ធ្វើចំណីផ្អាប់ និងវ៉ាក់សាំងធម្មជាតិ សំរាប់មាន់ (កសិករ សៀង ជូ)

កសិករ សៀង ជូ រស់នៅភូមិសណ្ដាយ ឃុំខ្លាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរៀប។ នៅដើមឆ្នាំ២០១២ លោកពូបានសហការជាមួយអង្គកាសេដាក អនុវត្តនូវបទពិសោធន៍ចិញ្ចឹមមាន់បានជោគជ័យដោយប្រើចំណីបំប៉ន និងវ៉ាក់សាំងតាមធម្មជាតិ។ ខាងក្រោមនេះ គឺជាបទពិសោធន៍ផ្សំចំណី និងវ៉ាក់សាំងធម្មជាតិរបស់គាត់

១-ការផ្សំចំណីមាន់​

ក-ការផ្សំមេចំណីសំរាប់មាន់

  • ធាតុផ្សំ និងរបៀបធ្វើត្រីផ្អាប់​. ត្រីស្រស់១គីឡូក្រាម, កន្ទក់ម៉ដ្ឋ១គីឡូក្រាម, ស្កររងូ០,៥គីឡូក្រាម។
  • របៀបធ្វើ​. យកត្រីទៅស្រុសមួយស្រពាប់ទុកឲ្យស្រស់ទឹក ទើបយកវាទៅច្របល់ជាមួយស្កររងូឲ្យសព្វ រួចផ្អាប់ទុករយៈពេល​២ម៉ោង ដើម្បីឲ្យវាចូលជាតិសព្វសាច់។ បន្ទាប់មកយកត្រីផ្អាប់នោះច្របល់ជាមួយកន្ទក់ម៉ដ្ឋ ដោយផ្អាប់ទុករយៈពេល១៨ថ្ងៃទៀត អាចយកប្រើប្រាស់បាន។

ខ-របៀបធ្វើអាហារជាតិរ៉ែ.​ យកសំបកខ្យង ខ្ចៅ លៀស គ្រុំ មកហាលឲ្យស្រួយ ទើបយកទៅបុកឲ្យម៉ដ្ឋសំរាប់មាន់ពង និងមាន់ធំ។

២-ធាតុផ្សំ និងរបៀបផ្សំចំណីសំរាប់កូនមាន់

ចុងអង្ករ១កំប៉ុង ឬអង្ករ០,៥កំប៉ុង បបរជាមួយស្លឹកបាស ស្លឹកដំឡូងមី, ត្រីផ្អាប់១ស្លាបព្រាបាយ, ម៉្សៅព្រីមិច​១ស្លាបព្រាកាហ្វេ និងប្រេងឆា១ស្លាបព្រាកាហ្វេ។ យកធាតុផ្សំទាំងអស់នេះមកលាយច្របល់ចូលគ្នាឲ្យសព្វ ហើយ​ឲ្យកូនមាន់ស៊ី១ថ្ងៃ៣ដង សំរាប់កូនមាន់៣០ក្បាល។ តែនៅពេលកូនមាន់មានអាយុ១៥ថ្ងៃ ត្រូវយកចុងអង្ករ១កំប៉ុងត្រាំឲ្យរីក, ស្លឹកដំឡូងមី និងត្រកួនហាន់ឲ្យល្អិត (ក្នុងបរិមាណតិច) ត្រីផ្អាប់១ស្លាបព្រាកាហ្វេ, អាហារជាតិរ៉ែ១ស្លាបព្រាកាហ្វេ, អាហារជាតិរ៉ែ១​ស្លាបព្រាកាហ្វេជំនួសវិញ។

៣-ធាតុផ្សំ និងរបៀបផ្សំចំណីសំរាប់មេមាន់ និងមាន់ជំទង់

  • ​ស្រូវត្រាំ២កំប៉ុង, កន្ទក់ ១គីឡូក្រាម និងត្រីផ្អាប់១ស្លាបព្រាបបាយ
  • ស្លឹកកន្ធុំថេត និងបន្លែ ០,៥០គីឡូក្រាម
  • អាហារជាតិរ៉ែ ១ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ។

យកធាតុផ្សំទាំងអស់នេះមកលាយច្របល់ចូលគ្នាឲ្យសព្វ ហើយឲ្យមាន់ស៊ី១ថ្ងៃ៣ដង សំរាប់មេមាន់ ៩ក្បាល និងមានទំងន់ ១១ក្បាល។

៤-ការផលិតវ៉ាក់សាំងមាន់

  • វ៉ាក់សាំងផ្តាសាយ​ និងរបៀបធ្វើ. បុក​ខ្ទឹមស២ខាំ, ខ្ញី២ខាំ រួចលាយជាមួយស្កររងូ២ខាំ ​ផ្អាប់ទុក រយៈពេល​១៥-២០ថ្ងៃ អាចដួសទឹកយកទៅប្រើប្រាស់បាន។ វ៉ាក់សាំងនេះប្រើសំរាប់កូនមាន់១គំរបដបទឹកសុទ្ធ ដាក់ក្នុងទឹក១លីត្រ និងសំរាប់មាន់ធំ វ៉ាក់សាំង​១គំរបដបទឹកសុទ្ធ ជាមួយទឹក០.៥០លីត្រប៉ុណ្ណោះ ដោយដាក់ឲ្យផឹករាល់ថ្ងៃ។
  • វ៉ាក់សាំងពិស និងរបៀបធ្វើ. ក្អែប ខ្យាដំរី ចំនួន១ខាំ (តាមចំនួនមាន់) ត្រាំជាមួយស្រាស ០,៥០លីត្រ រយៈពេល១៥ថ្ងៃ ប្រើសំរាប់បន្តក់ក្នុងភ្នែកកូនមាន់ និងដាក់ឲ្យវាផឹក ដើម្បីការពារជំងឺពកភ្នែក និងជំងឺផ្សេងទៀតដែលមិនទាន់កើតចំពោះមាន់។

៥-ការថែទាំ

ចាប់តាំងពីផ្លាស់ប្តូរការចិញ្ចឹមតាមទំលាប់ មកចិញ្ចឹមតាមបច្ចេកទេស គឺមានការថែទាំបោសសំអាត លាងស្នូកទឹក ស្នូកចំណីជាប្រចាំ ដើម្បីឲ្យមាន់មានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗ។

៦-ចំណាប់អារម្មណ៍របស់កសិករ

បន្ទាប់ពីបានអនុវត្តនូវបច្ចេកទេសនេះទទួលបានជោគជ័យមក លោកពូមានចំណាប់អារម្មណ៍ថា កាប្រើចំណីត្រីផ្អាប់ រួមផ្សំជាមួយនឹងវ៉ាក់សាំងតាមគោលការណ៍ធម្មជាតិ បានជួយកាត់បន្ថយអត្រាងាប់របស់មាន់បានច្រើនជាងការចិញ្ចឹមតាមទំលាប់។ មិនតែប៉ុណ្ណោះរយៈពេល៤ខែ លោកពូលក់មាន់បាន ១៣គីឡូក្រាម ក្នុង១គីឡូក្រាមតំលៃ ១៣.០០០រៀល ដោយមិនគិតពីការទុកហូប៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)