ស្វែងយល់ប្រវត្តិពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក
ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សានៃរដូវរកត្រី។ ពិធីបុណ្យអុំនេះឯកសារខ្លះបាននិយាយថា ត្រូវបានគេប្រារព្ធធ្វើតាំងពីបុរាណកាលមក គឺក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ (១១៨១នៃគ.ស.) រហូតមកដល់បច្ចុប្បន្ន។ ដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការឈ្លានពានរបស់ពួកចាម (ចម្ប៉ា) ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប។
ពិធីបុណ្យអុំទូកមានរយៈពេល៣ថ្ងៃ ដោយថ្ងៃទីមួយជាថ្ងៃបើកកិច្ចប្រណាំងទូក ព្រះរាជាត្រូវរៀបចំព្រះទីនាំងទូកសត្វមករ២ទន្ទឹមគ្នាធ្វើជាទីព្រ័ត ដែលកម្ពុជាបានប្រារព្ធធ្វើក្នុងរាជព្រះបាទ ស៊ីសុវត្ថិ ក្នុងឆ្នាំ១៩១៤ នេះបើយោងតាមឯកសារខ្លះៗរបស់បារាំង។ នៅក្នុងតឹកតាងនៃចម្លាក់ទូកក្នុងប្រាសាទបន្ទាយឆ្មារ និងប្រាសាទបាយ័ន ត្រូវបានគេជឿថា ស្ថាប័ត្យកម្មខ្មែរបានប្រើសប្រាសការរចនាមូដទូកជាច្រើនប្រភេទដូចជា ទូកសត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆា…។
ចូលដល់ពេលល្ងាច គេមានការលយប្រទីបនៅម៉ោង៦ល្ងាច ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ, ព្រះម៉ែគង្គារ មានព្រះហស្ថកាន់ផ្កាឈូក និងក្អមទឹក មានយាន្តជំនិះជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើក។ល។ គង្គារ មកពីពាក្យ ទន្លេនៅឥណ្ឌាឈ្មោះថា កាំងកា (Goddess Ganga) ជាទន្លេពិសិដ្ឋនៃ គ្រប់ជំនឿសាសនាទាំងអស់នៅឥណ្ឌា ជាពិសេសពួកហិណ្ឌូ ទោះបីពុំមានទន្លេគង្គារនៅខ្មែរតែព្រះម៉ែគង្គារ នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដែលមិនមែនជាសមុទ្រដូចជា ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹមបីបាច់ដល់មនុស្សសត្វទាំងពួង និងការហូរនាំនូវដីល្បាប់ក៏ដូចភោគផលត្រីជាដើម។ ខ្មែរក៏មានទន្លេដពិសិដ្ឋមួយដែរ ដែលមានលក្ខណៈជា ជ័យភូមិហិណ្ឌូ គឺទន្លេសាប។ ការស្រលាញ់ និងគោរពនូវធម្មជាតិជាមាតា និងថែរក្សាមាតាខ្លួនប្រកបដោយការដឹងគុណ និងខមាលទោស គឺប្រជាជនខ្មែរតែងតែ ធ្វើនូវកូនប្រទីបតូចៗ ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គារផង និងដើម្បីជាការបួងសួងផង ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការនេសាទត្រី ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយប្រវត្តិក្នុងការបណ្ដែតប្រទីបត្រូវបានគេជឿថាកើតក្នុងឆ្នាំ (១៥២៩ នៃគ.ស.) ក្នុងរាជ ព្រះបាទ ចន្ទរាជា។
នៅពេលយប់តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួចអបអរភាពរុងរឿងសំបូរសប្បាយរបស់ជាតិ។ ចំណែកថ្ងៃទី២ នៃពិធីអកអំបុក និងសំពះព្រះខែត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើងដើម្បីរម្លឹកដល់ព្រះឥន្ទ្រ ដែលគេជឿថា កើតឡើងក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ (១៥៦៨ នៃគ.ស.) តាមរយៈព្រះសុបិន ដោយទ្រង់កំណត់យកនៅពាក់កណ្ដាលអាធ្រាត ដោយគេត្រូវអុជធូបសែនព្រេនជាមុនសិន មានដូចជា អំបុក ទឹកដូង និងចេកអំបូង នាពេលដែលគៀកម៉ោងអកអំបុក គេយកដៃក្ដាប់អំបុកអកងើយមើលព្រះខែ កាលណាអ្នកអកអំបុកម្នាក់ឯងទៅឈ្លក់អ្នកនិងមានវិបត្តផ្លូវចិត្តនាដើមឆ្នាំនៃឆ្នាំបន្ទាប់ នេះជាជំនឿមួយពីបុរាណកាល ដែលអ្នកមួយចំនួនសឹងតែមិនបានដឹង។ នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲ្យសមាជិកងើយអកអំបុកហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲ្យចាញ់ ហើយគេឲ្យអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ…៕
រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)