វាលស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត នឹងមានភាពបៃតងគ្រប់រដូវកាល

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់លើការងាដាំស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ដោយរៀបចំប្រព័ន្ធស្រោចស្រពទំនើបដោយស្វ័យប្រវត្តិ ដើម្បីឱ្យវាលស្មៅនៅខាងក្នុងប្រាសាទអង្គរវត្តមានភាពបៃតងគ្រប់រដូវកាលទាំងរដូវប្រាំងនិងរដូវវស្សា។

ទន្ទឹមនឹងការដាំស្មៅនេះ ក្នុងគំរោងអភិវឌ្ឍន៍ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនា​ម័យក្នុងរមណីយដ្ឋានអង្គរ ដែលមានការរៀបចំផ្លូវថ្នល់ សួនច្បារ ការដាំដើមឈើឡើងវិញជុំវិញតំបន់ដើម្បីឱ្យល្អប្រសើរ និងមានភាពបៃតងប្រយោជន៍ទាំងសង្គម បរិស្ថាន និងប្រាសាទ។

អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម យិត ចាន់ដារដ្ឋ ក្នុងសន្និសីទស្ដីពីការដាក់ឱ្យប្រើប្រាស់នៃប្រព័ន្ធឌីជីថលលើវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញពីសមិទ្ធិផល និងគម្រោងការ​ងារមួយចំនួនដែលបាននិងកំពុងអនុវត្តន៍ក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះមានទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្បទាទេសចរណ៍ ប្រព័ន្ធគ្រប់គ្រងទឹក ការរៀបចំសួនច្បារ និងការដាំដើមឈើជាដើម ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។


ឯកឧត្តមអគ្គនាយករងបន្តថា ក្នុងចំណោមផែនការអភិវឌ្ឍន៍ជាច្រើនរបស់អាជ្ញាធរជាតិអប្សរា ក្នុងនោះក៏មានការដាំស្មៅនៅជុំវិញប្រាសាទអង្គរវត្ត និងការរៀបចំប្រព័ន្ធស្រោចស្រពទំនើប ដើម្បីភាពងាយស្រួល និងធានាថា វាលស្មៅនៅអង្គរវត្តមានភាពបៃតងខួបប្រាំងខួបវស្សា។ គម្រោងនេះបានទទួលការគាំទ្រពីអាយស៊ីស៊ី-អង្គរ រួចរាល់ហើយ ដោយគ្រាន់តែរង់ចាំនីតិវិធីលទ្ធកម្មក្នុងការអនុវត្តប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គម្រោងនេះនឹងទទួលបានភាពទាក់ទាញកាន់តែខ្លាំងដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលអាចមកទស្សនាអង្គរវត្តដោយភាពស្រស់បំព្រង៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)