បទពិសោធន៍ថែរក្សាទុកគ្រាប់ពូជសណ្ដែកទ្រើង
លោកពូ សោម សាវឿន ជាកសិកររស់នៅភូមិស្រែចែង ឃុំលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានបទពិសោធន៍រក្សាទុកគ្រាប់ពូជសណ្ដែកទ្រើងបានល្អ។ បទពិសោធន៍នេះ ជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ ដែលគាត់ធ្លាប់បានអនុវត្តជាច្រើនឆ្នាំមកហើយ។ នៅពេលនេះ យើងសូមបង្ហាញជូនបងប្អូនកសិករដូចខាងក្រោម។
ក្នុងការដាំទុកធ្វើពូជនេះ គាត់រក្សាទុកផ្លែនៅនឹងដើមរយៈពេល២ខែ ទើបសណ្ដែកចាស់អាចបេះប្រមូលផលបាន។ ការបេះប្រមូលផលនេះ គឺធ្វើឡើងនៅរដូវប្រាំង។ គាត់ទុកឲ្យផ្លែស្វិតនៅដើមរហូតសំបកឡើងស្រួយ។ នៅរដូវវស្សាពុំចាំបាច់ទុករហូតដល់ស្វិតនៅដើមទេ គ្រាន់តែសង្កេតឃើញផ្លែសណ្ដែកមានសំបកពណ៍ស-លឿង គាត់បេះហាលរយៈពេល២ថ្ងៃ ឲ្យសំបកស្រួយរួច្របាច់ អុំយកសំដី និងកំទេចកំទីសំរាមចេញ ជ្រើសរើសយកតែគ្រាប់ណាដែលថ្លោសពេញល្អ។
មុនច្រកគ្រាប់ទុកក្នុងដប គាត់ហាលសំដិលក្រោមពន្លឺថ្ងៃស្រទន់ (ម៉ោង៩-១២ព្រឹក) រហូតដល់ស្ងួត។ លក្ខណៈសំគាល់គ្រាប់ស្ងួត នៅពេលគាត់សង្កេតឃើញគ្រាប់មានពណ៌ភ្លឺរលោង រឹង ខាំនឹងធ្មេញឮសូរប្រឹស គឺសន្មតថា គ្រាប់ស្អួតហើយ។ ប្រសិនបើខាំទៅនៅរាវទន់ ហើយមានជាតិម្សៅនៅជាប់និងធ្មេញ មានន័យថា គ្រាប់មិនទាន់ស្ងួតទេ។
ក្រោយពីហាលសំងួតបានល្អហើយ គាត់យកគ្រាប់ទៅច្រកទុកក្នុងដបកែវចុកឆ្នុកឲ្យណែនជិតល្អកុំឲ្យសត្វល្អិតចូលបំផ្លាញ (ឆ្នុកធ្វើពីស្នោ)។ ការរក្សាគ្រាប់ទុកនៅកន្លែងដែលត្រជាក់មិនឲ្យត្រូវទឹកភ្លៀង ឬទឹកសន្សើមឡើយ។
លោកពូបានមានប្រសាសន៍ថា ការធ្វើតាមវិធីនេះ គឺអាចរក្សាទុកបានយូររហូតដល់មួយឆ្នាំ។ សណ្ដែកនៅតែដុះល្អ និងផ្លែច្រើនជានិច្ច។ ប៉ុន្តែការបេះរក្សាទុកពូជនៅខែប្រាំងល្អជាងខែវស្សា ពីព្រោះគ្រាប់ស្ងួតល្អ និងមានពន្លឺថ្ងៃគ្រប់គ្រាន់សំរាប់ហាល៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
The post បទពិសោធន៍ថែរក្សាទុកគ្រាប់ពូជសណ្ដែកទ្រើង appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)