វិធីសាស្រ្តគ្រប់គ្រងស្ពៃជ្រក់ ក្រោយពេលប្រមូលផល
១. ការប្រមូលផល. ចំពោះដំណាំស្ពៃ គេអាចប្រមូលផលនៅពេលដែលគេសង្កេតឃើញថា
- មានស្រទាប់ម្សៅស្ថិតនៅលើធាងផ្នែកគល់របស់វា
- វាពេញអាយុល្អ គឺពី ២ខែ ទៅ ២ខែកន្លះ
- ប្រមូលផលនៅពេលដែលមេឃត្រជាក់ ហើយស្ងួតសំណើម ព្រោះធាងរបស់វាស្រួយណាស់នៅពេលមេឃត្រជាក់ (ពេលព្រឹកចាប់ពីម៉ោង៩ និងពេលរសៀលចាប់ពីម៉ោង៣)។ ក្នុងការប្រមូលផល គឺគេកាត់ដោយប្រើកូនកាបិតដែលមុតល្អ
- ពេលកាត់ត្រូវប្រុងប្រយ័ត្ន ជៀសវាងការប៉ះទង្គិចខ្លាំង
- ត្រូវប្រមូលស្ពៃជ្រក់ចូលក្នុងម្លប់ភ្លាមៗបន្ទាប់ពីកាត់ហើយ ជៀសវាងកុំឲ្យវាត្រូវកំដៅថ្ងៃ។
២. ការសំអាត
- ក្រោយពេលប្រមូលផលរួច គេមិនលាងសំអាតដោយទឹកទេ ព្រោះវាអាចបៀមទឹក និងធ្វើឲ្យស្ពៃឆាប់ជាំនិងងាយរលួយ។ គេគ្រាន់តែកាត់ស្លឹកដែលចាស់ៗចោលតែប៉ុណ្ណោះ
- រួចដាក់សំដិលក្រោមម្លប់រយៈពេលពី៣០នាទី ដោយយោងទៅតាមអាកាសធាតុក្ដៅ ឬត្រជាក់
- កុំឲ្យស្រពោនពេក តែច្របាច់ទៅមិនបាក់
- ត្រូវបេះស្លឹករលួយចេញដើម្បីកុំឲ្យឆ្លង។
៣. ការជ្រើសរើស ឬវេចខ្ចប់
បន្ទាប់ពីសំដិលរួច គេតំរៀបចូលទៅក្នុងខេងដែក កញ្ឆេដែលមានរុំបាវ ឬដាក់លើរ៉ឺម៉ក ឬឡានតែម្ដង ដោយមានទ្រាប់ និងគ្របពីលើដោយប្រើស្លឹកស្រស់ (ស្លឹកចេកស្រស់)។ ការតំរៀប គឺដាក់គល់ស្ពៃចេញក្រៅ ហើយជារង្វង់ បើដាក់ក្នុងកញ្ឆេ។ កុំដាក់ឲ្យវាពេញហួសមាត់កញ្ឆេ។
៤. ការដឹកជញ្ចូន
- ការដឹកជញ្ចូន គឺគេអាចដឹកបាននៅពេលព្រឹក រសៀល និងពេលយប់ ដោយម៉ូតូ រ៉ឺម៉ក ឬឡាន ទៅកាន់ទីផ្សារ
- រៀបកញ្ឆេជាថ្នាក់ៗ ហើយជៀសវាងការអង្គុយលើឬដាក់អ្វីធ្ងន់ពីលើនាំឲ្យបាក់បែក ឬក្ដៅហប់រលួយ
- ខេងត្រូវរៀបជាថ្នាក់ៗដោយមានឈើកល់
- ត្រូវគ្របខេងនឹងក្រណាត់សើមការពារធូលី។
៥. ការស្តុកទុក
ស្ពៃអាចទុកបាន ១យប់២ថ្ងៃ ដោយគេធ្វើការសំដិលវានៅលើគ្រែ នៅពេលយប់ទុកវាហាលសន្សើម និងពេលថ្ងៃយកចូលម្លប់។ បើសិនជាទុករយៈពេល២យប់ អាចបាត់បង់រហូតដល់៣៥% តែវាអាចយកទៅធ្វើជ្រក់បាន។ ដាក់សំដិលកន្លែងម្លប់ ហើយពេលយប់អាចដាក់ឲ្យត្រូវសន្សើមបាន តែមិន ឲ្យត្រូវថ្ងៃទេ។ នៅពេលដែលយើងស្តុកទុកអាចប្រើប្រាស់កំបោរ ឬសាច់ជូរលាបគល់របស់វាដើម្បីឲ្យអាចរក្សាទុកបានយូរ៕
កសិករមានបទពិសោធន៍ និង បានធ្វើការសាកល្បង
ស៊ សុង, ម៉ៅ ថិញ និង វិញ ស៊ាម
ប្រភព ខិត្តបណ្ណស្តីពី វិធីសាស្រ្តគ្រប់គ្រងស្ពៃជ្រក់ ក្រោយពេលប្រមូលផល, បោះពុម្ពដោយ
-
មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក)
-
វិទ្យាស្ថានអន្តរជាតិដើម្បីស្តារជនបទឡើងវិញ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)