បទពិសោធន៍ដាំសណ្តែកកួរដោយគ្របថង់ប្លាស្ទិក

លោកពូ ស៊ាង ថន ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិក្រសាំងទង​ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ គាត់ជាមនុស្សដែលស្រឡាញ់ការដាំដុះ​ហើយគាត់តែងតែសាកល្បងនូវគំនិតថ្មីជានិច្ច។នៅពេលនេះយើងសូមលើកយកបទពិសោធន៍ដាំសណ្តែកកួរដោយប្រើថង់ប្លាស្ទិក មកបង្ហាញជូនដែលជាគំនិតសាកល្បងរបស់គាត់ដែលបានទទួលពីស្ថានីយពិសោធន៍ពូជបន្លែនៅក្បាលកោះ។

១. របៀបរៀបចំរងដាំ

ដីដែលត្រៀមដាំសណ្តែកត្រូវបានភ្ជួររាស់ ហើយហាលថ្ងៃចោលចំនួន២ថ្ងៃ។ បន្ទាប់មក លើករងដែលមានទំហំ​ទទឺងកន្លះម៉ែត្រ បណ្តោយ៧ម៉ែត្រ ហើយច្របល់ដាក់ជីលាមកសត្វពុកផុយប្រហែល៥បង្គីក្នុង១រង។ មុននឹងដាំគាត់ទាញថង់ប្លាស្ទិកគ្របលើរងឲ្យតឹងដោយចងភ្ជាប់ទៅបង្គោលឫស្សីទាំង៤ដែលនៅខាងចុងរង។ បន្ទាប់​មកទៀត​ គាត់ចោះថង់ប្លាស្ទិកដោយដុតជារង្វង់មូលសម្រាប់ដាក់គ្រាប់ដាំក្នុងចន្លោះ៣តឹកមួយ។ចំពោះរបៀបដុតថង់ គាត់បានយកកំប៉ុងទឹកដោះគោចោះបើកគ្រប១ចំហៀងចេញ រួចយករងើកភ្លើងដាក់ក្នុងកំប៉ុងនោះឲ្យបានច្រើន ដើម្បីឲ្យក្តៅខ្លាំងដែលអាចធ្វើឲ្យថង់ប្លាស្ទិករលាយបានយកឃ្នាបកៀបកំប៉ុង(កុំឲ្យក្តៅដៃ) ដាក់នៅលើថង់ប្លាស្ទិកតាមចន្លោះ៣តឹកមួយ។

២. របៀបដាំ

ក្រោយពីរៀបចំរងរួចរាល់ហើយ គាត់បានដាក់គ្រាប់ដាំតាមកន្លែងដែលបានចោះទុក (២-៣គ្រាប់) ក្នុងមួយ  រណ្តៅ បន្ទាប់មកស្រោចទឹកឲ្យជោគ។ ក្រោយពីដាំបាន១សប្តាហ៍ សណ្តែកដុះបានប្រវែង១តឹក គាត់ចាប់ផ្តើមដោតទ្រើងឲ្យសណ្តែកវារតោង ដោយយកខ្សែចំបើងជ្រលក់ទឹកឲ្យជោគ ហើយចងផ្អោបនឹងទ្រើង។ ២សប្តាហ៍ក្រោយមកទៀតសណ្តែកដុះលូតលាស់បានប្រវែងកន្លះម៉ែត្រ គាត់យកវល្លិ៍សណ្តែកនោះព័ទ្ធលើទ្រើងពីឆ្វេងទៅស្តាំទៅឆ្វេង ចំពោះខ្នែងដែលបែកថ្មី។

៣. ការថែទាំ

ចំពោះការថែទាំ គាត់មិនចំណាយពេលវេលាថែទាំច្រើនដូចជា ការដាំធម្មតា មិនប្រើគំរបប្លាស្ទិកទេ។ ហើយកាត់បន្ថយការស្រោចទឹកទៀតគឺស្រោចតែម្តងនៅពេលដាំ និងស្រោច១អាទិត្យម្តង ហើយក៏ពុំមានសត្វល្អិតបំផ្លាញដែរ។

៤. ផល និងបច្ចេកទេសនៃការប្រមូលផល

បច្ចេកទេសនៃការប្រមូលផលក៏ជាវិធីសាស្រ្តមួយ ដើម្បីបង្កើនទិន្នផលដែរ។ក្នុងការប្រមូលផល គាត់បានប្រើកន្ត្រៃដើម្បីកាត់ផ្លែសណ្តែក ព្រោះវាមិនធ្វើឲ្យដាច់ក្បាលពន្លក (ក្បាលពន្លកអាចផ្តល់ផលបានបន្តទៀត)។ផ្ទុយទៅវិញ បើប្រើដៃបេះសណ្តែកធ្វើឲ្យដាច់ក្បាលពន្លក។

ការប្រៀបធៀបនិន្នផល គឺនៅលើទំហំរងដូចគ្នា (ទទឹង០,៥ម៉ែត្រ និងបណ្តោយ៧ម៉ែត្រ) សណ្តែកចំនួន២រងដូចគ្នា ប្រមូលផលចំនួន៦ដងដូចគ្នា គាត់ទទួលផលបានចំនួន ២១,២គីឡូក្រាម ចំពោះសណ្តែកដាំដោយប្រើថង់ប្លាស្ទិក និងសណ្តែកដែលដាំដែលមិនគ្របថង់ប្លាស្ទិក ប្រមូលបាន១៤គីឡូក្រាមប៉ុណ្ណោះ (ចំពោះតម្លៃ​ថង់មិនបានដឹងទេ ព្រោះស្ថានីយក្បាលកោះឲ្យគាត់)។

៥. ចំណាប់អារម្មណ៍

ក្រោយពីបានអនុវត្ត កសិករ ស៊ាង ថន មានចំណាប់អារម្មណ៍ថា ការដាំដោយប្រើថង់ប្លាស្ទិកនេះ មិនចំណាយ​ពេលវេលាស្រោចទឹក ថែទាំច្រើន ជាពិសេសមិនមានសត្វល្អិតបំផ្លាញច្រើនដូចជា ការដាំដោយមិនបានប្រើ ថង់ប្លាស្ទិកឡើយ។ រីឯការលូតលាស់ក៏ល្អជាង ទាំងប្រវែងកួរ ទំហំកួរ និងទំហំផ្ទៃស្លឹកវែងជាងនិងធំជាង។

សរុបបច្ចេកទេសដាំសណ្តែកសំខាន់ៗមាន៖

  • ភ្ជួររាស់ហាលដីចោលឲ្យស្រស់ទឹកចំនួន ២ថ្ងៃ
  • ដាក់ជីធម្មជាតិពុកផុយច្របល់ឲ្យសព្វនៅលើរង
  • យកថង់ប្លាស្ទិកគ្របពីលើរង និងទាញឲ្យតឹង រួចយកកំប៉ុងទឹកដោះគោដាក់រងើកភ្លើងឲ្យក្តៅ ចោះរន្ធសម្រាប់ដាក់គ្រាប់ដាំ
  • ដាក់គ្រាប់ដាំនៅតាមប្រឡោះដែលចោះ និងស្រោចទឹក ១អាទិត្យម្តង
  • ដោតទ្រើងឲ្យសណ្តែកវារឡើងនៅពេលវាដុះបានប្រវែង ១តឹក
  • ប្រើកន្រ្តៃកាត់ទងផ្លែប្រមូលផល ដើម្បីកុំឲ្យដាច់ដល់ក្បាលពន្លក៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)