ចិន មានគំរោងវិនិយោគវិស័យគ្រឿងយន្តកសិកម្មវៃឆ្លាតនៅកម្ពុជា

តាមហ្វេសប៊ុកក្រសួងកសិកម្មខ្មែរ បានឲ្យដឹងថា លោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្ត ឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion ប្រទេសចិន បានជួបរដ្ឋមន្រ្តីកសិកម្មខ្មែរ ដើម្បីពិភាក្សាការ​ងារ​ជម្រុញការស្រាវជ្រាវ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាតនៅកម្ពុជា នាថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ភាគីចិនមើលឃើញពីការវិវឌ្ឍជាវិជ្ជមានយ៉ាងលឿនគួរឲ្យកត់សម្គាល់របស់កម្ពុជាដែលជាហេតុផល ទាក់ទាញក្រុមហ៊ុនសិក្សាស្វែងយល់បន្ថែមអំពីស្ថានភាព សក្តានុពលនៃវិស័យកសិកម្មកម្ពុជា និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាទាក់ទងសំខាន់ៗមួយចំនួនទៀត។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ស្វាគមន៍ និងលើកទឹកចិត្តចំពោះក្រុមហ៊ុន ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង និងផែនការ វិនិយោគរយៈពេលវែង លើវិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជា ស្របពេលក្រសួងកំពុងជំរុញ និងយកចិត្តទុកដាក់ក្នុងការអនុវត្តទំនើប​កម្មកសិកម្មតាមរយៈប្រើប្រាស់ បច្ចេកវិទ្យាទំនើបទាន់សម័យ ប្រព័ន្ធឌីជីថល និងយន្តូបនីកម្មកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការផលិត កាត់បន្ថយពេលវេលា ពលកម្ម ធានាប្រសិទ្ធភាពការងារ គុណភាព និងសុវត្ថិភាពផលិតផល៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)