របៀបធ្វើមេជីទឹកផ្សំពីដើមទន្ទ្រានខែត្រ របស់កសិករឡាវ

កសិករ ប៉ាភីវ រស់នៅក្នុងស្រុកប៉ែក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើមេជីទឹកផ្សំពីដើមទន្ទ្រានខែត្រដែលទទួលបានលទ្ធផលល្អ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញជូនដូចខាងក្រោម។

១. ធាតុផ្សំ

  • ដើមទន្ទ្រាងខែត្រ ៦គីឡូក្រាម
  • ស្ករត្នោត ២គីឡូក្រាម
  • ទឹកធម្មតា ២លីត្រ។

២. ពីរបៀបផ្សំ

ដំណាក់កាលទី១

  • កាប់ចិញ្ច្រាំដើមទន្ទ្រានខែត្រជាភាគល្អិតតូចៗ
  • យកស្ករត្នោតមកកូរលាយជាមួយទឹកឲ្យក្លាយជាល្បាយស្មើសាច់
  • យកធាតុទាំងអស់ខាងលើ (ទឹកស្ករ និងទន្ទ្រានខែត្រ) មកចាក់ច្របល់បញ្ចូលគ្នាឲ្យសព្វ
  • ដាក់ញាត់ចូលក្នុងពាង ឬធុងដោយសង្កត់ឲ្យណែន រួចយកគម្របមកគ្របបិទឲ្យជិត ទុកនៅកន្លែងដែលមានសុវត្ថិភាព និងត្រជាក់ ឬក្នុងម្លប់ដោយផ្អាប់ទុករយៈពេល៧ថ្ងៃ។

ដំណាក់កាលទី២        

  • ក្រោយផ្អាប់ទុករយៈពេល៧ថ្ងៃ យើងសង្កេតឃើញមានស្លឹកទន្ទ្រានខែត្រឡើងពណ៌លឿងមានក្លិនក្រអូប និងមានមេផ្សិតពណ៌សនៅផ្ទៃខាងលើ
  • យកទឹក៤០លីត្រ និងស្ករត្នោត២គីឡូក្រាម កូរឲ្យសព្វរួចកូរច្របល់ជាមួយមេជី (ដំណាក់កាលទី១) បន្ទាប់មកផ្អាប់ទុករយៈពេល៣ថ្ងៃបន្តទៀត (ធ្វើដូចនេះទឹកជីសម្បូរអតិសុខុមប្រាណ និងមានប្រសិទ្ធភាពខ្លាំង)។

៣. ពេលវេលាប្រើប្រាស់

៣ថ្ងៃបន្ទាប់ពីផ្អាប់នៅក្នុងដំណាក់កាលទី២ យើងអាចយកវាទៅប្រើប្រាស់បានហើយ។

៤. របៀបប្រើ

  • យកទឹកមេជី ៣០ស្លាបព្រាបាយ លាយជាមួយទឹកធម្មតា ១០លីត្រ ស្រោចលើដំណាំបន្លែ
  • ស្រោចលើលាមកគោ ជីកំប៉ុស្ត (ទឹកមេជីទឹក ៣-៥ស្លាបព្រាបាយ លាយជាមួយទឹកធម្មតា ១៥លីត្រ) ដើម្បីជួយជំរុញឆាប់កាច់ និងបង្កើនគុណភាពជីកំប៉ុស្ត។

៥. ប្រសិទ្ធភាព និងការរក្សាទុកដាក់មេជី

មេជីទឹកនេះអាចរក្សាទុក និងមានប្រសិទ្ធភាពបានរយៈពេល៨ខែ។ គេត្រូវទុកវានៅកន្លែងដែលមានម្លប់ត្រជាក់ យកល្អច្រកទុកក្នុងដប ដែលអាចរក្សាទុកបានយូរ និងមានប្រសិទ្ធភាព។

បញ្ជាក់. មិនត្រឹមតែដើមទន្ទ្រានខែត្រមួយមុខប៉ុណ្ណោះទេ ដែលអាចយកមកធ្វើជាមេជីទឹកនោះ គឺនៅមានពពួកស្លឹកអង្គាដី អង្កាញ់ ពពួកស្នោ ពពួកសណ្តែក ក៏អាចយកមកធ្វើបានដែរ ប្រសិនបានធាតុផ្សំទាំងអស់នេះបញ្ចូលគ្នាធ្វើឲ្យគុណភាពដីកាន់តែល្អ៕

ប្រភព ទស្សនាវដ្តីកសិករ    

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)