ផលប៉ះពាល់នៃដីជាំទឹកដល់ការលួតលាស់របស់ដំណាំ

 

ដីដាំដំណាំផ្សំពីធាតុរឹង (មានដូចជា ខ្សាច់ និង ឥដ្ឋ) និងរុន្ធនៅចន្លៅធាតុរឹង (Pores) ដែលមានខ្យល់ និងទឹក។ ដីជាំទឹកកើតមានឡើង នៅពេលដែលមានទឹកច្រើន(ដោយសារការស្រោចស្រប ឬ ភ្លៀងច្រើនពេក) ធ្វើឱ្យដីខ្វះ ឬលែងមានខ្យល់អុកស៊ីសែន។

ឫសដែលជាផ្នែកមួយដ៏សំខាន់របស់ដំណាំមានតួនាទីស្រូបទឹក និងសារធាតុចិញ្ចឹមដំណាំ ក៏ដូចជា បញ្ចេញនូវផលិតផល ឬថាមពលបានពីរស្មីសំយោគតាមស្លឹកមកចិញ្ចឹមសត្វល្អិតរស់នៅក្នុងដី។ ការខ្វះអុកស៊ីសែនក្នុងដី បណ្តាលឱ្យឫសក្នុងដីមិនអាចដកដង្ហើមបាន (Respiration) ឬដកដង្ហើមបានតិច ដែលនាំឱ្យឫសមិនអាចធ្វើសកម្មភាពបានរហូតឈានដល់ងាប់។

ដោយសារបញ្ហានេះ ឫសមិនអាចស្រូបទឹក និងសារធាតុចិញ្ចឹម (ជី) ទៅចិញ្ចឹមផ្នែកខាងលើរបស់ដំណាំដែលនាំសកម្មភាពរស្មីសំយោគ មិនដំណើរការដែលការខ្វះខ្យល់អុកស៊ីសែន ដោយសារភាពជាំទឹក ការផ្អាកសកម្មភាពរសប់ឫស ក៏នាំសត្វល្អិតដែលរស់នៅក្នុងដី (ពពួករស់នៅដោយត្រូវការអុកស៊ីសែន aerobic micro organism) ដែលមានសកម្មភាពក្នុងការជួយផ្តល់សារធាតុចិញ្ចឹមដល់ដំណាំ។ ផ្ទុយទៅវិញ ពពួកមីក្រូសរីរាង្គ ដែលរស់នៅមិនត្រូវការអុកស៊ីសែន (anaerobic) ចាប់ផ្តើមសកម្មភាពខ្លាំង ដែលពួកនេះ ភាគច្រើនជាមេរោគ និងនាំមកនូវជាតិពុលដល់ឫសដំណាំ។

ជារួម នៅពេលដីជាំទឹកឫសមិនអាចស្រូបយកទឹក និងជីចិញ្ចឹមដំណាំ សត្វល្អិត មានប្រយោជន៍ មិនអាចជួយផ្តល់ជីដល់ដំណាំ ហើយជាតិពុល និងមេរោគ កើតមាននៅក្នុងដី។

ជាលទ្ធផលនៃការជាំទឹក ដំណាំផ្អាកការលួតលាស់ ស្លឹកឡើងពណ៌លឿង គ្រប់ស្លឹកមានស្នាមរបួស និងឡើងពណ៌ត្នោតតាមមែក និងស្លឹកងាយរងការបំផ្លាញ ពីសត្វល្អិត និងជំងឺ (ជាពិសេសពពួកជំងឺផ្សិត)។

ការបាញ់ថ្នាំ និងការប្រើជីបំប៉នបន្ថែម មិនអាចជួយឱ្យដំណាំលួតលាស់បានល្អទេ ប្រសិនបើមិនមានវិធានការឱ្យមានសកម្មភាពរស់រវើកឡើងវិញ និងដីមានអុកស៊ីសែនគ្រប់គ្រាន់។ ដីជាំទឹក មិនខុសពីមនុស្សលង់ទឹក ឬឈ្លក់ទឹកទេ បើយើងចង់ឱ្យមនុស្សរស់ ទាល់តែស្រង់ចេញពីទឹក ហើយឈប់ឱ្យឈ្លក់ទឹកសិនមុន។

វិធានការល្អបំផុត ដើម្បីការពារកុំឱ្យដីជាំទឹក ដែលប៉ះពាល់ដល់ជីវិតរបស់ឫស គឺដីត្រូវផុសល្អ លើករង ឬ ពូនគល់ឱ្យបានខ្ពស់ មានប្រព័ន្ធរំដោះទឹកគ្រប់គ្រាន់៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)