បទពិសោធន៍ដាំដំណាំខ្ទឹមក្រហម (កសិករ ផាន សាវុទ)
បងប្រុស ផាន សាវុទ ជាកសិកររស់នៅភូមិខ្វារ ខណ្ឌដង្កោ សង្កាត់ដង្កោ រាជធានីភ្នំពេញ។ គាត់មានបទពិសោធន៍ដាំខ្ទឹមក្រហមអស់រយៈពេលជាច្រើនឆ្នាំមកហើយ បទពិសោធន៍នេះ គាត់ចេះពីឪពុកម្ដាយគាត់ តៗគ្នាមក។ បទពិសោធន៍របស់គាត់បង្ហាញជូនដូចខាងក្រោម។
១. ការរៀបចំដី. មុនពេលដាំ គាត់ភ្ជួរដីហាលចោលរយៈពេល១ខែ គឺចាប់ភ្ជួរពីខែវិច្ឆិកា រហូតដល់ខែធ្នូ ដើម្បីឲ្យដីស្រស់ទឹកល្អ និងទុកឲ្យស្មៅ ព្រមទាំងកាកសំណល់រុក្ខជាតិរលួយ, ភ្ជួរលើកទី២បំផុសដី និងលើកជារងដាំតែម្ដង។
២. ការរៀបចំរងដាំ. ក្រោយពីភ្ជួរបំបែកដីលើកទី២មក គាត់បានលើកជារងដែលមានទទឹង១,៥ម៉ែត្រ កំពស់១,៥តឹក និងបណ្ដោយទៅតាមស្ថានភាពដី។ គាត់បានជ្រុំជីលាមកគោក្រៀមពុកផុយចំនួន១០បង្គី លាយជាមួយដីដំបូកចំនួន៥បង្គីក្នុងមួយរង។
៣. ការដាំ. ក្នុងការដាំ គាត់បានយកមើមខ្ទឹមក្រហម ដែលគាត់បានទុកពូជពីរដូវមុន ដាំដោយទុកចន្លោះគុម្ពពីមួយទៅមួយ១តឹក។ ក្រោយពីកប់មើមដាំហើយ គាត់ធ្វើការស្រោចទឹកជាប្រចាំមួយថ្ងៃ២ដង។ ក្រោយពីដាំបានរយៈពេល៥ថ្ងៃ ស្លឹកខ្ចីចាប់ផ្ដើមលូតលាស់។
៤. ការថែទាំ. គាត់ឧស្សាហ៍ធ្វើស្មៅនៅពេលសង្កេតឃើញមានស្មៅដុះ។ នៅពេលខ្ទឹមចាប់ផ្ដើមលូតលាស់(ក្រោយពីដាំ៧ថ្ងៃ) គាត់ចាប់ធ្វើស្មៅបំផុសដីលើរង និងក្រាលចំបើងគ្របនៅលើរង ដើម្បីការពារកុំឲ្យស្មៅដុះ ព្រមទាំងការពារការហួតសំណើមពីក្នុងដី។ ចំពោះការស្រោចស្រពរយៈពេល១ថ្ងៃ២ដង (ព្រឹក-ល្ងាច) រហូតដល់ខ្ទឹមចេញផ្កា ទើបកាត់បន្ថយការស្រោចទឹកនៅមួយថ្ងៃម្ដង។ ដំណាំខ្ទឹមក្រហមមិនសូវមានការបំផ្លាញពីសត្វល្អិតចង្រៃទេ។ ដូច្នេះគាត់មិនបានប្រើថ្នាំសំលាប់សត្វល្អិតឡើយ។ ចំណែកជីបំប៉ន គាត់បានប្រើជីលាមកគោពុកផុយ និងដីដំបូកជ្រុំដាក់នៅក្នុងរងនៅពេលធ្វើស្មៅ (ក្នុង១រង ដាក់ជីលាមកសត្វពុកផុយ១បង្គី និងដីដំបូក១បង្គី។
៥. ការប្រមូលផល. ការប្រមូលផលចាប់ផ្ដើមនៅពេលខ្ទឹមមានអាយុ២ខែកន្លះ ទៅ ៣ខែ គឺនៅពេលដែលសង្កេតឃើញថាស្លឹកខ្ទឹមចាប់ផ្ដើមស្វិត ពេលនោះយើងអាចប្រមូលមើមបាន។ របៀបប្រមូលផល ត្រូវយកចបមកជីកបង្ហើបគល់រួចចាប់ដកដោយដៃ។ ធ្វើរបៀបនេះដើម្បីកុំឲ្យដាច់មើម។ ក្រោយពីប្រមូលផលហើយ គាត់កាត់យកមើមមកហាលថ្ងៃចំនួន២-៣ថ្ងៃ ដើម្បីឲ្យស្ងួតល្អនិងរក្សាទុកបានយូរ។
តាមបទពិសោធន៍របស់គាត់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក គាត់ទទួលបាននូវមេរៀនមួយចំនួនដូចខាងក្រោម៖
- ចំពោះដំណាំខ្ទឹមក្រហមត្រូវការដីដែលមានជីជាតិច្រើន ដូច្នេះយើងអាចប្រើលាមកផុយលាយជាមួយដីដំបូក
- យើងប្រើចំបើងគ្របលើរង ឬគ្របគល់ខ្ទឹមដើម្បីរក្សាសំណើមក្នុងដី និងជួយបង្កើនជីជាតិដីពេលចំបើងរលួយ។
បងប្រុសបានបន្ថែមទៀតថា ការដាំខ្ទឹមក្រហមពុំចំណាយលុយក្នុងការទិញថ្នាំសំលាប់សត្វល្អិតទេ ព្រោះដំណាំខ្ទឹមក្លិនក្រពុល ធ្វើឲ្យសត្ចទៅឆ្ងាយ ហើយម្យ៉ាងទៀតមើមខ្ទឹមក្រហមមានតំលៃខ្ពស់ជាងមើមខ្ទឹមស៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)