាត់ដែលមានសត្វក្ដាមកំពុងបំផ្លាញ លុះពេលព្រឹកឡើង គាត់សំគាល់ឃើញថា មិនមានសត្វក្ដាមនៅក្នុងស្រែរបស់គាត់ទៀតទេ។ គាត់មានការជឿជាក់ខ្លាំង ហើយសព្វថ្ងៃ គាត់មិនដែលទិញថ្នាំក្ដាមមកប្រើប្រាស់លើស្រែរបស់គាត់ទេ​ គាត់ប្រើតែលាមកសត្វសេះនៅលើផ្ទៃដីប្រហែល២ហិកតា។ បច្ចុប្បន្នមានកសិករជាច្រើននីក្នុងភូមិ និងនៅក្រៅភូមិក្បែរៗនោះ បានអនុវត្តវិធីកំចាត់ក្ដាមតាមលោកពូ។

របៀបប្រើ    

យកលាមកសេះស្រស់ ឬក្រៀម (ស្រស់ល្អជាងក្រៀម) ១ល្អី (១០គីឡូក្រាម) អាចប្រើលើផ្ទៃដី ១០អារ បាចនៅចំកណ្ដាលស្រែឬពីលើខ្យល់ក៏បាន គឺបាចនៅពេលមានក្ដាមកាត់ ឬពេលស្ទូងហើយក៏បាន (បើស្ទូងភ្លាម គួរបាចលាមកក្រៀម) ក្រោយពេលបាចរយៈពេល១​-៣ថ្ងៃ ក្ដាមចាប់ផ្ដើមបាត់អស់ពីក្នុងស្រែ ពេលខ្លះបើគាត់ឃើញនៅលើភ្លឺស្រែមានរន្ធក្ដាមច្រើន គាត់ក៏យកលាមកសេះមករោយនៅក្បែរៗរន្ធក្ដាមនោះរយៈពេលមួយយប់​ក្ដាមចេញអស់ពីក្នុងរន្ធ​ និងលើភ្លឺ។

តាមការពិសោធរបស់គាត់ឃើញថា ដោយសារលាមកសេះមានក្លិនអាក្រក់ ឆ្អេះខ្លាំង វាមិនអាចសម្លាប់ក្ដាមក៏ពិតមែនតែវាអាចបណ្ដេញក្ដាមឲ្យទៅឆ្ងាយបាន។ ដូច្នេះបើបងប្អូនកសិករជួបប្រទះបញ្ហានេះដែរ សូមសាកល្បងបទពិសោធន៍ដ៏សាមញ្ញខាងលើនេះ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

The post បទពិសោធន៍កំចាត់ក្ដាមកាត់ស្រូវដោយប្រើលាមកសេះ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)