បទពិសោធន៍ដាំស្ពៃបូកគោដោយមិនប្រើជី និងថ្នាំពុលគីមី
អ្នកមីង នូ សុំ រស់នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គាត់មានបទពិសោធន៍ដាំស្ពៃបូកគោដោយមិនប្រើថ្នាំពុល និងជីគីមី។ បទពិសោធន៍នេះ គាត់ចេះមកពីបុគ្គលិកអង្គការសេដាក រួមផ្សំនិងបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់។ ដើម្បីផ្ដល់ជាគំនិតដល់កសិករផ្សេងទៀត យើងសូមលើកយកបទពិសោធន៍នោះមកបង្ហាញជូនដូចខាងក្រោម។
១. ការរៀបចំដីសាប
ក្នុងការសាបគ្រាប់ គាត់រៀបចំរានកំពស់១ម៉ែត្រ បណ្ដោយ១ម៉ែត្រ និងទទឹង១,៨ម៉ែត្រ។ ការសាបនៅលើរាននេះ ដើម្បីការពារកុំឲ្យស្រមោចពាំគ្រាប់។ នៅលើរាន គាត់បានរៀបចំដីដោយមានលាយខ្សាច់១បង្គី ដីដំបូក១បង្គី ជីកំប៉ុស្ត១បង្គី លាមកសត្វពុកផុយ១បង្គី ប្របល់ចូលគ្នាឲ្យសព្វ ចាក់ក្រាលនៅលើរានកំរាស់ដី១,៥តឹក ហាលទុករយៈពេល២ថ្ងៃទើបយកគ្រាប់ទៅសាប។
២. ការសាប
គ្រាប់ពូជដែលគាត់យកមកដាំគឺ បានមកពីទិញនៅទីផ្សារ។ មុខសាប គាត់បានយកគ្រាប់ពូជទៅហាលថ្ងៃស្រទន់រយៈពេល២-៣ម៉ោងដើម្បីដាស់ដំណេកគ្រាប់ បន្ទាប់មកយកគ្រាប់ច្របល់លាយជាមួយផេះដើម្បីសាបឲ្យបានស្មើល្អ។ ក្រោយសាបហើយគាត់ស្រោចទឹករៀងរាល់ថ្ងៃ (១ថ្ងៃម្ដង) ស្រោចទឹកជីកំប៉ុស្ត៣ថ្ងៃម្ដង។ ក្រោយពីសាបបានរយៈពេល១៦ទៅ២០ថ្ងៃ គាត់ដកកូនយកទៅដាំនៅលើរង។
៣. ការរៀបចំដីដាំ និងការដាំ
ក្នុងការរៀបចំដីដាំ គាត់បានភ្ជួរដីហាលចោលរយៈពេល៣ថ្ងៃ ដើម្បីឲ្យដីឆ្អិននិងស្រស់ទឹកល្អ។ គាត់ដាំស្ពៃចំនួន២រង ដោយរងនិមួយៗមានបណ្ដោយ ២០ម៉ែត្រ ទទឹង១ម៉ែត្រ និងកំពស់១,៥តឹក។ នៅលើរងនិមួយៗ គាត់បានដាក់ជីកំប៉ុស្តជ្រុំចំនួន៥បង្គី ។ បន្ទាប់មក ស្រោចទឹកលើរងឲ្យជោគទើបដកកូនស្ពៃមកដាំ។ ការដាំកូនធ្វើឡើងនៅពេលល្ងាចត្រជាក់ ដើម្បីកុំឲ្យស្រពោនដើម។ នៅក្នុងការដាំ គាត់រើសតែកូនស្ពៃណាដែលថ្លោសល្អយកមកដាំ។ ក្រោយពីដាំកូនរួច គាត់បានយកចំបើងមកក្រាលចន្លោះគុម្ព ដើម្បីការពារកុំឲ្យខ្ទាតដីប៉ះដើមព្រមទាំងគ្របធាងដូងកុំឲ្យស្ពៃស្វិតស្រពោននៅពេលត្រូវពន្លឺថ្ងៃ (គ្របចាប់ពីម៉ោង៩ព្រឹក-៤ល្ងាច)។
៤. ការថែទាំ
ក្នុងការថែទាំ គាត់បានយកចិត្តទុកដាក់ទៅលើការធ្វើស្មៅ បំផុសដី ការស្រោចទឹកនិងការស្រោចជីបំប៉ន។ គាត់ស្រោចទឹក១ថ្ងៃ២ដង (ព្រឹកនិងល្ងាច) និងធ្វើស្មៅបំផុសដីនៅពេលសង្កេតឃើញមានស្មៅដុះច្រើន។គាត់បានស្រោចជីបំប៉នរយៈពេល៣ថ្ងៃម្តង និងស្រោចទឹកថ្នាំពុលធម្មជាតិ៣ថ្ងៃម្តងដែរ ដើម្បីការពារសត្វល្អិតបំផ្លាញ។
៥. ការប្រមូលផល
គាត់ចាប់ផ្តើមប្រមូលផលនៅពេលដែលស្ពៃមានអាយុ៤៥-៥០ថ្ងៃក្រោយពីដាំ។ នៅលើផ្ទៃដី៤៥ម៉ែត្រការ៉េ(២រង) គាត់ប្រមូលផលបាន៨០គីឡូក្រាម និងលក់ឲ្យទីផ្សារកសិផលធម្មជាតិរបស់អង្គការសេដាក បានតំលៃ១.៥០០រៀលក្នុង១គីឡូក្រាម។ សរុបក្នុងរយៈពេល១ខែកន្លះ គាត់ទទួលបានចំណូលដល់ ១២០.០០០រៀល។ បើកាត់លើការចំណាយទិញគ្រាប់ពូជអស់ ៦.៥០០រៀល។ គាត់ទទួលបានប្រាក់ចំណូល ១១៣.៥០០រៀល។
សរុបមកបច្ចេកទេសសំខាន់ៗ ក្នុងការដាំស្ពៃបូកគោមាន៖
|
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)