អ្នកមានផ្លែឈើច្រើនហូបមិនអស់ គួរមានម៉ាស៊ីនសំងួតផ្លែឈើជាលក្ខណៈគ្រួសារ
សព្វថ្ងៃប្រជាពលរដ្ឋខ្មែរមួយចំនួនមានដីរបស់ខ្លួនដែលបានដាំដើមឈើហូបផ្លែ មានចម្ការ គ្រួសារខ្លះទៀតបានប្រកបមុខរបរលក់ផ្លែឈើ និងអ្នកខ្លះបានផ្លែឈើពីប្រភពផ្សេងៗ។ មានគ្រួសារជាច្រើនទោះបីព្យាយាមខិតខំបរិភោគផ្លែឈើស្រស់យ៉ាងណាក៏ដោយក៏មិនអស់ដែរ ហេតុនេះសល់បោះចោល។
លោក ប៉ោ សេដ្ឋា រស់នៅរាជធានីភ្នំពេញ ដែលទើបតែបានទិញកូនម៉ាស៊ីនសំងួតផ្លែឈើជាលក្ខណៈគ្រួសារមួយគ្រឿង បានឲ្យដឹងថា ម៉ាស៊ីនសំងួតផ្លែឈើនេះ មានខ្នាតតូច មធ្យម និងធំ ច្រើនម៉ាកដែលមានប្រទេសមួយចំនួនបានផលិតលក់។ អ្នកចង់ទិញម៉ាស៊ីននេះ គួរទិញខ្នាតណាមួយដែលខ្លួនចង់បាន ពិសេសចំនួនផ្លែឈើដែលខ្លួនមាន។
លោកបន្តថា «ខ្ញុំសម្រេចចិត្តទិញម៉ាស៊ីនសំងួតផ្លែឈើនេះ គឺដោយសាររៀងរាល់ថ្ងៃសីល ខ្ញុំត្រូវទិញផ្លែចេក៣ស្និតសម្រាប់យកមកសែន និងពេលខ្លះខ្ញុំបានចេកមកពីប្រភពផ្សេងៗ ហើយសមាជិកគ្រួសារខ្ញុំហូបមិនអស់សល់ចោលជាយូរមកហើយ, ខ្ញុំគិតថា បើសល់ចោលដូចនេះតែរហូតអញ្ចឹងគឺមិនល្អទេ ខ្ញុំក៏ឲ្យក្មួយស្រីរបស់ខ្ញុំបញ្ជាទិញម៉ាស៊ីននេះពីប្រទេសចិន។ ខ្ញុំបានធ្វើដំណាប់ចេកចំនួន២ដងរួចមកហើយ»។
ម៉ាស៊ីនសំងួតនេះ គឺអាចសំងួតផ្លែឈើ មើម និងស្លឹករុក្ខជាតិ ដែលអាចកំណត់កំដៅ និងរយៈពេលបានដោយប្រើភ្លើងអគ្គិសនី។ លោក ប៉ោ សេដ្ឋា បានផ្តល់យោបល់ថា បងប្អូនដែលមានផ្លែឈើច្រើនហើយសល់ គួរតែមានម៉ាស៊ីនសំងួតផ្លែឈើនិងបន្លែនេះ គឺវាមានផលប្រយោជន៍៖
- ផ្លែឈើដែលធ្លាប់តែសល់បោះចោល លែងសល់ទៀតហើយ
- មានដំណាប់ផ្លែឈើប្រកបដោយអនាម័យសម្រាប់ហូប និងទុកបានយូរ
- បានហូបដំណាប់ផ្លែឈើធ្វើដោយដៃខ្លួនឯងគ្មានដាក់សារធា
- អាចលក់រកចំណូលបន្ថែម
- កាត់បន្ថយថវិកាទៅទិញផ្លែឈើ ឬបង្អែម ដោយសារមានដំណាប់ផ្លែឈើនៅផ្ទះ
- ធ្វើដំណាប់ផ្លែឈើបានច្រើន អាចចែកជូនបងប្អូន ឬអ្នកជិតខាងហូប បង្កើនមិត្តភាព និងអំពើល្អ។
ជាចុងក្រោយលោក ប៉ោ សេដ្ឋា សំណូមពរឲ្យក្រុមហ៊ុននានានាំចូលម៉ាស៊ីនសំងួតផ្លែឈើនិងបន្លែនេះមកលក់ជូនប្រជាពលរដ្ឋនៅស្រុកខ្មែរ ពីព្រោះបច្ចុប្បន្នមិនទាន់ឃើញមានលក់នៅប្រទេសកម្ពុជានៅឡើយ៕
រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)