បទពិសោធន៍ដាំត្រកួនដោយប្រើទឹកឡជីវឧស្ម័ន

ភាព លៃ ជាកសិករសហការជាមួយអង្គការសេដាក​ រស់នៅភូមិអំពិល​ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ក្រោយពីបានទទួលការបណ្តុះបណ្តាល គាត់បានរៀបចំសាងសង់ឡជីវឧស្ម័ននៅផ្ទះ បន្ទាប់មកគាត់បានសាកល្បងប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នដើម្បីដាក់ដំណាំ។ ជាលទ្ធផល គឺគាត់សង្កេតឃើញថា នៅលើដី៩ម៉ែត្រការ៉េអាចទទួលផលបាន៨០គីឡូក្រាម ហើយអាចរកប្រាក់ចំនេញបាន៥៨.៥០០រៀល​ ក្នុងរយៈពេល២៥ថ្ងៃ ពីការលក់ត្រកួននិងមិនគិតពីការហូបនៅក្នុងគ្រួសារទេ។ ចំពោះ     បចេ្ចកទេសក្នុងការដាំដុះនេះមានដូចខាងក្រោម៖

១. ការរៀបចំគ្រាប់ពូជត្រកួនដាំ

ដំបូងគាត់បានយកគ្រាប់ត្រកួនទៅត្រាំទឹកក្តៅអ៊ុនៗរយៈពេល​២០នាទី បន្ទាប់មកទើបស្រង់យកទៅខ្ចប់ទុកក្នុងក្រណាត់ផ្អាប់ទុក ១យប់ដើម្បីឲ្យគ្រាប់ដុះពន្លក។

២. ការរៀបចំដីដាំ និងការដាំ

ដីសម្រាប់ដាំមានប្រវែងទទឹង ០,៧ម៉ែត្រ និងបណ្តោយ ១៣ម៉ែត្រក្នុង ១រងហើយ រងត្រកួនដែលគាត់បានដាំមានចំនួន៤រង។ នៅលើរងគាត់បានដាក់ជីលាមកគោ លាយជាមួយផេះ ដើម្បីទ្រាប់បាតពីក្រោម ទុករយៈពេល២ថ្ងៃ។ មុននឹងដាំគាត់បានស្រោចទឹកនៅលើដីឲ្យសើមសិន ទើបយកគ្រាប់ទៅដាក់ដាំដែលមានគំលាតពីគ្នា ៦សង្ទីម៉ែត្រ ពីដើមមួយទៅមួយ។

៣. ការថែទាំ

ក្រោយពីដាំបានរយៈពេល១៥ថ្ងៃ គាត់បានធ្វើការដកស្មៅ និងស្រោចទឹកឡជីវឧស្ម័ន ដោយស្រោចក្នុងរយៈពេល៣ថ្ងៃម្តង។

៤. ការប្រមូលផល

គាត់អាចប្រមូលផលត្រកួនបាននៅអាយុ២៥ថ្ងៃ។ ក្នុងមួយវដ្តនៃការដាំដុះដំណាំត្រកួន គាត់បានចំណាយប្រាក់អស់ ២៩.៥០០រៀល​ទៅលើការទិញប្រេងភ្ជួរដី ពូជ ជួលកម្មករលើករង។ ដោយទូទាត់ជាមួយការចំណាយគាត់ទទួលបានប្រាក់ចំណូលមកវិញជាសរុបប្រមាណ ៥៨.៥០០រៀល។

៥. ចំណាប់អារម្មណ៍

ក្រោយពីបានប្រើប្រាស់ជីឡជីវឧស្ម័នលើដំណាំត្រកួនមក អ្នកមីងមានប្រសាសន៍ថា ជីនេះធ្វើឲ្យត្រកួនដុះលូតសាស់ល្អ មានទំងន់ធ្ងន់ ថ្លោស ដើមខ្ចី។ អ្នកមីងក៏បានធ្វើការផ្សព្វផ្សាយបន្តដល់កសិករផ្សេងទៀតពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកឡជីវឧស្ម័ន ដើម្បីជំរុញឲ្យទិន្នផលកើនឡើង៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)