វិធីសាស្រ្តគ្រប់គ្រងចេកពងមាន់ ក្រោយពេលប្រមូលផល
១. ការប្រមូលផល. ការប្រមូលផលចេកពងមាន់ធ្វើឡើងក្រោយពី៖
- ទំលាក់ត្រយូងអស់រយៈពេលពី ១ខែ ទៅ ១ខែ១០ថ្ងៃ
- មានអាយុសមស្រប ហើយផ្លែរបស់វាជ្រុង (មូល)
- សំបកផ្លែរបស់វាស្ដើងរលាង និងមានឡើងម្សៅ
- ផ្លែរបស់វាចាប់ប្រែពណ៌បៃតងទៅលឿង
- ការប្រមូលធ្វើឡើងនៅពេលស្រស់ទឹកសន្សើម ភ្លៀងដើម្បីជៀសវាងការឆាប់ប្រេះ ឬស្អុយរលួយ
- ប្រើកាំបិតផ្គាក់មុត ដោយចាប់ផ្ដើមកាប់ពាក់កណ្ដាលដើម ឲ្យបាក់ដើមជិតដាច់ រួចចាប់ចុងស្ទងឲ្យជាប់ ទើបកាត់ផ្ដាច់ពីដើម
- កាត់រួចត្រូវដាក់ស្ទងបញ្ឈរដោយមានបង្អែក ឬក៏ចងព្យួរវាក្នុងម្លប់ឲ្យស្រក់ជ័រ ហើយត្រូវប្រយ័ត្នកុំឲ្យប៉ះទង្គិចផ្លែ ពីព្រោះវាឆាប់រលាករលួយណាស់
- យើងគួរប្រមូលផលនៅម៉ោង ៩ព្រឹក ដល់ម៉ោង ៣រសៀល ព្រោះពេលនេះវាចេញជ័រតិច ហើយអាចកាត់បន្ថយការខូចខាតដោយសារការប្រឡាក់ជ័រ។
២. ការតំរឹម និងសំអាត
- តំរឹមស្ទងឲ្យស្មើគ្នា (ប្រវែង តឹក) ជៀសវាងកុំឲ្យគល់ស្ទងនៅសល់វែងពេកពីព្រោះវាធ្ងន់ និងមានប៉ះទង្គិចលើស្ទងផ្សេងទៀត
- យកក្រណាត់ទន់ជូតសំអាតដោយថ្នមៗ បើមានប្រឡាក់ដីលើផ្លែ
- កាត់ផ្លែ ឬស្និតណាដែលប្រេះ ឬស្អុយចេញដើម្បីការពារឆ្លងទៅផ្លែផ្សេងទៀត។
៣. ការដឹកជញ្ជូន
- ការដឹកជញ្ចូន គឺចងកាងម៉ូតូដោយប្រុងប្រយ័ត្នកុំឲ្យវាយោលប៉ះគ្នា
- ចងព្យួរក្នុងទ្រុងឡានដោយមានដង្ក្រៀបកៀបចុង និងដើមទងកុំឲ្យវាយោលទង្គិចគ្នា
- យើងអាចប្រើប្រាស់បាវ ក្រដាស ឬក្រចៅគ្របដើម្បីចៀសវាងការប្រឡាក់ដី។
៤. ការស្តុកទុក
ចេកពងមាន់អាចរក្សាទុកពី ៥ ទៅ ១២ថ្ងៃ (គឺមិនឲ្យវាទុំ) ដោយគ្រាន់តែចងចុងស្ទងឡើងលើនៅកន្លែងម្លប់ត្រជាក់ដូចជាក្រោមផ្ទះ ឬរោងសំរាប់ស្តុកតែម្ដងហើយឧស្សាហ៍ពិនិត្យមើល បើសំបកផ្លែរបស់វាស្រពាប់ត្រូវយកកូនស្បោងដាក់ទឹក ហើយចងភ្ជាប់ នៅគល់ស្ទងរបស់វា។
៥. ការថែទាំ
- មុនពេលបន្ទុំ ត្រូវរក្សាទុករយៈ២ថ្ងៃសិនដើម្បីឲ្យស្វិតសណ្ដង់ និងកុំឲ្យវារលួយ
- ការបន្ទុំចេកពងមាន់ធ្វើឡើងទាំងស្ទងតែម្ដង ដោយគ្រាន់តែយកក្រណាត់ស្ដង់ ឬស្បោងប្លាសិ្ទករុំឲ្យវាជិតរួចដុតធូប ឬសារធាតុដែលមានផ្សែងច្រើន ហើយមានក្លិនក្រអូប ឬក៏ប្រើថ្មស្អុយតែម្ដង (គុណភាព និងក្លិនមិនល្អ)
- ម្យ៉ាងទៀត យើងអាចយកវាទៅបន្ទុំក្នុងពាងធំមួយដោយយកស្លឹកឈើដូចជា ទំពូង អំពិលទឹក ម្រុំ អង្គាដី។ល។ ដែលស្លឹកឈើនោះយកវាទៅហាលថ្ងៃស្រពោនរយៈពេល១ម៉ោង ទើបយកមកដាក់ចន្លោះស្ទង ឬផ្លែរបស់វា រួចដុតធូប៣ទៅ៤សរសៃ ក្នុងរយៈពេល ២ថ្ងៃ ចេកទុំដោយមានគុនភាពល្អ និងក្លិនក្រអូប។
កសិករមានបទពិសោទធន៍ និងបានធ្វើការសាកល្បង
ញើត វណ្ណា, ពត បញ្ញារិទ្ធិ, ជាម សារេត និង នេត សុខ
ប្រភព ខិត្តបណ្ណ (វិធីសាស្ត្រគ្រប់គ្រងផ្លែត្រប់ក្រោយពេលប្រមូលផល) បោះពុម្ពដោយ
- មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក)
- វិទ្យាស្ថានអន្តរជាតិដើម្បីស្តារជនបទឡើងវិញ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)