លក្ខណ:របស់គ្រាប់ពូជក្នុងស្រុក ឬពូជប្រពៃណី
ពូជប្រពៃណី គឺជាគ្រាប់ពូជដែលផលិត និងដាំដុះនៅក្នុងតំបន់ និងអាកាសធាតុដែលរុក្ខជាតិនោះរស់នៅ។ គឺជាគ្រាប់ពូជដែលត្រូវបានគ្រប់គ្រង និងសំរាំងដោយកសិករដែលរស់នៅនិងដាំដុះនៅក្នុងតំបន់នោះ។
ក-លក្ខខណ្ឌសំគាល់ពូជប្រពៃណីមាន
- សំរាប់សំរួលតាមលក្ខខណ្ឌអាកាសធាតុនៃតំបន់ដែលដាំដុះនោះ
- អាចប្រើប្រាស់បានច្រើនយ៉ាងដូចជា (ប្រើធ្វើជាអាហារ ឱសថ ធ្វើអុសដុត ធ្វើចំណីសត្វ ធ្វើជាជី ។ល។)
- ភាគច្រើនធន់ទ្រាំទៅនឹងការបំផ្លាញរបស់កត្តាចង្រៃមានសត្វល្អិត និងជំងឺ ព្រមទាំងធន់ទៅនឹងភាពរាំងស្ងួត
- មានតំលៃសារធាតុចិញ្ចឹមក្នុងគ្រាប់ខ្ពស់
- រយ:ពេលប្រមូលផលវែង។
ផ្លែមិនទុំពេញវ័យក្នុងពេលតែមួយ ដូច្នេះការប្រមូលផលត្រូវធ្វើបន្តរហូតដល់រុក្ខជាតិទុំអស់។ ហើយជាពិសេសដំណាំទាំងនោះ ជាប្រភពអាហារប្រចាំថ្ងៃសំរាប់គ្រួសារកសិករ។
ខ-ការជ្រើសរើសរុក្ខជាតិដែលល្អសំរាប់ធ្វើពូជ
លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសគ្រាប់ពូជ អាស្រ័យលើសេចក្តីត្រូវការរបស់អ្នកជ្រើសរើស ឬអ្នកប្រើប្រាស់ (ឧទាហរណ៍ សំរាប់ប្រើធ្វើជាអាហារ ធ្វើជាចំណី។ល។) ខាងក្រោមនេះជាលក្ខណៈវិនិច្ឆ័យសំរាប់ជួយឲ្យអ្នកជ្រើស រើសរុក្ខជាតិបានល្អសំរាប់ធ្វើពូជ៖
- រុក្ខជាតិមានកម្លាំង និងសុខភាពល្អ
- ធន់ទៅនឹងការបំផ្លាញរបស់ជំងឺ និងសត្វល្អិត
- ធន់ទៅនឹងលក្ខខណ្ឌអាកាសធាតុមិនសមស្របដូចជា ភាពរាំងស្ងួត ធន់កំដៅក្តៅ និងទឹកជំនន់
- ផ្តល់ទិន្នផលខ្ពស់
- លក្ខណៈរបស់ផ្លែ និងគ្រាប់ដូចជា ពណ៌ ទំហំ ទំងន់។ល។
- មានគុណភាពល្អសំរាប់បរិភោគ (ប្រសិនបើគ្រាប់ និងផ្លែទាំងនោះប្រើធ្វើជាអាហារ)
- ជីវិតរបស់គ្រាប់ពូជនៅមានស្តុកទុករយៈពេលវែង
- លក្ខណៈផ្សេងទៀតអាស្រ័យទៅនឹងការប្រើប្រាស់ (ឧទាហរណ៍ ប្រើធ្វើជាឱសថ។ល។)
យោងទៅលើលក្ខណៈវិនិច្ឆ័យខាងលើ យើងគួរកំណត់ចំណាំក្នុងចម្ការនូវរុក្ខជាតិណាដែលទុកធ្វើពូជ ដើម្បីថែទាំឲ្យបានល្អជាងរុក្ខជាតិដទៃទៀតដែលមិនទុកធ្វើពូជ៕
ប្រភព IIRR, the Bro-intersive Aproach to small-scale house hold food production
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)