បទពិសោធន៍ដាំខ្ញីទុកធ្វើពូជ
លោកពូ បាន សួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ គាត់មានបទពិសោធន៍ដាំខ្ញីទុកធ្វើពូជបានយ៉ាងល្អ។ បទពិសោធន៍នេះគាត់ចេះពីឪពុកម្ដាយរបស់គាត់តៗមក យើងសូមលើកយកមកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។
១. ការរៀបចំដី
គាត់ភ្ជួរដីដាំជំរៅ ២តឹក ទៅ ២,៥តឹក ដោយមានកប់នូវកាកសំណល់រុក្ខជាតិ ជីលាមកសត្វទៅក្នុងដី និងហាលទុកមួយរយៈពេលប្រហែល១០ថ្ងៃ ទើបចាប់ភ្ជួររស់លើកទី២ និងលើកជារងដាំ។ រងដាំខ្ញីគាត់លើករាងដូចខ្នើយ ដែលមានទទឹង៨តឹក និងបណ្ដោយទៅតាមស្ថានភាពដី។ នៅលើរង (ខ្នើយ) គាត់បានជ្រុំដាក់ជីកំប៉ុស្ត ស្លឹកឈើស្ងួតៗ ទឹកនោមរយៈពេល ១អាទិត្យទើបដាក់ខ្ញីដាំ។
២. របៀបដាំខ្ញី
ខ្ញីដែលគាត់ដាំជាពូជដែលបានមកពីខេត្តកំពត។ គាត់ដាក់ខ្ញីដាំជាជួរនៅលើខ្នើយ (ដាំទទឹងខ្នើយ) ក្នុងមួយជួរដាំ៥មើម(មើមតូចៗ) ដោយជ្រើសរើសយកមើមចាស់ល្មមមកដាំ។ មើមចាស់ខ្លាំងពេក ធ្វើឲ្យសកម្មភាពលូតលាស់ និងការដុះពន្លកយឺត។ មើមខ្ចីពេកសំបូរទៅដោយជាតិទឹក ពុំសូវសំបូរសារធាតុចិញ្ចឹមធ្វើឲ្យការលូតលាស់ មិនសូវបានល្អ។ ក្នុងការដាំគាត់កប់មើមមិនឲ្យជ្រៅពេកទេ កប់ប្រហែល៥សង្ទីម៉ែត្រ (កន្លះតឹក) ដើម្បីឲ្យខ្ញីឆាប់ដុះពន្លកចេញផុតពីដី ជៀសវៀងការរលួយនៅពេលមានសំណើមខ្លាំង។ បន្ទាប់ពីកប់មើមដាំហើយគាត់លុបដីសើរៗពីលើ រួចយកស្លឹកអំពៅស្ញួតៗគ្របបន្ថែមពីលើ ដើម្បីជៀសវៀងការហួតសំណើម ព្រោះគាត់ដាំនៅរដូវប្រាំងនិងការពារកុំឲ្យដីហាប់មុខលើ នៅពេលស្រោចទឹក។
៣. ការថែទាំ
ចំពោះការថែទាំ គាត់បានធ្វើការស្រោចទឹក១ថ្ងៃម្តង ឬ ២ដងនៅរដូវប្រាំង មើលទៅតាមសភាពដីកុំឲ្យសើមពេកជៀសវៀងការរលួយមើម។ នៅរដូវវស្សាគាត់មិនបានធ្វើការស្រោចទឹកទេ។ នៅពេលដែលគាត់សង្កេតឃើញថាមើមដុះឡើងមកលើដី គាត់បានយកដីលុបមើមសើរៗពីលើ និងបន្តការដាក់ស្លឹកអំពៅងាប់ៗពីលើដើម្បីគ្របមើម និងការពារកុំឲ្យហួតសំណើមព្រមទាំងធ្វើការដកស្មៅ បំផុសដី ដើម្បីឲ្យដីធូរមានខ្យល់ចេញចូល។ ក្នុងករណីមានភ្លៀងជោរជន់ និមានទឹកដក់ច្រើន គាត់បង្ហូរទឹកចេញឲ្យស្ងួតជៀសវៀងការរលួយមើម។
៤. ការប្រមូលផល
ចំពោះការប្រមូលផលលក់ ធ្វើឡើងក្រោយពីដាំបានរយៈពេល៤ខែ។ គាត់ដាំមើមអស់ ១០០គីឡូក្រាម ទទួលបានផលមកវិញ១តោនមើម។ ចំពោះការដាំទុកធ្វើពូជ គាត់ប្រមូលផលមានរយៈពេល ៦-៧ខែ ក្រោយពីដាំ គឺទុកឲ្យដើមខ្ញីដួលរលំអស់ ការប្រមូផលធ្វើឡើងដោយប្រើចបជីកគាស់។
៥. ការរក្សាទុកពូជ
បន្ទាប់ពីប្រមូលផលហើយ គាត់បានយកមើមខ្ញីមកសំដិលនៅក្រោមម្លប់ឈើដែលមិនសូវមានកំដៅខ្លាំង តែការពារកុំឲ្យត្រូវទឹកភ្លៀងដែលជាហេតុបណ្ដាលឲ្យមើមរលួយទុកមិនបានយូរ។ កន្លែងដែលត្រូវសំដិលខ្ញីហាលទុកពូជត្រូវធ្វើរានឲ្យផុតពីដី និងមានខ្យល់ចេញចូលពីខាងក្រោម។ ការរក្សាទុកពូជបែបនេះ ប្រើរយៈពេលពី ២០ ទៅ ៣០ថ្ងៃ លៃយ៉ាងណាឲ្យមើមស្វិតបន្តិច ទើបគាត់យកទៅដាក់ដាំ។
លោកពូមានប្រសាសមន៍ថា ការដាំមើមស្រស់ធ្វើឲ្យជាតិទឹកបន្សល់ទុកនៅក្នុងមើមច្រើន អាចបង្កឲ្យមើម ឬ ពន្លកមើមឆាប់រលួយ។ កាលណាយើងហាលឲ្យស្រកជាតិទឹក ការលូតលាស់ល្អពុំមានការរលួយមើមនៅពេលដាំ។
សរុបមកបច្ចេកទេសដាំ និងថែរក្សាពូជខ្ញីមាន៖
|
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)