បទពិសោធន៍ដាំអំពៅ (កសិករ មាច អាង)
លោកពូ មាច អាង ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិអង្ក្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការដាំអំពៅ ដែលបទពិសោធន៍នេះ គាត់ចេះតៗគ្នាពីអ្នកភូមិ និងតាមរយៈការអានទស្សនាវដ្តីកសិកររបស់អង្គការសេដាក។
លោកពូមានប្រសាសន៍ថា ដីដែលដាំអំពៅនេះពីមុនជាដីស្រែ ហើយការធ្វើស្រែមិនសូវទទួលផលបានប៉ុន្មានទេ ទើបគាត់ដូរមកដាំអំពៅវិញ ដែលអាចទទួលបានផលច្រើនជាង។ ចំពោះបទពិសោធន៍នៃការដាំអំពៅមានបង្ហាញជូនដូចខាងក្រោម។
១. ការរៀបចំដីមុនដាំ
គាត់កាប់ដីចំនួន២ទៅ៣លើក ដើម្បីធ្វើឲ្យដីម៉ដ្ឋល្អសម្លាប់ស្មៅ សត្វល្អិតចង្រៃ និងហាលដីឲ្យ ស្ងួត។ បន្ទាប់ពីកាប់ដីហាលបានស្ងួតល្អ ហើយគាត់កាប់លើកជារងតូច ដាក់លាមកគោពុកផុយឲ្យបានច្រើន។ នៅពេលដាំគាត់កាប់ជារណ្តៅតូចៗជំរៅ២តឹក និងទំហំ១,៥ទៅ២តឹកបួនជ្រុង និងទុកចន្លោះ ៣តឹកពីរណ្តៅមួយទៅមួយ និងចន្លោះរង០,៤ម៉ែត្រ។ គាត់ដាក់ជីអង្កាមដែលដុតសុះលាយជាមួយជីលាមកសត្វពុកផុយនៅលើរង និងនៅតាមរណ្តៅ។
២. ការត្រៀមពូជដាំ និងការដាំ
គាត់បានជ្រើសរើសអំពៅដែលមានអាយុពី៦ទៅ៨ខែយកទៅដាំ។ ក្នុងការដាំ គាត់បានកាប់ដើមអំពៅជាកង់ៗដោយយកផ្នែកកណ្តាលនៃដើម។ ក្នុង១កង់ (កំណាត់) មានប្រវែង២ទៅ៣តឹក ដោយលៃយ៉ាងណាឲ្យជាប់ភ្នែក២ទៅ៣។ ក្រោយពីត្រៀមពូជដាំហើយ គាត់បានយកកំណាត់ដើមទៅកប់ដាំនៅក្នុងរណ្តៅ ដោយក្នុង១រណ្តៅដាំមួយកង់។ ក្នុងការដាំគាត់បានដាក់កំណាត់ដើមផ្តេកលៃយ៉ាងណាឲ្យពន្លកថិតនៅខាងលើ រួចលុបដីពីលើតិចៗហើយស្រោចទឹក។ ក្រោយពីដាំហើយ គាត់បានយកចំបើងរោយពីលើដើម្បីការពារការហួតសំណើម។
៣. ការថែទាំ
- ក្រោយពីដាំបានរយៈពេល១០ថ្ងៃ អំពៅដុះពន្លក និងមានដុះស្លឹក គាត់ចាប់ផ្តើមធ្វើស្មៅ និងស្រោចទឹក (ព្រឹក ល្ងាច)។ ក្រោយពីដាំបាន១ខែ គាត់បានដាក់ជីពុកផុយ រួចពូនគល់អំពៅម្តងទៀត។ ធ្វើការលះស្លឹកពូនគល់ធ្វើឡើងរយៈពេល២០ថ្ងៃម្តង ដើម្បីជួយជំរុញឲ្យអំពៅមានថ្នាំងដុះលូតលាស់បានវែងល្អ និងជួយទប់ដើមកុំឲ្យបាក់ពេលមានភ្លៀងខ្យល់។
- គាត់ស្រោចទឹករាល់១៥ទៅ២៥ថ្ងៃម្តងនៅរដូវប្រាំងក្រោយអំពៅអាយុបាន១ខែ។ ប៉ុន្តែបើករណីសង្កេតឃើញដីគ្មានសំណើមស្ងួតខ្លាំង គាត់ស្រោចទឹកភ្លាមៗតែម្តង ដោយមិនរង់ចាំដល់រយៈពេល២០ថ្ងៃឡើយ។ ដើម្បីឲ្យអំពៅមានដើមធំល្អ គាត់បានកាប់កូនអំពៅចេញខ្លះ ដោយរក្សាទុកពី ៥ទៅ៦ដើមក្នុង១គុម្ព។
៤. ការប្រមូលផល និងការរក្សាទុកពូជ
ក្រោយពីដាំបានរយៈពេល៦ខែ អំពៅលូតលាស់បានល្អមានរសជាតិផ្អែម មានទឹកច្រើនអាចប្រមូលផលបាន។ ក្នុង១គុម្ពអំពៅមានចំនួន៧ដើម គាត់បានកាប់អំពៅដោយទុកប្រវែង១តឹកពីដី ដើម្បីឲ្យដុះពន្លកបន្ត។ ក្រោយពីកាប់ហើយគាត់បានថែមជីបំប៉ននៅចន្លោះរងមានលាមកសត្វពុកផុយ និងជីអង្កាមហើយបន្តស្រោចទឹកដើម្បីឲ្យវាដុះពន្លក។ ក្នុងរយៈពេល៦ខែ គាត់អាចលក់អំពៅបានលុយប្រមាណ ២៥០.០០០រៀល។ គាត់ជ្រើសរើសពូជអំពៅដែលគាត់បានដាំដោយយកដើមណា ដែលត្រង់ថ្លោសល្អពុំមានសត្វបំផ្លាញយកទៅធ្វើពូជដាំបន្ត។
៥. បញ្ហាដែលធ្លាប់ជួបប្រទះ និងដំណោះស្រាយ
ការដាំដំណាំអំពៅរបស់គាត់តែងតែជួបប្រទះបញ្ហាដូចជា ប្រេះដើមបន្តិចបន្តូច។ តាមរយៈការសង្កេតឃើញ ថា ការប្រេះដើមបណ្តាលមកពីភាពរាំងស្ងួតទឹកមិនគ្រប់គ្រាន់។ គាត់បានបញ្ចូលទឹកតាមចន្លោះរង និងលះស្លឹកងាប់ៗចោលកុំឲ្យមានភាពស៊ុបទ្រុប ដែលធ្វើឲ្យពន្លឺចាំងចូលមិនបានគ្រប់គ្រាន់នាំឲ្យអំពៅកើតជំងឺ។ នៅពេលមានពន្លឺគ្រប់គ្រាន់អំពៅមានរសជាតិផ្អែម។ ពេលដាំអំពៅលៃយ៉ាងណាឲ្យការប្រមូលផលចំរដូវត្រជាក់ (រាំងស្ងួត) កំឡុងខែ១ ឬខែ២។
៦. ចំណាប់អារម្មណ៍
លោកពូមានចំណាប់អារម្មណ៍ថា ការដាំដំណាំអំពៅមិនមានលំបាកច្រើនដូចដំណាំផ្សេងៗទេ។ ដូចនេះធ្វើឲ្យគាត់មានសេចក្តីរីករាយជាខ្លាំង ដោយការដាំដំណាំនេះវាបានចូលរួមចំណែកបង្កើនប្រាក់ចំណូលដល់គ្រួសាររបស់គាត់បានច្រើន ហើយការដាំអំពៅនេះជាការងារមួយ ដែលងាយស្រួលដាំ និងថែទាំជាងដំណាំផ្សេងៗ ពីព្រោះវាមិនសូវរើសដី និងអាចមានពេលវេលាធ្វើការងារផ្សេងទៀតបានច្រើន។ គាត់សង្ឃឹមថា កសិករផ្សេងៗក្នុងភូមិនឹងអនុវត្តតាមគាត់ជាមិនខាន ហើយគាត់កំពុងធ្វើការដាំអំពៅបន្ថែមលើដីចំនួន១ហិកតាបន្ថែមទៀត៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)