បទពិសោធន៍ដាំជីគ្រប់មុខ
លោកពូ អូក ស៊ុន ជាកសិកររស់នៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ គាត់មានបទពិសោធន៍ដាំជីគ្រប់មុខដូចជា ជីក្រសាំងទំហំ ជីអង្កាម ជីនាងវង ដុះលូតលាស់បានល្អ ដោយមិនប្រើប្រាស់ថ្នាំពុលគីមី និងជីគីមីឡើយ។ បទពិសោធន៍នេះជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់។
១. របៀបរៀបចំពូជដាំ
ក្នុងការដាំ គាត់បានទិញដើមមកពីផ្សារ រួចផ្អាប់ទុករយៈពេលមួយល្ងាច ឬមួយយប់ (ប្រោះទឹកកុំឲ្យស្លោកដើម)។ គាត់ដាំនៅពេលល្ងាច ព្រោះអាកាសធាតុត្រជាក់ និងមានទឹកសន្សើម។
២. របៀបធ្វើដីដាំជី
- គាត់ចាប់ភ្ជួរដីហាលចំនួន៧ថ្ងៃ ទើបលើករងដាំ។ រងនិមួយៗមានទំហំទទឹងប្រវែង៨តឹក និងបណ្តោយទៅតាមស្ថានភាពដី។
- ក្រោយពីរៀបចំរងរួច គាត់បានប្រើនូវប្រភេទជីលាមកសត្វពុកផុយ និងកាកសំណល់រុក្ខជាតិស្ងួតៗ ព្រមទាំងដីដំបូកច្របល់ចូលគ្នាឲ្យសព្វរួចយកទៅរោយលើរង។ បន្ទាប់មក កាប់ដីត្រឡប់ចុះឡើង ដើម្បីឲ្យដីលាយគ្នាជាមួយជីបានស្មើល្អ រួចស្រោចទឹកពីលើរងដែលបានរៀបចំរួច។
៣. ការដាំដុះ
យកដើមជីដែលបានផ្សាំទុកនោះមកដាំលើរងដែលបានរៀបចំរួច។ គាត់ដាំជា៤ជួរ និងចន្លោះពីដើមមួយទៅដើមមួយមានប្រវែង១-២តឹក។ ក្រោយពីដាំរួច គាត់យកស្លឹកដូង ឬស្លឹកត្នោតទៅគ្របពីលើ ដើម្បីការពារកុំឲ្យជីត្រូវក្តៅពេក នាំឲ្យអន់ឬងាប់ដើមជី (គ្របពេលព្រឹក ចាប់ពីម៉ោង៩ព្រឹក ដល់រសៀលម៉ោង៤) នៅពេលល្ងាចបើកគំរបចេញ។ ធ្វើដូចនេះរហូតដល់រយៈពេល៤-៥ថ្ងៃទើបឈប់។
៤. ការថែទាំ
ក្នុងការថែទាំ គាត់ធ្វើការស្រោចទឹកមួយថ្ងៃ២ដង ព្រឹកនិងល្ងាច។ រយៈពេល២០ថ្ងៃ ក្រោយពីដាំ គាត់ជ្រោយបំផុសដីខ្លះៗ ដើម្បីឲ្យមានខ្យល់ចេញចូល ដីធូរជំរុញការលូតលាស់។ នៅពេលសង្កេតឃើញមានសត្វល្អិតមកបំផ្លាញ គាត់ស្រោចប្រភេទថ្នាំផ្សំពីរុក្ខជាតិរាល់៣-៤ថ្ងៃម្តង ដើម្បីទប់ទល់ពីការបំផ្លាញរបស់សត្វល្អិត។ របៀបផ្សំបង្ហាញជូនដូចខាងក្រោម៖
ក. ធាតុផ្សំ. ថ្នាំផ្សំពីរុក្ខជាតិមានធាតុផ្សំមួយចំនួនដូចជា សំបកស្តៅ៣គីឡូក្រាម លាមកគោស្រស់២បង្គី អាចម៍មាន់មួយបង្គី ទឹកនោមគោ៥លីត្រ ទន្រ្ទានខែត្រ៥គីឡូក្រាម (ចិញ្ច្រាំឲ្យល្អិត) និងទឹកធម្មតា១៥លីត្រ។
ខ. របៀបផ្សំ. យកធាតុផ្សំដាក់ច្របល់បញ្ចូលគ្នាឲ្យសព្វ រួចយកទៅដាក់ក្នុងពាងទុករយៈពេល ១៥-២០ថ្ងៃទើបអាចយកវាមកប្រើបាន។ ក្នុងពេលរក្សាទុក ត្រូវបង្ហើបគំរបកូរវាមួយថ្ងៃម្តង រយៈពេល៥នាទីដើម្បីឲ្យថ្នាំឆាប់កាច់។
គ. របៀបប្រើប្រាស់
- យកទឹកជី២លីត្រ លាយទឹកធម្មតាមួយអំរែក ស្រោចរយៈពេល៣ថ្ងៃម្តង
- ស្រោចនៅពេលល្ងាចត្រជាក់
- ពេលព្រឹកស្អែកឡើងស្រោចទឹកតាមធម្មតាលាង។
៥. ការប្រមូលផល
- ក្រោយពីដាំបានរយៈពេល២៥ថ្ងៃ គាត់អាចប្រមូលផលបាន (ការប្រមូលផលត្រូវប្រើកាំបិតមុតហាមបេះដោយដៃដោយសារវាអាចធ្វើឲ្យជីក្រិន មិនអាចដុះលូតលាស់ល្អ)។
- ជីដែលគាត់បានដាំ២០រង ប្រមូលផលបាន១០គីឡូក្រាមក្នុងមួយដង។ ក្នុងមួយគីឡូ លក់បានតំលៃ ២.០០០រៀល។ ប្រមូលផលរាល់៣ថ្ងៃម្តង រហូតដល់ជីមានអាយុ២ខែទើបឈប់។
- រយៈពេល២ខែ គាត់ប្រមូលផលបាន២០ដង សរុបទឹកប្រាក់លក់បាន ៤០០.០០០រៀល(លក់ដុំ) គាត់អាចលក់រាយបានខ្លះប៉ុន្តែមិនបានសរុបទឹកប្រាក់ទេ។
៦. ចំណាប់អារម្មណ៍របស់កសិករ
តាមរយៈការដាំជីនេះ អាចជួយសំរួលដល់ជីវភាពក្រុមគ្រួសាររបស់គាត់បានច្រើន ព្រោះការប្រមូលផលមិនកំណត់ប៉ុន្មានទេ គឺក្រៅពីបេះលក់ដុំ គាត់អាចបេះជីនេះលក់រាយនៅពេលមានគេមកទិញនៅផ្ទះ ហើយជួនកាលគាត់បេះចែកអ្នកជិតខាងបានមួយចំនួនទៀត។ គាត់មានប្រសាសន៍ទៀតថា ជីនេះមានលក្ខណៈងាយស្រួលដាំដុះ ពុំសូវចំណាយដើមទុនគឺ ភាគច្រើនចំណាយពលកម្មខ្លួនឯង៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
The post បទពិសោធន៍ដាំជីគ្រប់មុខ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)