របៀបធ្វើមេជីទឹក ផ្សំពីខ្យងលាយជាមួយផ្លែល្ហុងខ្ចី (កសិករឡាវ)

កសិករ​ ប៉ា ភឹមផា រស់នៅភូមិញ៉ន ស្រុកប៉េក ខេត្តសៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើមេជីផ្សំពីខ្យង លាយជាមួយផ្លែល្ហុងខ្ចី ស្រោចបំប៉នទៅលើដំណាំបន្លែ ដែលបទពិសោធន៍នេះមានបង្ហាញ​ជូនដូចខាងក្រោម។

១. ធាតុផ្សំ. ខ្យង ឬខ្ចៅ១គីឡូក្រាម,​ ស្ករត្នោត ១គីឡូក្រាម, ទឹកធម្មតា១លីត្រ និងផ្លែល្ហុងខ្ចី ១គីឡូក្រាម។

២. របៀបផ្សំ

  • បុក ឬដំខ្យង ឬខ្ចៅឲ្យម៉ដ្ឋ (ទាំងសាច់ និងសំបក)
  • ផ្លែល្ហុងខ្ចីចិត ឬកាត់ជាទទឹងស្តើងៗ
  • យកស្ករត្នោតមកកូរលាយជាមួយទឹកឲ្យក្លាយជាល្បាយស្មើសាច់
  • យកធាតុទាំងអស់ខាងលើ (ទឹកស្ករ ចំណិតល្ហុង និងខ្យងឬខ្ចៅបុករួច) មកចាក់ច្របល់បញ្ចូលគ្នាឲ្យសព្វ
  • ដាក់ចូលក្នុងធុងប៉េត្រូ ឬខាប់ដោយយកឈើមកកូរវាឲ្យសព្វ រួចយកគម្របមកគ្របបិទឲ្យជិត និងទុកនៅកន្លែងដែលមានសុវត្ថិភាព ត្រជាក់ ឬក្នុងម្លប់ ដោយផ្អាប់ទុករយៈពេល៧ថ្ងៃ។ ក្នុងអំឡុងពេលផ្អាប់ទុករយៈពេល៧ថ្ងៃដំបូង យកល្អយើងគួរតែបង្ហើប ឬបើកគម្របប្រមាណជា ៣ទៅ៥នាទី​ជារៀងរាល់ថ្ងៃ​ដើម្បីជៀសវាងធុំក្លិនស្អុយខ្លាំង និងមានជាតិហ្គាសខ្លាំង
  • ក្រោយផ្អាប់ទុកបានរយៈពេល៧ថ្ងៃរួចមក គាត់យកទឹកធម្មតាចំនួន៣លីត្រ​មកចាក់កូរច្របល់ជា​មួយមេជីដែលបានផ្អាប់រួច (កាលពីប្រាំពីថ្ងៃមុន) រួចផ្អាប់ទុករយៈពេល៣ថ្ងៃបន្តទៀតទើបអាចយក​មក​ប្រើប្រាស់បាន។

៣. របៀបប្រើ

  • យកទឹកមេជី ៣​-៤ស្លាបព្រាបាយ លាយទឹកធម្មតា១០លីត្រស្រោចលើដំណាំបន្លែ។ ការស្រោចនៅលើបន្លែយកល្អគួរស្រោចនៅពេលល្ងាច ហើយព្រលឹមឡើងយើងស្រោចទឹកធម្មតាលាង។ ប្រសិនបើស្រោចនៅពេលមេឃដែលមានកម្តៅថ្ងៃខ្លាំង វាអាចធ្វើឲ្យដំណាំឡើងស្លោកស្លឹក។
  • ទឹកមេជី ២-៣ស្លាបព្រា លាយជាមួយទឹក១០លីត្រ ស្រោចបំប៉នលើកូនដំណាំ​និងកូនបន្លែដើម្បីឲ្យវាឆាប់​លូតលាស់បានលឿន។
  • ទឹកមេជី ២-៣ស្លាបព្រា លាយជាមួយទឹក ១០លីត្រ​ស្រោចទៅលើដីដាំដំណាំ ដើម្បីជួយឲ្យសារធាតុដែលមិនសូវរលួយក្នុងដីឆាប់ពុក
  • ស្រោចលើលាមកគោ ជីកំប៉ុស្ត (ទឹកមេជី ៣-៥ស្លាបព្រាបាយ លាយជាមួយទឹកធម្មតា ១៥លីត្រ) ដើម្បី​ជួយជំរុញឲ្យឆាប់កាច់ និងបង្កើនគុណភាពជីកំប៉ុស្ត។

៤. ការរក្សាទុកដាក់មេជី

មេជីនេះអាចរក្សាទុកឲ្យមានប្រសិទ្ធិភាពបានរយៈពេលពី ៦ទៅ៨ខែ ដោយទុកនៅកន្លែង ដែលមានម្លប់ត្រជាក់ ឬយកល្អច្រកទុកក្នុងដបអាចរក្សាទុកបានយូរ និងមានប្រសិទ្ធភាព៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)