វិធីសាស្រ្តគ្រប់គ្រងខ្ទឹមបារាំង ក្រោយពេលប្រមូលផល

១. ​បច្ចេកទេសនៃការប្រមូលផល

ជាធម្មតា គេអាចប្រមូលផលខ្ទឹមបារាំងនៅពេលដែលវាមានអាយុពី ៣ទៅ​៤ខែ ក្រោយពីដាំហើយនៅពេលយើងសង្កេតឃើញថាដើម (ស្លឹក៥០-៧៥%) របស់វាត្រង់កន្លែងក្បែរមើមទន់បាក់ក។ តែបើស្លឹករបស់វា(ដើម) នៅត្រង់ យើងមិនអាចប្រមូលផលបានទេ ព្រោះខណៈពេលនេះខ្ទឹមបារាំងនៅមានជាតិទឹកច្រើន ដែលធ្វើឲ្យឆាប់រលួយ ឬខូច។

  • ប្រមូលផលដោយដៃ ឬចបជីក ប្រសិនបើដីរឹង
  • ប្រមូលផលនៅពេលស្ងួតទឹកសន្សើម និងគ្មានភ្លៀង
  • ត្រូវបង្អត់ទឹករយៈពេល ២-៣សប្តាហ៍មុនពេលប្រមូលផលដើម្បីឲ្យវារក្សាទុកបានយូរ
  • យើងអាចបំបែកមើមខ្ទឹមប្រសិនបើវាមានលើសពី១។

២. ការសំអាតក្រោយពេលប្រមូលផល

  • ក្រោយពីដកប្រមូលផលរួច ត្រូវកាត់ដើមរបស់វាចេញដោយរក្សាទុកទងមើមប្រហែល៥ផឹងឬ៣ធ្នាប់ដៃ
  • ក្រោយពេលប្រមូលផលហើយ មិនត្រូវយកមើមទៅលាងទឹកទេ ត្រូវទុកទាំងជាប់ដីតិចៗ ហើយកាត់ឫសចេញខ្លះ(ដោយប្រើកាំបិត ឬកន្រ្តៃ)តែលៃយ៉ាងណាកុំឲ្យកាត់ទៅដល់គល់ឫស បើយើងកាត់ដល់់គល់ឫសការរក្សាទុកក៏មិនបានយូរដែរ វាឆាប់រលួយមើម ដោយខ្សោះជាតិទឹក និងការឆ្លងមេរោគ។

៣. ការជ្រើសរើសមើម

ក្រោយពេលសំអាត យើងត្រូវជ្រើសរើសមើមណាដែលល្អទុកមួយដុំ ចំពោះមើមណាដែលកាត់ហើយមានជាប់ដើម(បណ្តូលស្លឹក)ដែលមានពណ៌លឿង ឬមើមណាដែលចង់រលួយ ជាពិសេសយើងសង្កេតឃើញថាមិនសូវល្អត្រូវជ្រើសរើសដាក់មួយដុំ ដើម្បីបញ្ចេញលក់ឲ្យទាន់ពេលវេលា។ ពីព្រោះបើសិនជាយើងមិនបានជ្រើសរើស ហើយរក្សាទុកវាលាយគ្នា នាំឲ្យខូចគុណភាពដល់មើមដែលល្អទៀត ដោយ​សារការឆ្លងគ្នា។ ក្នុករណីនេះ យើងជ្រើសរើសមើមជា ៤ប្រភេទផ្សេងគ្នា៖

  • ប្រភេទលេខ១ មានមើមធំថ្លោស ហើយគុណភាពល្អ
  • ប្រភេទលេខ២ ទំហំកណ្តាល និងគុណភាពល្អ
  • ប្រភេទលេខ៣ ដែលតូចជាងគេ​និង
  • ប្រភេទលេខ៤ ជាប្រភេទមើមដែលមានការប៉ះទង្គិចឬខូចទ្រង់ទ្រាយណាមួយ ដូចចំណុចខាងលើ។

៤. ការវេចខ្ចប់ និងដឹកជញ្ជូន. ការវេចខ្ចប់និងដឹកជញ្ជូនមើមខ្ទឹមបារាំង មាន ២ករណី​៖

  • ករណីទី១. ធ្វើឡើងក្រោយពេលប្រមូលផលហើយភ្លាម ក្រោយពីសំអាត និងជ្រើសរើសរួចត្រូវយកជាលឬកញ្ឆេដោយមានទ្រាប់ជុំវិញ ដូចជាស្លឹកចេកស្រស់ ឬបាវដែលមានសារធាតុទន់ ហើយអាចទប់កុំឲ្យវាប៉ះទង្គិចខ្លាំង។ការដឹកជញ្ជូនត្រូវតំរៀបជាថ្នាក់ៗ ជៀសវាងការសង្កត់លើគ្នានាំឲ្យបែក ឬជាំ ព្រោះមើមរបស់វានៅស្រស់។
  • ករណីទី២. ធ្វើឡើងក្រោយពីការរក្សាអស់រយៈពេលចាប់ពី១ខែឡើងទៅ សំបកខាងក្រៅរបស់វារឹងជាងនៅស្រស់។ដូច្នេះ យើងអាចប្រើកញ្ឆេឬបាវសំណាញ់ក្នុងករណីការដឹកជញ្ជូន ចំពោះបាវសំណាញ់អាចដាក់ត្រួតលើគ្នា ២ឬ៣ជាន់ក៏បាន តែជៀសវាងដាក់ត្រួតលើគ្នាច្រើនជាន់ពេក នាំឲ្យវាចេញញើស ដែលអាចធ្វើឲ្យមើមរបស់វារលួយបាន។

៥. ការសង់រោងសំរាប់ស្តុកទុកមើម

ចំពោះការស្តុកទុក យើងគួរសង់រោងមួយដែលអាចទប់កំដៅបានល្អ ហើយចំហទ្វារសងខាងដើម្បីឲ្យមានខ្យល់ចេញចូល។នៅក្នុងរោងគួរមានធ្វើធ្នើរជាថ្នាក់ៗ ដោយមានរនាបឬស្សី ដែលមានខ្យល់ចេញចូលល្អ​ហើយថ្នាក់ខាងក្រោមគួរមានកំពស់ ៧តឹកពីដី។

  • ការស្តុកមើមខ្ទឹមបារាំង យើងត្រូវដាក់មើមពង្រាយជៀសវាងដាក់មើមគរលើគ្នា ហើយឧស្សាហ៍ទៅ ពិនិត្យមើល ប្រសិនបើមានឃើញមើមណារលួយត្រូវដកវាចេញ ព្រោះថាបើយើងមិនធ្វើដូច្នេះទេ​នាំឲ្យវាឆ្លងគ្នារលួយទាំងអស់។
  • ការរក្សាទុកបានយូរនេះ គឺដើម្បីឲ្យតំលៃខ្ទឹមបារាំងឡើងខ្ពស់បន្តិច ព្រោះបើយើងប្រមូលផលភ្លាមលក់ភ្លាមនាំឲ្យតំលៃខ្ទឹមថោកពេក ព្រោះរដូវប្រមូលផលខ្ទឹមស្របគ្នានាំឲ្យវាត្រូវចាល់ និងតំលៃធ្លាក់ចុះ។
  • របៀបរក្សាទុក គឺយើងអាចព្យួរវានៅក្រោមផ្ទះបាន ប្រសិនបើមិនមានឃ្លាំងសំរាប់រក្សាទុក។ប៉ុន្តែយើងត្រូវពិនិត្យមើលវា ២-៣ថ្ងៃម្តង ក្រែងមានមើមដែលស្អុយរលួយ ហើយយើងយកមើមនោះចេញ៕

កសិករមានបទពិសោធន៍ និងបានធ្វើការសាកល្បង

ឌុល វណ្ណនី និង ជាម ហៀង

បណ្ណស្តីពី ​វិធីសាស្រ្តគ្រប់គ្រងស្ពៃចង្កឹះ ក្រោយពេលប្រមូលផល, បោះពុម្ពដោយ

  • មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក)
  • វិទ្យាស្ថានអន្តរជាតិដើម្បីស្តារជនបទឡើងវិញ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)