រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម
បឹងយក្សឡោម គឺជាបឹងមួយស្ថិតនៅក្នុងសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ បឹងយក្ខឡោមមានផៃ្ទទឹកពណ៌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម្លេះ។ ទិដ្ឋភាពក្នុងបរិវេណបឹងយក្ខឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាក្នុងនោះមានដើមមាក់ប្រេង មាក់ប្រាង សាវម៉ាវ សិរមាន់ ភ្ញៀវផងដែរ ដុះអមជុំវិញបឹងដែលជាម្លប់សម្រាប់កម្សាន្ត និងសម្រាកកកាយ។ បឹងយក្សឡោមមានរាងមូលដែលមានអង្កត់ផ្ចិតប្រវែង ៧៥០ម៉ែត្រ ជម្រៅ ៤៨ម៉ែត្រ ដែលមានចំងាយប្រមាណ ៥គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី។
ប្រវត្តិរមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម
អ្នកស្រាវជ្រាវយល់ថា ទីបឹងនេះឯង ជារន្ធឬមាត់ភ្នំភ្លើងកាលពីសម័យបុរាណ ហើយផុតរលត់ទៅ នៅសល់តែស្នាមដាន, ហេតុនេះ បានជាមានបឹងនោះជ្រៅដល់ទៅជម្រៅ ៧០-៨០ម៉ែត្រ ឯឯកសារខ្លះទៀតថាជម្រៅមានតែ៤៨ម៉ែត្រប៉ុណ្ណោះ ហើយមានរង្វះមាត់មូលដូចថាសនិងព័ទ្ធជុំវិញសុទ្ធតែភ្នំ ហើយដែលសព្វថ្ងៃទៅជារមណីយដ្ឋានមួយយ៉ាងប្រសើរ សម្រាប់អ្នកទៅទស្សនា។
ចំពោះអ្នកភូមិរស់នៅតំបន់នោះ គឺជាជនជាតិដើមភាគតិច ហើយពួកគេបាននាំគ្នាសង់ផ្ទះតាមម្លប់ព្រៃនៃខ្ពង់រាបក្បែរៗមាត់បឹងនេះ ដោយជឿថា ទឹកបឹងនេះមានព្រលឹង វិញ្ញាណ ហើយពូកគេទាំងអស់គ្នាតែងតែគោរពបូជា និងធ្វើការបន់ស្រន់ ប្រាថ្នាសុំវត្តុសក្តិសិទ្ធិ ឲ្យជួយថែរក្សាទឹកដីបុព្វបុរសខ្លួនឲ្យនៅគង់វង្សជានិច្ច។
រមណីយដ្ឋានបឹងយក្ខឡោម មានបន្ទប់ទឹកអនាម័យ តូបលក់នំចំណី ម្ហូបអាហារ វត្តុអនុស្សវរីយ៍ ជូនភ្ញៀវជាតិ និងអន្តរជាតិ។ ចំពោះឈ្មោះនៃរមណីយដ្ឋាននេះ ក៏មានភ្ញៀវទេសចរណ៍ជាច្រើនចង់ដឹងពីការដាក់ឈ្មោះឲ្យបឹងនេះថា «បឹងយក្ខឡោម» ផងដែរ។
រឿងព្រេង និងរឿងប្រជាប្រិយទាក់ទងនឹង បឹងយក្ខឡោម
១-តាំងពីយូរលង់មកហើយ មានស្ដេចក្រុងយក្ខមួយ មានឫទ្ធិអំណាចខ្លាំងពូកែណាស់ ព្រះអង្គមានព្រះរាជបុត្រីមួយស្អាតលើសស្រីនានា, ទាំងសក់ទាំងរូបកាយរបស់នាងតែងមានក្លិនក្រអូបជានិច្ចរៀងរាល់ថ្ងៃ ទើបយក្សជាបិតាឲ្យនាមបុត្រីនោះថា «នាងសក់ក្រអូប»។ លុះដល់មានវ័យជំទង់កាលណា ក៏មានមនុស្សមួយរូបខ្លាំងពូកែណាស់ដែរ បានចូលទៅលបលួចលួងលោមស្នេហាជាមួយនាង។ ទាំងពីរប្រាណដោយភ័យខ្លាចស្ដេចយក្ខជាបិតាដឹង ក៏នាំគ្នារត់មកក្នុងព្រៃមួយ។ ក្រោយមក ស្ដេចក្រុងយក្ខ ដឹងរឿងរ៉ាវនេះ ក៏ផ្អើលឆោឡោស្រែកឡូឡា កេណ្ឌពលយក្ខជាបរិវារហោះហើរតាមរកកូនសំឡាញ់ខ្លួន ដល់មកត្រង់កន្លែងព្រៃស្ដុកនេះ ក៏មានសេចក្ដីសង្ស័យថា ប្រហែលជាបុត្រីខ្លួននៅទីនេះ ទើបបញ្ជាឲ្យយក្ខជាកូនចៅ យាមល្បាតព័ទ្ធព្រៃនោះយ៉ាងមាំ ហើយឲ្យយក្ខមួយក្រុមទៀតដកព្រៃព្រឹក្សាគ្រវែងចោល ហើយនាំគ្នាជីកកកាយរកនាង តែទោះបីជីកយ៉ាងណាក៏រកពុំឃើញ ទើបស្ដេចក្រុងយក្ខនាំបរិវារត្រឡប់ទៅនគរដើមវិញ។
អាស្រ័យហេតុពួកយក្ខ កកាយរកនាងសក់ក្រអូបនេះ ទើបមាននៅសល់ជាស្រះមួយនៅរតនគិរី ហៅថា «ស្រះយក្ខឡោម» រហូតដល់សព្វថ្ងៃ ដែលបច្ចុប្បន្នគេនិយមហៅថា «បឹងយក្ខឡោម»។
២-មានរឿងព្រេងមួយទៀតបាននិទានថា មានមេទ័ពយក្សមួយរូបដែលព្យាយាមចាប់បុត្រីស្ដេចយក្ខ និងបំបែកនាងពីសង្សាររបស់នាង។ នៅពេលកងទាហានរបស់មេទ័ពនោះឡោមព័ទ្ធជុំវិញភ្នំដែលពួកគេកំពុងលាក់ខ្លួន គូស្នេហ៍មួយគូនេះគិតថាមិនមានផ្លូវគេចខ្លួនឡើយ។ ដោយសារតែស្នេហ៍ពិតរបស់ពួកគេទើបពួកគេទាំងពីអ្នកក៏សូមបួងសួងឲ្យលិចបាត់ចូលទៅក្នុងដី។ ពួកគេទាំងពីរនាក់ចាប់ផ្ដើមបួងសួងដល់ថាមពលព្រលឹងព្រះឥសី និងគ្រប់ព្រះទាំងអស់ថា «ជាមួយថាមពលទិព្វដ៏គួរឲ្យគោរពការពារតំបន់នេះជានិច្ចកាលនោះ យើងសូមបូជាជីវិតរបស់យើង សូមឲ្យលិចចុះទៅក្រោមដី»។ ភ្លាមនោះ តំបន់ភ្នំក៏លិចចូលទៅក្នុងដីបូករួមទាំងបុត្រីរបស់ស្ដេចយក្ស និងសង្សារ។ ហេតុនេះហើយបានជាកំពូលភ្នំក្លាយជាបឹងដ៏ជ្រៅ និងជាហេតុផលដែលប្រជាជនក្នុងតំបន់ហៅបឹងនេះថា «យក្សឡោម»។
៣-មានរឿងនិទាទប្រជាប្រិយមួយទៀតបាននិទានថា ពាក្យ «យាក់ឡោម» ត្រូវសរសេរដូច្នេះទៅវិញ, ព្រោះថា មកពីដើមហេតុពាក្យ «យាក់» ក្លាយមកពី «យ៉ាក់» ភាសាអ្នកស្រុកនោះបុរាណ ប្រែថា «មេ, នាយ», ឯពាក្យ «ឡោម» ជាឈ្មោះមនុស្ស។ ដូច្នេះ បានសេចក្ដីថា មាននាយក្រុមម្នាក់ឈ្មោះឡោម ជាអ្នកត្រួតត្រានៅភូមិភាគខាងជួរភ្នំនោះ ម្ល៉ោះហើយអ្នកផង ក៏សន្មតហៅឈ្មោះទីកន្លែងនោះឯង តាមនាម និងងារសក្ដិ អ្នកត្រួតត្រានោះទៅ៕
រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)