ការគ្រប់គ្រងទឹកឱ្យបានទៀងទាត់ ជាកត្តាសំខាន់ធ្វើឱ្យសាវម៉ាវបានផលល្អ (កសិករ សាក់ ផុន)

លោក សាក់ ផុន ជាប្រជាកសិកររស់នៅក្នុងភូមិប្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបង្ហាញពីបទពិសោធក្នុងការធ្វើយ៉ាងណាឱ្យសាវម៉ាវទទួលទិន្នផលបានល្អ។

នៅក្នុងកិច្ចសម្ភាសជាមួយក្រុមការងារសហគមន៍សម្បូរសប្បាយ លោក សាក់ ផុន បានឱ្យដឹងថា ការគ្រប់គ្រងបរិមាណជីឱ្យមានកម្រិតទៀតទាត់ ត្រឹមត្រូវ និងទឹកគឺជាកត្តាសំខាន់ដែលធ្វើឱ្យសាវម៉ាវរបស់លោកទទួលបានទិន្នផលខ្ពស់។

លោកបន្តថា នៅមុនពេលសាវម៉ាវចេញផ្កាគឺត្រូវបង្អត់ទឹក និងសំអាតគល់សាវម៉ាវឱ្យបានស្អាត កុំឱ្យមានស្មៅ នឹងស្លឹកចាស់នៅក្នុងក្រោមគល់ ដើម្បីឱ្យដីឆាប់ស្ងួតបានល្អ និងស្លឹកមេ (ស្លឹកចាស់ៗ) ជ្រុះអស់ពីដើម ហើយកាលណាដីស្ងួតល្អធ្វើឱ្យសាវម៉ាវឆាប់បានចេញពន្លកផ្កា។

លោក សាក់ ផុន ក៏បានឱ្យដឹងទៀតថា «បន្ទាប់ពីសាវម៉ាវចេញផ្កាបានប្រវែងប្រមាណជា៥ហ៊ុន គេត្រូវដាក់ទឹកបញ្ចោតវាម្តង លុះផ្កាចេញវែងល្មមហើយគេត្រូវដាក់ទឹកវាឱ្យបានទៀងទាត់តាមកំណត់ គឺ៣ថ្ងៃម្តង រហូតដល់សាវម៉ាវផ្លែចាប់ផ្តើមទុំខ្លះៗ, កាលណាមិនដាក់ទឹកឱ្យបានទៀងទាត់តាមកំណត់នេះទេ នោះសាវម៉ាវនឹងមិនកាន់ផ្លែល្អឡើយ, សាវម៉ាវនឹងជ្រុះផ្លែអស់»។

កន្លងទៅកសិករខាតបង់ទិន្នផលដោយសារតែខ្វះការយល់ដឹងពីបញ្ហានៃការគ្រប់គ្រងទឹក។ លោក ផុនបញ្ជាក់ថា បើទោះជាមានភ្លៀងបន្តិចបន្តួចក៏ដោយ ឱ្យតែដល់ថ្ងៃត្រូវដាក់ទឹកគឺត្រូវតែដាក់ទៅតាមការកំណត់ទៀងទាត់របស់វា បើមិនអីចឹងទេគឺពិតជាខូចការដល់សាម៉ាវមិនខាន។

ដោយឡែកវត្តមានរបស់ដើមសាវម៉ាវឈ្មោលនៅក្នុងចម្ការក៏ជារឿងដែលចាំបាច់បំផុតដែរដែលធ្វើឱ្យសាវម៉ាវកាន់ផ្លែបានល្អ។ បើតាមលោក សាក់ ផុន បញ្ជាក់ថា បើទោះជាពូកែយ៉ាងណាក៏ដោយ បើនៅក្នុងចម្ការគ្មានវត្តមានដើមសាវម៉ាវឈ្មោលទេ ក៏សាវម៉ាវនោះផ្លែមិនឈ្នះគេដែរ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)