បច្ចេកទេសដាំត្រាវ (កសិករ ប៉ិច សាវ)

បងស្រីឈ្មោះ ប៉ិច សាវ ជាកសិកររស់នៅភូមិការហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​ គាត់មានបទពិសោធន៍ដាំត្រាវទទួលបានផលច្រើនដែលបទពិសោធន៍នេះ គាត់ចេះពីដូនតារបស់គាត់ គួបផ្សំនឹងគំនិតឆ្នៃប្រឌិតរបស់គាត់បន្ថែម។​ បទពិសោធន៍នេះ គាត់បានអនុវត្តតាំងពីឆ្នាំ១៩៩៦ មកម្លេះ។ ដូចនេះយើងសូមលើកយកបទពិសោធន៍របស់គាត់មកបង្ហាញជូនដូចខាងក្រោម។

១. ការជ្រើសរើស និងការដាក់ពូជដាំ. គាត់ជ្រើសរើសពូជត្រាវស្លាមកដាំ ពីព្រោះវាមានរសជាតិឆ្ញាញ់ ក្លិនស្អុយ និងត្រូវតាមតំរូវការរបស់ទីផ្សារ។ ត្រាវដែលល្អមានលក្ខណៈសំគាល់ដូចខាងក្រោម៖

  • ​មើមត្រាវត្រូវបំបែកយកពីដើមមេដែលមានអាយុពី ៦-​៧ខែ
  • មើមត្រាវមានទំហំប៉ុនមេដៃ​ ឬមេជើង មានពណ៌ក្រមៅ និងមានប្រវែងពី ១-​២​ថ្នាំងដៃ

ក្រោយពីការជ្រើសរើសពូវត្រាវដាំបានហើយ ​គាត់សំដិលក្រោមផ្ទះកន្លែងម្លប់កុំឲ្យត្រូវកំដៅថ្ងៃនាំឲ្យរលួយ។ រយៈពេល៣-​៥ថ្ងៃ ត្រូវវែកវាម្ដងដើម្បីឲ្យមើមត្រាវស្ងួតបន្តិច។ក្រោយពីរក្សាមើមទុកបានរយៈពេល២ខែអាចយកទៅដាំបាន តែជាទូទៅអ្នកភូមិអាចទុករហូតដល់បានរយៈពេល​៣ខែ។

២. ការរៀបចំថ្នាលបណ្ដុះកូនត្រាវ. ដើម្បីបណ្ដុះកូនត្រាវ គាត់បានលើករងដែលមានកំពស់​១​តឹក​​​ ទទឹង​​​១ម៉េត្រ រីឯបណ្ដោយទៅតាមស្ថានភាពដី។​ បន្ទាប់មក យកមើមត្រាវត្រាំទឹកចំនួន២​​យប់ រួចស្រង់យកទៅផ្អាប់ទុករយៈពេល២ថ្ងៃ២យប់ទៀត។​ ក្រោយពីផ្អាប់ឃើញមើមត្រាវដុះពន្លកខ្លះហើយ ទើបគាត់មកមើមនោះទៅកប់ដាំលើថ្នាលដែលបានរៀបចំរួច។​  ការកប់នេះលៃយ៉ាងណាកុំឲ្យលិចពន្លកដោយទុកចន្លោះពីមើមមួយទៅមួយ១តឹក ។ ចំពោះមើមណាដែលបែកខ្នែង ត្រូវកាត់ខ្នែងខាងក្រោមចេញរួចជ្រលក់ផេះ ដើម្បីការពារសត្វល្អិត និងមេរោគបំផ្លាញ។ ក្រោយការបណ្ដុះបានរយៈពេល១០​​ថ្ងៃ មើមត្រាវដុះចេញស្លឹកមួយ ​ពេលនោះគេអាច យកវាទៅដាំបានយ៉ាងល្អ។

៣. ការរៀបចំដី. មុនដាំគាត់បានភ្ជួរដីចំនួន២ដង និងរាស់​១ដង។ ភ្ជួរលើកទី១ កប់កាកសំណល់រុក្ខជាតិ រួចហាលចោលរយៈពេល១អាទិត្យ ទើបចាប់ភ្ជួរលើកទី២ និងរាស់ដីឲ្យស្អាតកាប់ចង្អូរដាំ។ គាត់កាប់ចង្អូរដែលមានទំហំពី២-២,៥តឹក ជាជួរដោយមានដាក់ខ្សែឲ្យត្រង់ចំងាយពីជួរមួយទៅមួយ (ពីចង្អួរមួយទៅមួយ​១ម៉ែត្រ)។

៤. របៀបដាំ. ជាទូទៅ គាត់ដាំនៅខែមេសា (ដើមរដូវភ្លៀង)។ គាត់យកកូនត្រាវដែលបានបណ្តុះហើយមានអាយុពី ១០ទៅ១៥ថ្ងៃទៅដាំនៅក្នុងចង្អូរដែលបានកាប់រួច ដោយទុកចំងាយពីគុម្ពមួយទៅមួយ ៥-៦តឹក ហើយកប់ឲ្យលប់ឫសកំណើត បន្ទាប់មកស្រោចទឹកឲ្យជោគ។

៥. ការថែទាំ. ដើម្បីឲ្យត្រាវដុះលូតលាស់លឿន គាត់បានយកចិត្តទុកដាក់លើការស្រោចទឹក ព្រោះត្រាវជាដំណាំមួយដែលត្រូវការទឹកខ្លាំង។ក្នុងរយៈពេល២ទៅ៣ខែដំបូង គាត់ស្រោចទឹក១ថ្ងៃ២ដង (ព្រឹក ល្ងាច)​ ស្រោចរហូតបានរយៈពេល១ខែ ទើបគាត់ចាប់​បូមទឹកដាក់ម្តង ធ្វើយ៉ាងណាឲ្យដីមានសំណើមជាប់ជានិច្ច។ ចំពោះរដូវវស្សាមិនចាំបាច់ធ្វើការស្រោចស្រពទេ។ ក្រៅពីការស្រោចទឹក នៅមានការជំរះស្មៅ និងពូនគល់។នៅពេលត្រាវមានអាយុ១ទៅ១ខែកន្លះ គាត់ចាប់ផ្តើមជំរះស្មៅពូនគលដោយលុប​ចង្អូរ​រង។កន្លះខែបន្ទាប់មកទៀត គាត់បានធ្វើស្មៅ និងពូនគល់លើកជារងខ្ពស់ ដោយមានកំពស់ប្រមាណ៧តឹក។ការធ្វើដូចនេះ ដើម្បីឲ្យត្រាវចុះមើមធំល្អ។ ចំពោះការដាក់ជី គាត់បានដាក់នៅចន្លោះគុម្ពគឺ នៅពេលធ្វើស្មៅ និងពូនគល់ដោយប្រើជីលាមកសត្វ។

៦. ការប្រមូលផល. ក្រោយពីដាំបានរយៈពេល៦ខែ គាត់ចាប់ផ្តើមប្រមូលផល។ នៅលើផ្ទៃដីចំនួន៦អារ គាត់ ប្រមូលផលត្រាវគិតជាលុយ ៩០០.០០០រៀល (លក់បានតំលៃ ១.០០០រៀលក្នុងមួយគីឡូក្រាម)។

ចំពោះ​ការវិភាគលើចំណូលចំណាយ សូមបង្ហាញជូនក្នុងតារាងខាងក្រោម។

តារាងវិភាគការចំណូល និងចំណាយ

ចំណាយ

ចំណូល

  • ទិញលាមកគោ ៥០.០០០រៀល
  • បូមទឹកដាក់បញ្ចូល ១០០.០០០រៀល
  • លក់បានផលសរុបចំនួន​៩០០.០០០រៀល
    សរុប ១៥០.០០០រៀល    សរុប ៩០០​.០០០រៀល
ចំណេញសុទ្ធ ៧៥០.០០០រៀល មិនគិតពីការចំណាយកម្លាំងពលកម្មខ្លួនឯងទេ។

តាមតារាងខាងលើឃើញថា ក្នុងរយៈពេល៦ខែ គាត់អាចរកប្រាក់ចំណូលសុទ្ធបាន  ៧៥០.០០០រៀល។

 សរុបមក បច្ចេកទេសដាំត្រាវសំខាន់ៗមាន៖

  • ជ្រើសរើសពូជត្រាវពីដើមដែលមានអាយុ ៦-៧ខែ មើមដែលមានទំហំប៉ុនមេដៃ និងប្រវែង ១-២ ថ្នាំងដៃ ហើយមើមមានពណ៌ក្រមៅ
  • បណ្តុះមើមឲ្យដុះនៅលើថ្នាលរយៈពេល ១០ទៅ១៥ថ្ងៃ (កូនត្រាវមានស្លឹក១) អាចដកដាំនៅចម្ការបាន
  • កាប់ចង្អូរដែលមានទទឹង ២ទៅ២,៥តឹក ដាំជាជួរចំងាយពីគុម្ពមួយទៅគុម្ពមួយ ៥ទៅ​៦តឹក
  • នៅពេលដាំដំបូងរយៈពេល១ខែ ស្រោចទឹក១ថ្ងៃ២ដង បន្ទាប់មកបូមទឹកដាក់ចង្អូរឲ្យដីសើមជាប់
  • ធ្វើស្មៅពូនគល់២ដង ពូនលើកជារង និងដាក់ជីលាមកសត្វបំប៉ននៅពេលពូនគល់ (ជីបំប៉នដាក់នៅចន្លោះគុម្ពត្រាវ)៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

 

The post បច្ចេកទេសដាំត្រាវ (កសិករ ប៉ិច សាវ) appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)