បទពិសោធន៍ដាំខ្នុរឲ្យមានផ្លែច្រើន
តាមការសង្កេតឃើញក្នុងការដាំដុះឈើហូបផ្លែនៅប្រទេសកម្ពុជា មានកសិករមួយចំនួនមានបច្ចេកទេសផ្សេងៗគ្នាក្នុងការដាំដុះឈើហូបផ្លែដូចជា ស្វាយ ខ្នុរ។ល។ ដូចជាការកាប់សំបកឈើ (ដើម) ដើម្បីឲ្យបានផ្លែច្រើន។ ជាក់ស្ដែងលោក ណាវ រ៉ា ដែលជាអ្នកផ្សព្វផ្សាយកសិកម្មរបស់គំរោងប្រព័ន្ធស្រោចស្រពស្ទឹងជីនិត ខេត្តកំពង់ធំ បានសាកល្បងបទពិសោធន៍លើដើមខ្នុររបស់គាត់ចំនួន១ដើម ដែលមានអាយុ៣ឆ្នាំជាង ក្នុងចំណោមដើមខ្នុរ៤ដើម។ ដើមខ្នុរទាំង៤ដើមនេះ មានការស្រោចស្រព និងការដាក់ជីដូចគ្នាទាំងអស់។ បទពិសោធន៍នេះ គាត់ចេះពីអ្នកភូមិរបស់គាត់ដែលរស់នៅជិតគ្នា។ចំពោះការអនុវត្ត និងលទ្ធផលបង្ហាញជូនដូចខាងក្រោម។
១. ការអនុវត្ត
- គាត់បានកាប់សំបកដើមខ្នុរដោយប្រើកាំបិត (យើងអាចប្រើពូថៅទទឹងមុខធំ)
- កាប់សំបកលើដើមចំនួន៩កាំបិត (នៅជុំវិញដើមលៃយ៉ាងណាឲ្យបាន៣ជួរ ក្នុងមួយជួរត្រូវកាប់ ៣កាំបិត បន្លោះកាប់ពីមុខកាំបិតមួយទៅមុខកាំបិតមួយទៀត ស្មើ១តឹក)។ ពេលវេលានៃការកាប់គឺ នៅរដូវណាក៏បានឲ្យតែមានទឹកស្រោចស្រពគ្រប់គ្រាន់។ ជាពិសេស បើគេអនុវត្តលើដើមស្វាយគួរកាប់មុនពេលចេញផ្ការយៈពេល៣ខែ
- ទីកន្លែងកាប់ត្រូវ ០,៥ម៉ែត្រពីដីទៅលើ
- ក្រោយពេលកាប់បានរយៈពេល ២៤ម៉ោង ត្រូវយកកំបោរសលាយទឹកទៅលាបមុខកាប់ ដើម្បីការពារកុំឲ្យចេញជ័រ និងការពារកុំឲ្យមានជំងឺ។
២. លទ្ធផលនៃការពិសោធន៍. ក្រោយពេលកាប់សំបករួចបានរយៈពេល១ខែ គាត់សង្កេតឃើញ មានភាពប្រែប្រួលដូចខាងក្រោម៖
- ដើមខ្នុរ ១ដើម ដែលកាប់សំបកចេញផ្កា ផ្លែ ជាទីពេញចិត្ត ប៉ុន្តែពុំមានការលូតលាស់ដងដើមទេ (សារធាតុចិញ្ចឹមត្រូវបានបំប៉នទៅលើផ្កា)
- ចំពោះដើមខ្នុរ៣ដើមទៀត ដែលពុំបានកាប់សំបក គ្មានផ្លែ ចេញតែផ្កាឈ្មោលស្អុយចោល គាត់សង្កេតឃើញខ្នុរទាំង៣ដើមនោះ វាប្រឹងលូតលាស់កំពស់ដើម ពង្រីកទំហំដើម និងខំធ្វើការបែកមែក ជាហេតុធ្វើឲ្យការចេញផ្លែផ្កាខ្សោយ
- រយៈពេល ៣-៦ខែ ក្រោយពីកាប់ខ្នុរចាប់ចេញផ្កាផ្លែ។
៣. កំណត់សំគាល់គួរចងចាំនៅពេលអនុវត្ត
- កាប់ឲ្យមុតតែសំបកដើមឈើ មិនត្រូវឲ្យមុតដល់សាច់ឈើ (បើមុតសាច់ឈើ ពេលដុះសំបកថ្មីបណ្ដាលឲ្យពកសំបក)
- មិនត្រូវកាប់សំបកដោយចំនួនមុខកាំបិតច្រើនហួសហេតុ បណ្ដាលឲ្យដើមឈើអន់ និងអន្តរាយទៅវិញទេ
- ក្រោយពេលកាប់១យប់១ថ្ងៃ ត្រូវលាបកំបោរស ដោយចាំបាច់មិននអាចខានបាន
- ចំពោះដើមឈើហូបផ្លែទាំងឡាយណាដែលមានសភាពពុំសូវលូតលាស់ ក្រិន ឬដើមឈើធំ ចាស់លែង លូតលាស់ដើមដង មិនចាំបាច់អនុវត្តវិធីនេះទេ
- ប្រសិទ្ធភាពនៃការកាប់សំបក ផ្អាកការលូតលាស់រុក្ខជាតិពី ៣ទៅ៦ខែ។ ហេតុនេះ គួរតែកាប់សំបកឲ្យបានពី ៣ទៅ៤ខែ មុនរដូវចេញផ្កា។
នេះជាការសាកល្បងរបស់លោកពូ ណាវ រ៉ា ឃើញថា បានទទួលជោគជ័យដូចជាអ្នកភូមិរបស់គាត់ដែរ។ ដូច្នេះ បើបងប្អូនកសិករចង់សាកល្បង សូមអនុវត្តតាមបច្ចេកទេសខាងលើ៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)