បទពិសោធន៍ដាំឪឡឹកបានផលច្រើន មានរសជាតិផ្អែម

លោកពូ ស៊ុន សឿន ជាកសិកររស់នៅភូមិទឹកថ្លា ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ គាត់មានបទពិសោធន៍ដាំឪឡឹកដែលទទួលបានទិន្នផលខ្ពស់មានរសជាតិផ្អែម។ បទពិសោធន៍នេះ ជាការច្នៃប្រឌិតដោយខ្លួនគាត់។

១. ការរៀបចំដី​និងរងដាំ. គាត់ភ្ជួររាស់ដីឲ្យបានម៉ដ្ឋល្អ និងជ្រៅដើម្បីឲ្យឫសដំណាំលូតលាស់ល្អ ក្រោយពីភ្ជួរដីរួច គាត់បាចកំបោរ សទំងន់់៥០គីឡូក្រាមក្នុង១ហិចតា ដើម្បីសម្លាប់មេរោគ។ គាត់ភ្ជួរដីនិងលើករងជារាងខ្នងអណ្តើក ធ្វើដូច្នេះដើម្បីងាយស្រួលពេលធ្វើជើង។ ចន្លោះពីរងមួយទៅមួយ១,៨ម៉ែត្រ (ដំណាំឪឡឹកបោះទងវារលើដីត្រូវការចន្លោះធំ) កំពស់រងពី៥-៦តឹកនិងចន្លោះពីគុម្ពមួយទៅមួយ៧-៨តឹក និងជំរៅរណ្តៅពី៣-៤តឹក ។ក្រោយពីជីករណ្តៅហើយ គាត់បានយកលាមកគោ៣០គីឡូក្រាម ស្លឹក ឈើ អាចម៍ប្រចៀវ និងដីដំបូកមួយមុខៗ ៧០គីឡូក្រាមមកច្របល់ចូលគ្នា។ រួចដាក់នៅបាតរណ្តៅក្នុង១រណ្តៅប្រហែល១បង្គី។

២. ការត្រៀមពូជ និងការដាំ. គាត់យកគ្រាប់ពូជមកត្រាំទឹក១យប់ ហើយផ្អាប់១យប់ នៅក្រោមពាងទឹកដោយខ្ចប់ក្រណាត់ឲ្យជិត។តាមបទពិសោធន៍របស់គាត់កន្លងមក ដើម្បីឲ្យឪឡឹកមានរសជាតិផ្អែមគាត់យកឆ្អឹងគោមកដុត រួចបុកឲ្យម៉ដ្ឋក្លាយជាម្សៅ ហើយយកម្សៅឆ្អឹងគោនោះទៅដាក់លាយជាមួយគ្រាប់ពូជដែលត្រាំទឹក។ ក្នុង១រណ្តៅគាត់ដាក់គ្រាប់ដាំចំនួន៥គ្រាប់ហើយ លុបដីថ្នមៗ រួចស្រោចទឹកពីលើឲ្យជោគ។

៣. ការថែទាំ. ក្រោយពេលដាំបាន១៥ថ្ងៃ គាត់ភ្ជួរបកញែករងក្បែរគល់ឪឡឹកចំងាយ២តឹកទាំងសងខាង បន្ទាប់មកយកជីដែលបានលាយខាងលើមករោយតាមចង្អូរនោះ។ ដើម្បីឲ្យឪឡឹកលូតលាស់ល្អនិងផ្លែធំ គាត់ជ្រុំគល់ម្តងមួយគុម្ព និងបេះក្តិបផ្លែចេញខ្លះ ក្នុងមួយគុម្ពទុកតែផ្លែដែលថ្លោសល្អពី១ទៅ២ផ្លែប៉ុណ្ណោះ។

៤. ការរក្សាទុកពូជដោយខ្លួនឯង. ជាទូទៅពូជឪឡឹកដែលគាត់ដាំមាន៣ប្រភេទ៖ ១.សំបកស្តើងពូជខ្លាឃោ្លកឆ្នូត, ២.ពណ៌ចំរុះសំបកក្រាស់, ៣.ពណ៌ខ្មៅសំបកក្រាស់។ គាត់ទុកឲ្យផ្លែវាទុំផុសល្អនៅក្នុងចំការ បន្ទាប់មកបេះយកទៅរក្សាទុកឲ្យបានល្អ នៅពេលវាទុំផុសត្រូវយកកញ្ច្រែងដាក់ពីលើចានដែកដែលមានដាក់ទឹក រួចច្របាច់យកគ្រាប់វាទំលាក់ទឹក ហើយរើសយកគ្រាប់ណាដែលលិចទឹកមកហាលថ្ងៃឲ្យបាន​៦ម៉ោង គឺរយៈពេល៥ថ្ងៃ។ ថ្ងៃទី១ ហាល១ម៉ោង ដល់ថ្ងៃទី ២-៣-៤ និងទី៥ហាលកុំឲ្យក្តៅខ្លាំងគឺនៅចន្លោះម៉ោង៧ដល់ម៉ោង១១ព្រឹក ក្រោយពីហាលថ្ងៃស្ងួតហើយប្រមូលទុកដាក់នៅក្នុងដបដើម្បីរក្សាទុកដាំនៅរដូវក្រោយ។

៥. ការប្រមូលផល. ក្រោយពីដាំបានរយៈពេល១ខែ ឪឡឹកចាប់ផ្តើមចេញក្តឹបផ្លែ ក្រោយពីផ្លែបាន១៥ថ្ងៃ គាត់អាចប្រមូលផលបាន។ លោកពូបានបញ្ជាក់ប្រាប់ថា គេអាចសំគាល់ផ្លែឪឡឹកទុំបានដោយសារផ្លែឲ្យសំលេង ឬលឺសំលេងតិចៗនៅពេលដែលគោះផ្លែ ឬមានស្នាមអុចៗស្រាលនៅលើផ្លែដែលនៅជាប់ដី ហើយត្រលប់មកមានពណ៌លឿង សំបកឡើងរលោងពណ៌លឿង ឬទងផ្លែស្វិត។ ជាសរុបនៅលើផ្ទៃដី ១០០ម៉ែត្រការ៉េ គាត់បេះផ្លែបាន ៤០០ផ្លែ (ផ្លែធំៗ បេះលើកទី១ និងលើកទី២)។

៦. ចំណាប់អារម្មណ៍របស់កសិករ. លោកពូមានប្រសាសន៍ថា ក្រោយពីបានដាំឪឡឹកតាមបច្ចេកទេសខាងលើមក ឪឡឹកមានផ្លែធំគុណភាពល្អ មានន័យថា សាច់ឪឡឹកណែន និងសាច់ឪឡឹកមានពណ៌ក្រហម សំបកស្តើង មានរសជាតិផ្អែមឆ្ងាញ់។

សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំឪឡឹកមាន៖

  • ជីករណ្តៅឲ្យធំបន្តិច ដាក់ជីធម្មជាតិ (ស្លឹកឈើ អាចម៍ប្រចៀវ ដីដំបូក) ឲ្យជិតពេញរណ្តៅ
  • គ្រាប់ពូជត្រាំលាយជាមួយម្សៅឆ្អឹងគោ១យប់ ទើបយកទៅដាំដើម្បីឲ្យឪឡឹកមានរសជាតិផ្អែម
  • ភ្ជួរបំផុសដីនៅក្បែរគល់ឪឡឹក ដើម្បីឲ្យដីធូរឪឡឹកលូតលាស់ល្អ
  • បេះក្តឹបផ្លែចេញខ្លះទុកតែផ្លែល្អៗ ១ទៅ២ប៉ុណ្ណោះក្នុង១គុម្ព។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

The post បទពិសោធន៍ដាំឪឡឹកបានផលច្រើន មានរសជាតិផ្អែម appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)