បទពិសោធន៍ដាំត្រប់វែង (កសិករ ទ្រី​ ប៉ាន)

ប្អូនស្រី ទី ប៉ាន អាយុ២៥ឆ្នាំ រស់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ គាត់មានបច្ចេក​ទេស​ដាំដំណាំត្រប់វែងបានផលល្អដោយមិនប្រើជីគីមី និងថ្នាំពុលគីមី ទទួលបានផលសរុប ២១០​គីឡូក្រាម។ ការដាំត្រប់នេះ ជាចំណូលមួយផ្នែកសំរាប់ប្អូនក្នុងចំណោមដំណាំផ្សេងទៀត ដែលគាត់បានដាំ។ ចំពោះបច្ចេក​ទេសនៃការដាំ​និងថែទាំមានបង្ហាញជូនដូចខាងក្រោម។

១. ការរៀបចំរងដាំ

នៅរដូវវស្សា ប្អូនបានរៀបចំលើករងនៅលើដីទួលបាន២៤រង ដោយដំបូងកាប់ដីហាលរយៈពេល៥ថ្ងៃ។ បន្ទាប់​មកកាប់លើកជារងដែលមានទទឹង១,២​ម៉ែត្រ បណ្តោយ២០ម៉ែត្រ កំពស់២តឹក និងចន្លោះពីរងមួយទៅរងមួយ ៥តឹក។ នៅលើរងនិមួយៗ គាត់បានបាចជីលាមកគោ និងអាចម៍ប្រចៀវប្រមាណ ១០គីឡូក្រាម រួចរាស់បង្កប់ចូលក្នុងដី។ ក្រោយពីដាក់ជីទ្រាប់បាតរួច គាត់ហាលរងទុកចោលរយៈពេល ១ថ្ងៃ ទើបដកកូនត្រប់មកដាំ។

២. ការរៀបចំសាបកូនត្រប់

គាត់បានរៀបថ្នាលដែលមានទទឹង១,២ម៉ែត្រ បណ្តោយ៥ម៉ត្រ កំពស់២,៥តឹក។ នៅលើថ្នាលសាបគាត់បានលាយជីលាមកគោពុកផុយ៥គីឡូក្រាម និងដីដំបូកប្រមាណ៥បង្គី ជ្រុំ​ច្របល់​នៅលើថ្នាលឲ្យសព្វ។យកគ្រាប់ត្រប់ដែលបានទិញពីផ្សារមកអុំរែង និងហាលថ្ងៃនៅម៉ោង៨-១០ព្រឹក​រយៈពេល២ម៉ោង រួចយកទៅលាយជាមួយផេះសាបនៅលើរង (គ្រាប់ប្រមាណ ៥-៦ស្លាបព្រាបាយ)។ក្រោយពីសាបរួចគាត់កាត់កំទេចចំបើងគ្របនៅលើថ្នាលស្តើងៗ ទើបស្រោចទឹក ដើម្បីកុំឲ្យខ្ទាតគ្រាប់។ សាបបានរយៈពេល៤ថ្ងៃ គ្រាប់ចាប់ផ្តើមដុះពន្លក។ នៅពេលកូនត្រប់ដុះបានរយៈពេល១អាទិត្យ គាត់ចាប់បំប៉នជីទឹកដោយយកទឹកនោមជ្រូក២-៣ត្រឡោក លាយទឹកប្រមាណ១០លីត្រ។ ជីទឹកនេះស្រោច២ដង ទើបដល់អាយុដកកូនយកទៅដាំនៅលើរង(កូនត្រប់អាយុ១៥ថ្ងៃ ដកដាំបាន)។

៣. ការដាំ និងការថែទាំ

នៅលើរងដែលបានរៀបចំរួច គាត់កាប់រណ្តៅទៅក្រោមមួយចប និងដាក់ជីលាមកគោ ១កំបង់ដៃ ទើបដកកូនត្រប់ថ្លោសល្អយកទៅដាំក្នុងរណ្តៅ។ មួយរណ្តៅដាំ១ដើម មួយរងដាំ២ជួរ ដោយទុកចន្លោះពីរណ្តៅមួយទៅមួយ៥តឹក។ ការដាំធ្វើនៅ​ពេលរសៀលម៉ោងប្រមាណ៥ល្ងាច។ ក្រោយពីដាំហើយ គាត់ស្រោចទឹកព្រឹកល្ងាច ១ថ្ងៃ​២ដង នៅពេលគ្មានភ្លៀង។ ដើម្បីឲ្យត្រប់ដុះបានល្អ ប្អូនស្រីបានស្រោចជីទឹកបំប៉នដែលផ្សំពីត្រី (កូនត្រីសមុទ្រ១០គីឡូក្រាម ត្រាំជាមួយទឹក៥០លីត្រ)។ចំពោះការស្រោច ប្អូនបានលាយទឹកជី១លីត្រ ជាមួយទឹក១៥​លីត្រ ស្រោចពេលលា្ងចនៅតាមគល់ ស្រោចរយៈពេល១សប្តាហ៍    ម្តង។ក្រៅពីការស្រោចជីទឹក គាត់បានធ្វើស្មៅ និងពូនគល់ឲ្យដីធូរ និងបេះស្លឹកក្រោមទុំៗចោលខ្លះ ដើម្បីឲ្យត្រប់ទទួលពន្លឺបានគ្រប់គ្រាន់។

៤. ការប្រមូលផល

ចាប់ពីសាបគ្រាប់រហូតដល់ត្រប់ចេញផ្កាមានរយៈពេល២ខែ។ លើកទីមួយ ប្អូនបេះផ្លែបាន៤៩គីឡូក្រាម, លើកទីពីរ ៩៦គីឡូក្រាម, លើកទីបី ៦៥គីឡូក្រាម និងលើកទីបួនបេះបានប្រមាណ ៤០គីឡូក្រាម។ ការបេះទាំង៤លើកនេះ ត្រប់នៅមានផ្លែធំល្អអាចលក់នៅទីផ្សារបាន ចំណែកផ្លែសាក្រោយៗទៀតផ្លែតូចៗ គាត់មិនបានលក់ទៅទីផ្សារទេគឺទុកបរិភោគក្នុងគ្រួសារ។ រយៈពេល៦ខែ ទើបប្រមូលផលអស់កាប់ដើមចោលដាំសាថ្មី។ ប៉ុន្តែក្រោយពេលប្រមូលផលមួយសាៗប្អូនបន្តស្រោចជីបំប៉ន ដើម្បីឲ្យត្រប់ផ្លែច្រើនធំដល់បេះសាទី៥ ទើបឈប់ស្រោចទឹកជីបំប៉ន។ ត្រប់១គីឡូក្រាម ប្អូនលក់បានតម្លៃពី ១.២០០-១.៥០០រៀល នៅផ្សារកំពត។

៥. ចំណាប់អារម្មណ៍របស់កសិករ

ក្រោយពីដាំត្រប់បានផលល្អ ប្អូនស្រីមានចំណាប់អារម្មណ៍ថា ដំណាំត្រប់ងាយស្រួលដាំ។ សំខាន់លើការថែទាំឲ្យបានល្អ គឺនៅពេលប្រមូលផលមួយសាៗត្រូវបន្តស្រោចជីទឹកបំប៉ន ស្រោចទឹក និងដកស្មៅ។ ការដាំដំណាំនេះ ប្អូនផ្លាស់ប្តូរមុខដំណាំមើលទៅតាមតម្រូវការទីផ្សារដើម្បីលក់ឲ្យបានថ្លៃ។ ហើយប្អូនខិតខំដាំដំណាំដោយមិនចាំបាច់ទៅរកការងារនៅក្រៅចោលក្រុមគ្រួសារនោះទេ។

សរុបបទពិសោធន៍សំខាន់ៗក្នុងការដាំត្រប់វែងមាន៖

  • ដាំលើដីទួល និងលើករងខ្ពស់នៅរដូវវស្សា
  • រៀបចំថ្នាលសាបគ្រាប់ដោយប្រើជីធម្មជាតិ (លាមកសត្វ ដីដំបូក)
  • សាបគ្រាប់ស្តើងៗនៅលើថ្នាល ដើម្បីឲ្យកូនត្រប់ដុះល្អ (ដើមថ្លោស)
  • ដាំចន្លោះគុម្ពឃ្លាតពីគ្នា៥តឹក ដើម្បីឲ្យត្រប់ទទួលពន្លឺបានគ្រប់គ្រាន់
  • ប្រើជីធម្មជាតិទ្រាប់បាត និងបំប៉ន (លាមកគោពុកផុយ លាមកប្រចៀវ)
  • ប្រជីទឹកស្រោចបំប៉ន ជួយដល់ការលូតលាស់ និងផ្លែបន្ត
  • ថែទាំដកស្មៅ ពូនគល់ឲ្យដីធូរ លះស្លឹក និងស្រោចទឹកនៅពេលគ្មានភ្លៀង៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)