វិធីសាស្រ្តគ្រប់គ្រងស្ពៃចង្កឹះ ក្រោយពេលប្រមូលផល
១. ការប្រមូលផល. ដើម្បីឲ្យការប្រមូលផលមានដំណើរការល្អ និងកាត់បន្ថយការបាត់បង់ យើងគួរគប្បីអនុវត្តដូចតទៅ៖
- យើងអាចប្រមូលផលស្ពៃចង្កឹះនេះបាន លុះត្រាតែវាមានអាយុចាប់ពី ២៨-៣៥ថ្ងៃ ដោយសំគាល់បានថាដើម ធាង មានម្សៅ ឬក៏ដើមខ្លះមានក្របួចផ្កា
- ការប្រមូលផលភាគច្រើន យើងធ្វើឡើងនៅពេលព្រឹកស្រស់ទឹកសន្សើមចាប់ពីម៉ោង ៨-១០ព្រឹកនិងពីម៉ោង ២-៤រសៀល ពីព្រោះពេលនេះសីតុណ្ហភាពត្រជាក់ល្មមដែលអាចបង្កលក្ខណៈឲ្យស្ពៃស្រពាប់តាមធម្មជាតិបាន
- ការប្រមូលផលនេះ យើងត្រូវយកកូនកាំបិតស្លាមុត ឬកូនកាំបិតចុងស្រួចមកកាត់ត្រឹមលើដី
- ពេលចាប់ផ្តើមកាត់ត្រូវយកដៃក្តោប ឬក្រសោបធាងថ្នមៗ ហើយទាញតិចៗ ផ្តេកគល់បន្តិចទើបកាត់តែម្តង
- មិនគួរកាត់នៅពេលមានភ្លៀង ហើយមិនត្រូវដាក់ស្ពៃនៅក្រោមពន្លឺថ្ងៃទេ។
២. ការតំរឹម ឬសំអាត. ការតំរឹម ឬសំអាតនេះ វាជាការងារមួយចាំបាច់បំផុតដើម្បីកាត់បន្ថយការឆ្លងមេរោគ ធ្វើឲ្យមានសោភ័ណភាពនិងទាក់ទាញភ្នែកអ្នកទិញឬអតិថិជនផង។ ក្នុងការងារនេះ ការសំអាតស្ពៃចង្កឹះមានលក្ខណៈដូចខាងក្រោម៖
- គេធ្វើឡើងភ្លាមៗនៅពេលកំពុងកាត់តែម្តង ពោលគឺយើងកាត់បណ្តើរ សំអាតបណ្តើរដោយបេះធាងណាដែលស្អុយរលួយចេញ ពិសេសធាងក្រោមចាស់ៗ និងធាងណាដែលមានស្នាមសត្វបំផ្លាញ
- យើងមិនត្រូវលាងទឹកស្ពៃចង្កឹះទេ ពីព្រោះវានឹងឆាប់ទទួលរងនូវការរលួយស្អុយ ដោយសារជាតិទឹកក្នុងដើមវាច្រើន។
៣. ការជ្រើសរើស. ការជ្រើសរើស ក៏អាចធ្វើឲ្យតំលៃបន្លែរបស់យើងខ្ពស់ផងដែរ គឺយើងជ្រើសរើសវាតាមទំហំលេខ១ លេខ២ និងលេខ៣ ដើម្បីងាយស្រួលក្នុងការតំរៀប និងលក់ផងដែរ។
៤. ការវេចខ្ចប់់ និងដឹកជញ្ជូន. ក្រោយពីការសំអាតឬតំរឹម និងជ្រើសរើសរួច យើងគួរធ្វើការតំរៀបវាជាដុំៗ (ឬគេហៅថា អ៊ិក) ដែលក្នុងនោះមាន៖
- តំរៀបជាអ៊ិកៗ (ពី១-១.៥គីឡូក្រាម) ក្នុងកញ្ឆេឫស្សី ឬជាលដែកជាស្រទាប់ៗដែលក្បាល ឬគល់ចេញមកខាង។ នៅក្នុកញ្ឆ ឬជាលយើងត្រូវតំរៀបស្លឹកចេកបាតក្រោម ដែលមានកំរាស់ពី ២-៣សង្ទីម៉ែត្រហើយមានហ៊ុំព័ទ្ធសងខាងផង ឬក៏អាចយកបាវមកហ៊ុំព័ទ្ធជំនួសស្លឹកចេកក៏បាន
- នៅក្នុងកញ្ឆេ ឬជាលយើងអាចតំរៀបបាន១០០-១២០គីឡូក្រាម តែមិនត្រូវសង្កត់លើបន្លែនោះទេ ជាហេតុនាំឲ្យវាបាក់បែកឬបណ្តាលឲ្យរលួយបាន ហើយដាក់បន្លែឲ្យត្រឹមរឹមកញ្ឆេបានហើយ
- ពេលរៀបដាក់ក្នុងជាល ឬកញ្ឆេហើយ យើងលើកវាដាក់លើម៉ូតូ រ៉ីម៉ក ឬឡាន ហើយយើងមិនត្រូវដាក់កញ្ឆេគរលើគ្នា ឬអង្គុយលើទេ ដែលនាំឲ្យពេលធ្វើដំណើរ រលាក់សង្កត់ខ្លាំងលើបន្លែ ជាហេតុធ្វើឲ្យបាក់ជាំ។
៥. ការស្តុកទុក
- ការស្តុកទុក គឺមិនចាំបាច់កាត់ឫសចេញទេ ព្រោះវាអាចទុកបានយូរជាងការកាត់ឫស ដោយសារវាមិនសូវបញ្ចេញទឹកខ្លាំង
- ការស្តុកទុកវាជាការចាំបាច់បែងចែកជា២ គឺការស្តុកទុកនៅលើរងពេលកាត់ភ្លាមដើម្បីឲ្យស្រពោន និងម្យ៉ាងទៀតស្តុកទុកក្រោយពេលប្រមូលផលស្រេចបាច់ហើយ។
ការស្តុកទុកក្រោយពេលប្រមូលផល
យើងធ្វើឡើងដោយទុកពង្រាយនៅលើគ្រែ ដែលតំរៀបជាជួរៗ តំរៀបឲ្យស្តើងល្មមកុំឲ្យវាហប់ពក ទុកប្រឡោះឲ្យខ្យល់ចេញចូលបាន។ ត្រូវទុកកន្លែងណាដែលមានអាកាសធាតុត្រជាក់ ខ្យល់ចេញចូលបាន ហើយមិនត្រូវប៉ះវាទេ តែករណីយូរថ្ងៃ គេអាចប្តូរទីតាំងឬប្រែវាបាន។ ការទុករបៀបនេះស្ពៃចង្កឹះអាចបានត្រឹមតែ១-២ថ្ងៃប៉ុណ្ណោះ។ ចំពោះស្ពៃដែលមិនប្រើជីគីមី គឺយើងអាចរក្សាទុកវាបានរហូតដល់៦-៨ថ្ងៃ ដោយប្រើបច្ចេកទេសរបៀបនេះ៕
កសិករមានបទពិសោធន៍ និង បានធ្វើការសាកល្បង
វុធ វណ្ណនី, សឿន ចក់ និង ឌុល វណ្ណនី
ប្រភព ខិត្តបណ្ណស្តីពី វិធីសាស្រ្តគ្រប់គ្រងស្ពៃចង្កឹះ ក្រោយពេលប្រមូលផល, បោះពុម្ពដោយ
- មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក)
- វិទ្យាស្ថានអន្តរជាតិដើម្បីស្តារជនបទឡើងវិញ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)