បទពិសោធន៍ធ្វើជីទឹកផ្សំពីសារធាតុធម្មជាតិ ប្រើលើដំណាំល្ហុង

លោកពូ មួន មឿន ជាកសិកររស់នៅភូមិបឹងកណ្តាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើជីទឹកប្រើលើដើមល្ហុង ធ្វើឲ្យល្ហុងលូតលាស់ល្អ។ បទពិសោធន៍នេះ គាត់មានគំនិតច្នៃប្រឌិតដោយខ្លួនឯង បន្ទាប់ពីគាត់បានអានទស្សនាវដ្តីកសិករ និងយកបទពិសោធន៍ផ្សេងៗមកកែច្នៃបន្ថែមទៀត។ បច្ចេកទេសនៃការធ្វើជីទឹកនេះបង្ហាញជូនដូចខាងក្រោម។

១. ធាតុផ្សំ

  • ក្បាលត្រី ៣ គីឡូក្រាម
  • ស្លឹកអង្កាញ់ ៣ គីឡូក្រាម (បូតយកស្លឹកទាំងខ្លី ទាំងចាស់)
  • ស្ករត្នោត ១ គីឡូក្រាម
  • បាយកក ១ គីឡូក្រាម
  • ទឹក ១០០ លីត្រ។

២. របៀបផ្សំ

  • យកសារធាតុខាងលើ (ក្បាលត្រី ស្លឹកអង្កាញ់ ស្ករត្នោត បាយកក) ទៅដាក់ក្នុងពាង រួចចាក់ទឹកពីលើឲ្យគ្រប់ ១០០លីត្រ
  • គ្របពាងឲ្យជិតរយៈពេល ១០ ទៅ ១៥ថ្ងៃ
  • រយៈពេល៥ថ្ងៃ បើកគម្របពាងកូរម្តង ធ្វើដូចនេះរហូតដល់គ្រប់រយៈពេល១៥ថ្ងៃ
  • រក្សាវាទុកនៅក្រោមម្លប់ (ម្លប់ដើមឈើជាដើម) កុំឲ្យត្រូវកំដៅ។

៣. របៀបប្រើ

  • ក្រោយពេលរក្សាបាន១៥ថ្ងៃ យើងអាចយកទឹកជីមកប្រើបាន ដោយប្រើក្នុងកំរិតទឹកជី ១កំប៉ុងទឹកដោះគោ លាយជាមួយទឹក១០លីត្រ ស្រោចទៅលើគល់ល្ហុង
  • ស្រោចទឹកជី១ថ្ងៃម្តង រាល់ពេលល្ងាចឲ្យបានរយៈពេល៥ថ្ងៃជាប់គ្នា។ ធ្វើដូចនេះដើម្បីបំប៉នដើមល្ហុងឲ្យដុះលូតលាស់ល្អ។

៤. ចំណាប់អារម្មណ៍

តាមរយៈបទពិសោធន៍ខាងលើឃើញថា ទឹកជីមានប្រសិទ្ធភាពខ្ពស់ ពីព្រោះក្រោយពីបានប្រើ   រយៈពេល៥ថ្ងៃ មក គាត់សង្កេតឃើញថា ដើមល្ហុងដែលធ្លាប់តែក្រិនលូតលាស់មិនល្អ ប្រែជាលូតលាស់ល្អ ហើយស្លឹកពីមុនមានពណ៌ក្រហម ប្រែជាពណ៌បៃតងធម្មតាវិញ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)