វិធីសាស្រ្តគ្រប់គ្រងស្ពៃក្ដោបក្រោយពេលប្រមូលផល
មានប្រជាកសិករមួយចំនួនមិនទាន់បានដឹងច្បាស់នៅឡើយអំពីការប្រមូលផល និងទុកដាក់ស្ពៃក្តោបឲ្យមានអនាម័យ ព្រមទាំងនាធានូវគុណភាពបានយូរ។ នៅពេលនេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអំពីចំណុចទាំងនេះដូចខាងក្រោម។
វិធីសាស្ត្រគ្រប់គ្រងស្ពៃក្តោប ក្រោយពេលប្រមូលផល
១. ការប្រមូលផល
- ជាទូទៅ យើងប្រមូលផលស្ពៃក្ដោបដោយសំគាល់ទៅលើអាយុរបស់វា គឺចាប់ពី ៣ ទៅ ៣ខែកន្លះ បន្ទាប់ពីដាក់គ្រាប់ដល់ដី
- បន្ទាប់ពីនេះ គឺការពិនិត្យទៅលើលក្ខណ:ក្ដោបរបស់ស្ពៃ ដូចជាយកដៃច្របាច់ទៅលើ បើរឹងល្អ មានន័យថាស្ពៃពេញវ័យអាចប្រមូលផលបាន ឬសំគាល់ទៅលើចុងស្លឹកស្រទាប់ក្រៅរបស់វាមូរ
- ពេលប្រមូលផល គឺធ្វើឡើងនៅពេលល្ងាចត្រជាក់ល្អពីម៉ោង៣-៤ ដើម្បីឲ្យទឹកសន្សើមស្រស់ល្អ
- ការប្រមូលផលត្រូវយកកូនកាំបិតចុងស្រួចដែលមុតល្អកាត់វាដោយទាញក្ដោបរាងផ្ដេកបន្តិច រួចទើបកាត់
- ការប្រមូលផលត្រូវធ្វើឡើងនៅពេលមានអាកាសធាតុស្ងួតល្អ។ កាលណាយើងប្រមូលផលនៅពេលភ្លៀងភ្លាមៗ នោះធ្វើឲ្យមេរោគងាយបង្កជំងឺឲ្យស្ពៃក្ដោបឆាប់រលួយ។
២. ការតំរឹម និងសំអាត
- ក្រោយពីកាត់រួច យើងពុំចាំបាច់បកស្រទាប់ក្រៅចេញទេ គឺគ្រាន់តែតំរឹមឲ្យស្អាតហើយលាបកំបោរភ្លាមៗ ឬសាច់ជូរនៅមុខកាត់ ដើម្បីការពារចេញជ័រច្រើន ឬឆ្លងជំងឺផ្សេងៗ។ បន្ទាប់មក យកវាទៅដាក់ក្នុងម្លប់ថ្នមៗហើយមិនដាក់គរលើគ្នាទេ ជៀសវាងកុំឲ្យជាំ
- ការសំអាត គឺយើងគ្រាន់តែកាត់សំបកបន្តិចបន្តួចបានហើយ រួចប្រញាប់យកវាទៅដាក់នៅកន្លែងម្លប់ត្រជាក់ដើម្បីកុំឲ្យហួតជាតិទឹកស្វិតស្រពោនបាត់បង់ទំងន់។
៣. ការវេចខ្ចប់
- ដើម្បីកុំឲ្យការវេចខ្ចប់ និងដឹកជញ្ចូនបានល្អមិនបាត់បង់ យើងអាចប្រើចំបើង ក្រដាស បាវ ស្លឹកចេក ឬស្លឹកឈូកសំរាប់ធ្វើជាទ្រនាប់ ដើម្បីកាត់បន្ថយការប៉ះទន្គិច
- ឯការដឹកជញ្ចូន គួរដាក់តាមថ្នាក់ៗ ជៀសវាងការដាក់គរលើគ្នា
- ប្រសិនបើអាចធ្វើបាន យើងអាចយកក្រដាសកាសែតមកហ៊ុមលើស្ពៃក្ដោបនិមួយៗតែម្ដង ទើបដាក់បញ្ចូលក្នុងកញ្ឆេ
- ជៀសវាងការបកធាងស្រទាប់ក្រៅរបស់វាមុនពេលដាក់លក់លើស្ដង់
- ពេលដឹកជញ្ចូន ត្រូវរក្សាឲ្យមានគំរបជានិច្ចដើម្បីការពារកំដៅ និងធូលី។
៤. ការស្តុកទុក
យើងអាចស្តុកស្ពៃក្ដោបដោយធ្វើការរំនឹងក្រដាសកាសែត ហើយយកវាទៅដាក់ក្នុងធុងត្រជាក់ឬពាងធ្វើពីដីគ្របក្រណាត់សើម ហើយប្រោះទឹក១ថ្ងៃ២ដង (ព្រឹក-ល្ងាច) លើក្រណាត់នោះ នៅពេលវាស្ងួត។ ជាលទ្ធផលគឺអាចរក្សាទុកបានយូររហូតដល់១៦ថ្ងៃ ដោយពុំមានស្រកទំងន់ឡើយ។
កសិករមានបទពិសោធន៍ និង បានធ្វើការសាកល្បង
វុធ វណ្ណនី, ឌុល វណ្ណនី និង ជាម គីមលី
ប្រភព ខិត្តបណ្ណ (វិធីសាស្ត្រគ្រប់គ្រងផ្លែត្រប់ក្រោយពេលប្រមូលផល) បោះពុម្ពដោយ
- មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក)
- វិទ្យាស្ថានអន្តរជាតិដើម្បីស្តារជនបទឡើងវិញ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)