បច្ចេកទេសផ្សំថ្នាំពុលធម្មជាតិសំរាប់ការពារដំណាំ
បងស្រី ហេង ស៊ីនួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ បងស្រីមានបទពិសោធន៍ល្អក្នុងការផ្សំថ្នាំពុលសំលាប់សត្វល្អិតបំផ្លាញដំណាំ ដែលទទួលបានផលល្អ។ បទពិសោធន៍នេះគាត់បានអនុវត្តអស់រយៈពេល៤ឆ្នាំកន្លងមកហើយ។ ចំពោះធាតុផ្សំ និងវិធីសាស្រ្តអនុវត្តបង្ហាញជូនដូចខាងក្រោម។
១. ធាតុផ្សំមាន
- ទន្រ្ទានខែត្រ ១ បាច់តូច
- កន្ធំថេត ៣ គីឡូក្រាម
- សំបកស្ដៅ ១ គីលូក្រាម
- ស្លឹកស្ដៅ ២ គីឡូក្រាម
- វល្ល៍បណ្ដូលពេជ្រ ៣ គីឡូក្រាម
- ទឹកនោមគោ ២ លីត្រ
- លាមកគោ កន្លះបាវ
- ម្ទេសទុំ ០,៥ គីឡូក្រាម
- ទឹក ២០ លីត្រ។
២. របៀបផ្សំថ្នាំពុល
យកទន្រ្ទាខែត្រ កន្ធំថេត សំបកស្ដៅ ស្លឹកស្ដៅ វល្ល៍បណ្ដូលពេជ្រ និងម្ទេសទុំ ទៅកាប់ចិញ្រ្ចាំឲ្យតូចៗ រួចច្របល់សារធាតុទាំងនោះបញ្ចូលគ្នា រួចដាក់ទៅក្នុងពាងដែលមានទឹក ២០លីត្រ និងទឹកនោមគោ ២លីត្រ។ ក្រោយពីដាក់សារធាតុផ្សំហើយ ត្រូវគ្របគំរបពាងនោះឲ្យជិត រួចរក្សាទុករយៈពេល១០ ថ្ងៃ ទើបអាចបើកយកទៅប្រើលើដំណាំបាន។ ចំពោះការរក្សាទុក គឺត្រូវដាក់ពាងថ្នាំឲ្យនៅក្រោមម្លប់ ហើយបើកគំរបកូរ ២ថ្ងៃម្ដង ដើម្បីឲ្យថ្នាំឆាប់កាច់។
៣. របៀបប្រើប្រាស់
ក្រោយពីរក្សាទុកអស់រយៈពេល ១០ថ្ងៃ ថ្នាំកាច់អាចយកទៅប្រើបាន។ ចំពោះរបៀបប្រើ គឺត្រូវដួសទឹកថ្នាំច្រោះស្បៃដើម្បីកុំឲ្យដោយកាកថ្នាំ ព្រោះអាចពិបាកក្នុងការស្រោច។ បរិមាណទឹកថ្នាំដែលយកប្រើ គឺទឹកថ្នាំ ០,៥លីត្រ លាយទឹកធម្មតាចំនួន ២០លីត្រ។ ពេលវេលាប្រើទៅលើដំណាំ គឺនៅពេលដំណាំដុះបានស្លឹក ២ ទៅ ៣ និងប្រើនៅពេលល្ងាច។ ក្នុងមួយសប្តាហ៍ត្រូវបាញ់ថ្នាំនេះម្តង។ នៅពេលដំណាំជិតប្រមូលផល គឺត្រូវផ្អាកប្រើថ្នាំពុលធម្មជាតិឲ្យបានមុនពី ៤ ទៅ ៥ថ្ងៃ ដើម្បីកុំឲ្យមានបញ្ហាប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ប្រភេទដំណាំដែលគាត់បានប្រើថ្នាំនេះមានដូចជា ដំណាំខាត់ណា ស្វាយ ស្ពៃក្ដោប សាលាដ ជាដើម។
៥. ចំណាប់អារម្មណ៍
អ្នកមីងមានប្រសាសន៍ថា ក្រោយពីបានប្រើប្រាស់ថ្នាំនេះអស់មួយរយៈមក គាត់សង្កេតឃើញថា ថ្នាំពុលនេះមានប្រសិទ្ធភាពទៅលើពួកចៃ ដង្កូវកាត់ស្លឹក ដង្កូវយោលទោង ទៀកគូ ស្រឹងជញ្ជក់ទឹកដោះ និងដង្កូវហ្វូង ។ ចំពោះប្រសិទ្ធភាពនេះបានធ្វើឲ្យគាត់មានការសប្បាយចិត្តច្រើន ព្រោះមិនប៉ះពាល់ដល់សុខភាពរបស់គ្រួសារគាត់ឡើយ។ ជាងនោះទៅទៀតគាត់បានធ្វើការផ្សព្វផ្សាយប្រភេទថ្នាំនេះទៅដល់កសិករនៅក្នុងភូមិបានច្រើនគ្រួសារទៀតផង៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)