បទពិសោធន៍ដាំប៉េងប៉ោះបានផលច្រើន
លោកពូ គឹម ប្រិល រស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត គាត់មានបទពិសោធន៍ដាំប៉េងប៉ោះបានផលល្អនៅរដូវវស្សាដែលបទពិសោធន៍នេះជាគំនិតច្នៃប្រឌិតដោយខ្លួនឯង។ ចំពោះបទពិសោធន៍របស់គាត់មានបង្ហាញជូនដូចខាងក្រោម។
១. ការរៀបចំរណ្តៅដាំ. គាត់កាប់ដីហាលរយៈពេល១សប្តាហ៍ ទើបលើករងដាំ។ រងនីមួយៗមានទទឹង៧តឹក កំពស់២,៥តឹក (នៅរដូវវស្សា) បណ្តោយទៅ តាមស្ថានភាពដី។ នៅលើរងគាត់មានដាក់ជីលាមកសត្វពុកផុយ និងជីលាមកប្រចៀវប្រមាណ១០គីឡូ ក្រាមក្នុង១រង។ នៅលើ រងគាត់ជីករណ្តៅ៤តឹក៤ជ្រុង និងជំរៅ២តឹក។ នៅក្នុងរណ្តៅនីមួយៗគាត់ដាក់ជីលាមកប្រចៀវ ០,៥គីឡូក្រាម ច្របល់ឲ្យសព្វ ទើបដកកូនប៉េងប៉ោះយកទៅដាំ។
២. ការសាបកូន និងថែទាំនៅថ្នាល. ថ្នាលសាបកូន គាត់បានរៀបចំដូចរងដាំដែរ។ មុនសាបគាត់បានយកគ្រាប់ទៅហាលថ្ងៃ ២ម៉ោង ដើម្បីសម្លាប់មេរោគ បន្ទាប់ មកយកទៅខ្ចប់ក្រណាត់ផ្សើមទឹក១យប់ ដើម្បីឲ្យគ្រាប់ស្រូបទឹកឆាប់ដុះពន្លក។ គាត់បាន យកគ្រាប់ទៅសាបនៅលើរងស្តើងៗ រួចយកចំបើង ឬធាងដូងគ្របពីលើ និងបន្តស្រោចទឹកឲ្យជោគ គ្របរយៈពេល៣ថ្ងៃ ទើប បើកគំរបចេញ។ ក្រោយពីសាបបាន ៧ថ្ងៃ គាត់យកជីទឹកផ្សំពីកូនត្រីសមុទ្រទៅស្រោចរយៈពេល៣ថ្ងៃម្តង (កូនត្រីសមុទ្រ៥គីឡូ ក្រាម ត្រាំជាមួយទឹក៥០លីត្រ) រហូតដល់កូនប៉េងប៉ោះអាយុបាន២០ថ្ងៃដល់២៥ថ្ងៃ ដកកូនយកទៅដាំ (មុនដកកូន ផ្អាកស្រោចទឹក និងទឹកជី៣-៤ថ្ងៃ)។
៣. ការដកកូនដាំ. ក្រោយពីកូនប៉េងប៉ោះគ្រប់អាយុត្រូវដាំ គាត់បានដកកូនថ្លោសៗយកទៅដាំក្នុង១រណ្តៅ១ដើម។ នៅពេលដាំ គាត់បន្ថែមជី លាមកប្រចៀវ១កំបង់ដៃក្នុង១រណ្តៅ។ នៅពេលលុបដីដាំ គាត់សង្កត់ដីឲ្យណែននៅក្បែរគល់ រួចស្រោចទឹក។
៤. ការថែទាំ និងដាក់ជី. បន្ទាប់ពីបានដាំរួចរាល់ លោកពូឧស្សាហ៍ធ្វើស្មៅនៅក្បែរគល់ និងនៅតាមចន្លោះរង និងស្រោចទឹក ១ ថ្ងៃ២ដង ឬ ១ទៅ២ថ្ងៃម្តងទៅតាមសភាពការណ៍ជាក់ស្តែង។ ក្រោយពីដាំបាន២០ថ្ងៃ គាត់ដាក់ជីគោក (ជីធម្មជាតិ) ៤-៥គីឡូ ក្រាមក្នុង១រង (ដាក់នៅតាមចន្លោះរង)។ ក្រោយពីដាក់ជីគោកបាន ៣-៤ថ្ងៃ គាត់បន្តស្រោចទឹកក្នុងបរិមាណទឹកជី ០,៥លីត្រ លាយទឹក១០លីត្រ ស្រោច១ សប្តាហ៍ម្តង (ជីទឹកស្រោចនៅពេលល្ងាច) នៅតាមគល់។ ការស្រោចទឹក និងជីទឹកបន្តរហូតដល់ពេលប្រមូលផលអស់។ នៅពេលប៉េងប៉ោះមានផ្លែច្រើន គាត់យកបង្គោលឫស្សីចងទប់ដើមកុំឲ្យដួលនៅពេលមានខ្យល់។
៥. ការប្រមូលផល. ដំណាំប៉េងប៉ោះក្រោយពីសាបកូនរហូតដល់ផ្លែមានរយៈពេល៣ខែ។ គាត់ចាប់ផ្តើមប្រមូលផលដោយ១សាបេះផ្លែបាន៥០-៦០ គីឡូក្រាម ៣ថ្ងៃបេះម្តង។ គាត់បេះផ្លែ៦-៧សាទើបអស់។ ប៉េងប៉ោះនេះគាត់បានលក់ទៅឲ្យទីផ្សារសេដាក ក្នុង១ គីឡូក្រាមតំលៃ ២.០០០ ទៅ ២.៥០០រៀល។ ក្នុងការដាំប៉េងប៉ោះនេះ លោកពូទទួលបានប្រាក់ចំណូលស្ទើរទាំងស្រុង ដោយចំណាយ តែលើការទិញកូនត្រីសមុទ្រធ្វើជីទឹកបន្តិចបន្តួចប៉ុណ្ណោះ។
៦. ចំណាប់អារម្មណ៍របស់កសិករ. ក្រៅពីការដាំប៉េងប៉ោះ លោកពូមានដាំដំណាំផ្សេងៗទៀតដូចជា ស្ពៃ ខាត់ណា។ល។ លោកពូមានប្រសាសន៍ថា គាត់មិនពិបាក រកទីផ្សារទេ ព្រោះមានផ្សារអង្គការសេដាកចាំទទួលទិញ ប៉ុន្តែពេលខ្លះគាត់ផលិតបានច្រើនពេកហួសតម្រូវការទីផ្សារ គាត់លក់ឲ្យទីផ្សារខាងក្រៅ ប៉ុន្តែមិនបានតម្លៃថ្លៃដូចទីផ្សារអង្គការសេដាកទេ។ គាត់នឹងបន្តដាំដំណាំដោយមិនប្រើជី និងថ្នាំពុលគីមីនេះតទៅទៀត ព្រោះបានតម្លៃថ្លៃ និងមិនចំណាយថវិកា។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំប៉េងប៉ោះមាន៖
|
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)