ដីសើមបឹងស្នេហ៍ ជាជម្រកសត្វស្លាបរាប់លានក្បាល
ខេត្តព្រៃវែង. តំបន់ដីសើមបឹងស្នេហ៍ មានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីក្រុងព្រៃវែង ដែលស្ថិតនៅក្នុងភូមិបឹងស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង គឺជាកន្លែងប្រភពទឹកសម្រាប់ឃុំប្រមាណ១៤ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង និងក៏ជាតំបន់មានប្រព័ន្ធអេកូឡូស៊ីដែលក្លាយជាជម្រកហ្វូងសត្វស្លាបចម្រុះរាប់លានក្បាលដូចជា ស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច ពិសេសចង្កៀលខ្យង ទុង ក្រសារ កុក ខ្វែក ក្អែកទឹក និងសំបកត្រពាំងជាដើម។
បន្ទាប់ពីតំបន់ដីសើមបឹងស្នេហ៍ បានក្លាយជាជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិកាន់តែច្រើនឡើងៗមក តំបន់នេះបានបង្កើតជាតំបន់អភិរក្ស កាលពីឆ្នាំ២០១២។ បច្ចុប្បន្ននេះអាជ្ញាធរបាននាំគ្នាអភិរក្សព្រៃលិចទឹកនៅតំបន់នោះ ដោយមានការចូលរួមពីប្រជាសហគមន៍នៅតំបន់បឹងស្នេហ៍ដែលស្ថិតនៅក្នុងគម្រោងអភិរក្សរបស់អង្គការនារីអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ (ហៅសាមញ្ញថា អង្គការ Women) និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត។ នៅកណ្តាលបឹងស្នេហ៍ មានផ្ទៃដីព្រៃលិចទឹកប្រមាណជាពី៨៥ ទៅ ១០០ហិកតា ដែលអ្នកភូមិហៅថា ទួលព័ន្ធតាឡី។
ពេលខ្លះក៏មានបញ្ហាកើតមានឡើងនៅតំបន់ដីសើមបឹងស្នេហ៍ដែរ គឺសត្វស្លាបត្រូវគេលួចចាប់នៅពេលយប់ ដោយសារសហគមន៍ពុំមានឧបករណ៍ និងបុគ្គលិកគ្រប់គ្រាន់សម្រាប់ដើរល្បាត។ ចំនួនសត្វស្លាបថយចុះគួរឲ្យកត់សម្គាល់ ហើយពពួកសត្វចង្កៀលខ្យង ទុង ក្រសារ បានផ្លាស់ទីចេញពីតំបន់នោះស្ទើរអស់ ក្នុងករណីឆ្នាំណាដែលទឹកតូចដីនៅទំនេរច្រើនងាយស្រួលក្នុងការចល័តទីតាំងរកចំណីរបស់សត្វស្លាបទៅកន្លែងផ្សេងៗ គួបផ្សំនឹងមានការបរបាញ់ពីជនខិលខូចមួយចំនួន ធ្វើឱ្យវាភ័យខ្លាច។
ដោយសារតំបន់ដីសើមបឹងស្នេហ៍ ជាជម្រកប្រភេទសត្វស្លាបជាច្រើនប្រភេទ ពិសេសសត្វស្លាបមួយចំនួនជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោកដូចជា ស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច ពិសេសចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់កល្បាល នៅចំណុចទួលព័ន្ធតាឡី (ក្នុងតំបន់ដីសើមបឹងស្នេហ៍) ព្រមទាំងដើម្បីលើកកំពស់ជីវភាព-អភិវឌ្ឍសហគមន៍មូលដ្ឋាន ប្រើប្រាស់ដោយនិរន្តភាពនូវធនធានធម្មជាតិ និងការពារធនធានធម្មជាតិ ទើបកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តព្រៃវែង បានបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី ការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ជាតំបន់ការពារធម្មជាតិ៕
អត្ថបទដោយ រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
The post ដីសើមបឹងស្នេហ៍ ជាជម្រកសត្វស្លាបរាប់លានក្បាល appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)