ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់
ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ
ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។ វិធានការដ៏មានប្រសិទ្ធភាពគឺប្រើប្រេងកាតលាយជាមួយទឹក (ប្រេងកាត០,៥លីត្រ លាយទឹក១០លីត្រ) បាញ់សម្លាប់ប៉ារ៉ាស៊ីតខាងក្រៅដោយបាញ់ស្រោចទៅលើទ្រុងទាំងមូល។ ក្នុងករណីចាំបាច់ត្រូវបាញ់ឡើងវិញម្តងទៀតបន្ទាប់ពី១ខែ។ ក្នុងករណីជាច្រើនពពែទទួលប៉ារ៉ាស៊ីតខាងក្រៅនៅពេលដែលវាដើរស៊ីលើវាលស្មៅ, វាលស្មៅត្រូវតែមានវិធានការការពារ៖
- មិនត្រូវលែងឲ្យស៊ីលើវាលស្មៅដែលមានចៃច្រើន
- ត្រួតពិនិត្យ និងថែរក្សាវាលស្មៅ។
ការការពារសំរេចបានជោគជ័យលុះត្រាតែមានការចូលរួមទាំងអស់គ្នាពីអ្នកចិញ្ចឹមពពែ។ ត្រូវត្រួតពិនិត្យពពែម្តងមួយៗឲ្យបានទៀងទាត់ ត្រូវឃ្លាំមើលហ្វូងពពែទាំងមូលដោយប្រុងប្រយ័ត្ន។
បើរកឃើញពពែដែលមានចៃត្រូវតែ៖
- បំបែកវាចេញពីហ្វូង
- ព្យាបាលជាបន្ទាន់ ដើម្បីកុំឲ្យឆ្លងដល់ហ្វូងសត្វទាំងមូល
- ប្រើសាប៊ូដុសលាងវា
- ពពែដែលមានរោមវែងផ្តល់លក្ខណៈងាយស្រួលដល់ចៃក្នុងការបន្តពូជ ដូចនេះត្រូវកាត់រោមវាឲ្យខ្លីងាយស្រួលក្នុងការត្រួតពិនិត្យ និងកំចាត់ប៉ារ៉ាស៊ីតខាងក្រៅ។
ការព្យាបាលត្រូវធ្វើឡើងវិញដដែលៗ រហូតទាល់តែប៉ារ៉ាស៊ីតត្រូវបានកំចាត់។ ការព្យាបាលតែមួយដងអាចពុំបានជោគជ័យ និងប្រសិនបើការព្យាបាលប្រព្រឹត្តទៅជាច្រើនដងហើយមិនបានជោគជ័យទៀត អ្នកត្រូវហៅពេទ្យសត្វ។
១១.៤. ប៉ារ៉ាស៊ីតខាងក្នុង
ប៉ារ៉ាស៊ីតខាងក្នុង គឺជាសត្វល្អិតដែលរស់នៅខាងក្នុងខ្លួនរបស់ពពែ ភាគច្រើនក្នុងក្រពះ ពោះវៀន ហើយខ្លះរស់នៅក្នុងសួត ថ្លើម និងក្នុងសរីរាង្គដទៃទៀត។ ព្រូន និងប៉ារ៉ាស៊ីតដទៃទៀតអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់សុខភាពពពែ។ ក្នុងខ្លួនពពែអាចមានព្រូនច្រើនប្រភេទ ព្រូនមូល ព្រូនសំប៉ែត ព្រូនក្នុងសួត។ ពពែមិនធានាទប់ទល់នឹងព្រូនទេ ជាពិសេសគ្រោះថ្នាក់ខ្លាំងចំពោះកូនពពែ និងពពែជំទង់។
ព្រូនផលិតកូនច្រើន ហើយពងរបស់វាមានគ្រប់ទីកន្លែង នៅកន្លែងចិញ្ចឹមគោ លើវាលស្រែ។ល។ មួយផ្នែកវដ្តជីវិតរបស់ព្រូនប្រព្រឹត្តទៅនៅក្រៅខ្លួនរបស់សត្វ ពងព្រូនចូលទៅក្នុងពោះសត្វតាមចំណី ទឹក រួចលូតលាស់បង្កកំណើតនៅក្នុងខ្លួនសត្វ។ ដោយគ្មានបទពិសោធន៍ និងគ្មានការការពារត្រឹមត្រូវហ្វូងពពែទាំងមូលនឹងកើតព្រូន ដែលបណ្តាលឲ្យខាតបង់ថវិកាយ៉ាងច្រើនចំពោះអ្នកចិញ្ចឹមពពែ។ ព្រូនច្រើននៅក្នុងខ្លួនសត្វបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ និងខូចសុខភាព។
រោគសញ្ញា
- បាត់បង់ការឃ្លាតចំណី ស្រកទំងន់
- ក្អក (ព្រូនក្នុងសួត) មានភាពខ្សោយ
- រោមគ្រើម ហើយបះ
- ឈាមមិនគ្រប់គ្រាន់ (anaemia)
- រោទ៍ឮតិច
- រាក ចុះស្គមខ្លាំង ហើយងាប់។
ការការពារ និងព្យាបាលប៉ារ៉ាស៊ីតខាងក្នុង. ការការពារមិនឲ្យមានព្រូន និងមិនឲ្យមានប៉ារ៉ាស៊ីតដទៃទៀត
- ទ្រុងពពែ ស្នូក និងចំណីដាច់ខាតត្រូវតែស្អាត
- ត្រូវប្រើថ្នាំទំលាក់ព្រូនចំពោះហ្វូងសត្វទាំងមូលរាល់៣ខែម្តង។
ទំលាក់ព្រូន. មានថ្នាំជាច្រើនប្រភេទដែលប្រើបានជោគជ័យសំរាប់ទំលាក់ព្រូន និងប៉ារ៉ាស៊ីតផ្សេងៗ។ វិធានការនៃការទំលាក់ព្រូន៖
- ពិនិត្យមើលពេលផុតកំណត់របស់ថ្នាំ
- ប្រើថ្នាំឲ្យបានត្រឹមត្រូវស្របទៅនឹងទំងន់របស់សត្វ
- ទំលាក់ព្រូនហ្វូងពពែទាំងមូល
- ប្តូរថ្នាំទំលាក់ព្រូនបន្ទាប់ពីប្រើជាច្រើនដងមកដើម្បីជៀសវាងការស៊ាំថ្នាំរបស់មេរោគ
- ការទំលាក់ព្រូនមិនធ្វើឲ្យប៉ះពាល់ដល់ពពែផើម មេពពែបំបៅកូន និងកូនរបស់វាទេ
- ការទំលាក់ព្រូនចាំបាច់ណាស់បន្ទាប់ពីការចាប់ផ្តើមនៃរដូវភ្លៀងមក។
អ្នកមិនត្រូវផឹកទឹកដោះពពែដែលបញ្ច្រកថ្នាំរួចបាន ២៤ម៉ោង។
១១.៥. ជំងឺកុកស៊ីដ្យូស៊ីស (Coccidiosis)
កុកស៊ីដ្យូស៊ីស ជាជំងឺធ្ងន់ធ្ងរមួយ។ ជំងឺនេះកើតមានឡើងនៅក្នុងហ្វូងសត្វដោយសារការគ្រប់គ្រងមិនបានល្អ សំខាន់បំផុតគឺទ្រុងពពែ និងលក្ខខណ្ឌនៃការរស់នៅកខ្វក់ គួបផ្សំនឹងការធ្វេសប្រហែសក្នុងការ ផ្តល់ចំណី។ ជាពិសេសកូនពពែ ពពែជំទង់ និងសត្វដែលខ្សោយមានគ្រោះថ្នាក់ខ្ពស់។ ការឆ្លងមេរោគ និងជំងឺផ្សេងៗអាចធ្វើឲ្យសត្វងាប់ច្រើន និងបណ្តាលឲ្យខាតបង់ថវិកាខ្ពស់។
មូលហេតុ. បណ្តាលមកពីមេរោគ កុកស៊ីដ្យូស៊ីស (Coccidiosis) ច្រើន និងគួបផ្សំជាមួយ
- ការធ្វេសប្រហែស និងការថែទាំគ្មានអនាម័យ (ទ្រុង និងការផ្តល់ចំណី)
- លក្ខខណ្ឌនៃការរស់នៅ ធុញថប់ ហត់នឿយ (stress) ដូចជា
- បន្ទាប់ពីបង្កើតកូន បន្ទាប់ពីផ្តាច់ដោះ បន្ទាប់ពីប្តូរអាកាសធាតុ ក្រោយពីការដឹកជញ្ជូន
- បន្ទាប់ពីការប្តូរចំណីភ្លាមៗ និងការគ្រប់គ្រង។
មេរោគ Coccidiosis រស់នៅក្នុងពោះវៀនរបស់សត្វពពែដែលឆ្លងជំងឺនេះមានរាកតិចតួច ហើយប៉ុន្មានថ្ងៃក្រោយមកអាចបាត់ទៅវិញ។ នៅក្នុងកំរិតមួយពពែស៊ាំទៅនឹងមេរោគ ហើយវាអាចត្រឡប់ទៅនឹងការឆ្លងមេរោគនេះ។
រោគសញ្ញា
- បាត់បង់ការរឃ្លាតចំណី
- រោមឡើងគ្រើម ហើយស្រកទំងន់
- រាកពណ៌ក្រហមត្នោត
- ធ្វើឲ្យពពែងាប់។
ការការពារ. ការការពារដែលមានប្រសិទ្ធភាព
- ត្រូវមានអនាម័យ និងស្អាតជានិច្ច
- គ្រប់គ្រងឲ្យបានត្រឹមត្រូវ
- ទ្រុងត្រូវស្អាតជានិច្ច
- ការផ្តល់ចំណីត្រូវតែស្អាត។
កូនពពែដែលទើបឆ្លងជំងឺនេះអាចព្យាបាលជាមួយ ស៊ុលហ្វាតឌីមីឌីន (Sulphadimidine)
អាយុ | ការប្រើថ្នាំ |
ការព្យាបាលបែបនេះមានតម្លៃថោក ហើយមានប្រសិទ្ធភាព |
១ ខែ
៣ ខែ ៥ ខែ |
១ គ្រាប់/ថ្ងៃ ព្យាបាល ៣ថ្ងៃ
១ គ្រាប់/ថ្ងៃ ព្យាបាល ៣ថ្ងៃ ២ គ្រាប់/ថ្ងៃ ព្យាបាល ៣ថ្ងៃ |
ការព្យាបាល. ក្នុងករណីរាកច្រើនដង ត្រូវហៅគ្រូពេទ្យសត្វជាបន្ទាន់។
១១.៦. ជំងឺខ្វិន (goat paralysis)
មូលហេតុ. ជំងឺខ្វិនពពែបណ្ដាលមកពីដង្កូវជ្រៀតចូលក្នុងខ្លួនរបស់វា ដែលពីធម្មជាតិគេរកឃើញកើតមានឡើងចំពោះសត្វគោ។ វាឆ្លងតាមមូសដែលចម្លងចូលទៅក្នុងប្រព័ន្ធសរសៃឈាមរបស់ពពែ។ជំងឺនេះអាចបណ្ដាលឲ្យខាតបង់ថវិកាខ្ពស់។
រោគសញ្ញា
- ជើងខាងក្រោយមានភាពខ្សោយ
- ដំណើរមិនត្រង់មានសភាពបីដូចអ្នកស្រវឹងស្រា
- ប្រស្រីភ្នែកធ្វើចលនាដោយគ្មានការបញ្ជា
- ពពែខ្វិនមួយផ្នែក ឬខ្វាន់ទាំងស្រុង។
វិធានការការពារ
- ទំលាក់ព្រូនគោ
- ថែទាំពពែដោយបំបែកចេញពីគោ
- ជ្រើសរើសកន្លែងសមស្របសំរាប់ទ្រុងពពែ ដាក់ដាច់ដោយឡែកពីគោ និងឆ្ងាយពីកន្លែងសំបូរមូស
- ជៀសវាងការលែងឲ្យស៊ីលើវាលស្មៅជាមួយហ្វូងគោ។
- ការពារមូស
- បាញ់ថ្នាំសម្លាប់មូស បាញ់ទៅលើប្រភពដែលកើតមូស និងបាញ់ក្នុងទ្រុងពពែ
- ចិញ្ចឹមត្រីក្នុងស្រះ។
ការព្យាបាល
- ពុំមានថ្នាំសំរាប់ព្យាបាលសត្វដែលកើតជំងឺនេះក្នុងដំណាក់កាលចុងក្រោយ
- ត្រូវហៅពេទ្យសត្វជួយ។
១១.៧. ជំងឺសួត (pneumonia)
ជំងឺសួត ជាជំងឺមួយដ៏ធ្ងន់ធ្ងរ ជាពិសេសមានភាពគ្រោះថ្នាក់សំរាប់ពពែនៅក្មេង។ ពិសេសទៅទៀតចំពោះអាកាសធាតុត្រជាក់ហើយសើម នៅពេលដែលពពែទទួលនូវភាពត្រជាក់នេះដែលបង្កឲ្យមានភាពគ្រោះថ្នាក់ខ្លាំងចំពោះជំងឺសួត។
ការការពារដ៏មានប្រសិទ្ធភាពបំផុត គឺធ្វើទ្រុងឲ្យបានល្អ គ្រប់គ្រងឲ្យបានត្រឹមត្រូវ និងការផ្តល់ចំណីបានល្អ។
ជំងឺសួតកើតឡើងជាញឹកញាប់
- ចំពោះសត្វដែលខ្សោយ
- ចំពោះសត្វដែលនឿយហត់ ឬធុញថប់ (tress conditions) ដូចជា
- បន្ទាប់ពីកើតកូនរួច
- បន្ទាប់ពីប្តូរអាកាសធាតុយ៉ាងរហ័ស
- បន្ទាប់ពីការដឹកជញ្ជូនសត្វ
- បន្ទាប់ពីការប្តូរចំណីភ្លាមៗ និងការគ្រប់គ្រង។
មូលហេតុ. ជំងឺសួតអាចបណ្តាលមកពី
- វីរុស (virus) ឬបាក់តេរី (bacteria)
- ប៉ារ៉ាស៊ីត (lung worms ព្រូនសួត) ឬផ្សិត។
រោគសញ្ញា
- បាត់បង់ការឃ្លាតចំណី
- អាការៈខាងក្រៅមានភាពធុញទ្រាន់
- ក្អក
- ពិបាកក្នុងការដកដង្ហើម
- គ្រុនក្តៅ។
ការការពារ
- ធ្វើទ្រុងពពែឲ្យបានល្អ ទ្រុងត្រូវស្អាត ស្ងួត និងមានខ្យល់ចេញចូលល្អ
- ផ្តល់ចំណីពពែឲ្យបានល្អ
- ទំលាក់ព្រូនឲ្យបានទៀងទាត់រាល់ ៣ខែម្តង
- ហ្វូងពពែចិញ្ចឹមក្នុងចំនួនដែលអ្នកអាចថែរក្សាបានហ្មត់ចត់
- ជៀសវាងការចិញ្ចឹមដាក់ពពែច្រើនក្នុងទ្រុងតែមួយ។
ការពារពពែពីភាពត្រជាក់
- មិនត្រូវលែងពពែឲ្យស៊ីលើវាលស្មៅនៅពេលភ្លៀង និងខ្យល់
- ធ្វើសំបុកឲ្យកូនពពែ
- ប្រក់ទ្រុងពពែឲ្យបានត្រឹមត្រូវដើម្បីការពារភាពត្រជាក់ ខ្យល់ ភ្លៀង។
ការព្យាបាល
- ពពែឈឺត្រូវបំបែកចេញពីហ្វូង និងផ្តល់កំដៅឲ្យវា
- ផ្តល់ចំណីឲ្យបានល្អ
- ត្រូវការការណែនាំ និងជំនួយពីពេទ្យសត្វ។
១១.៨. ជំងឺរលាកស្បែក (Contagious Pustular Dermatitis)
ជាជំងឺមួយដែលឆ្លងរាលដាលនៅត្រង់មាត់ និងច្រមុះ ហើយដែលច្រើនកើតចំពោះពពែ និងចៀម។ បើជំងឺនេះកើតចំពោះពពែណាមួយ នោះហ្វូងពពែទាំងមូលនឹងមានគ្រោះថ្នាក់។
រោគសញ្ញា
- ដំបៅស្ងួត ពណ៌ត្នោតនៅជុំវិញមាត់ច្រមុះ (មានក្រមរ និងធ្វើឲ្យសត្វឈឺ)
- មានស្នាមប្រេះនៅលើបបូរមាត់ លើច្រមុះ និងលើអញ្ចាញធ្មេញ ដែលបណ្តាលឲ្យសត្វមានការឈឺចាប់នៅពេលវាបៅ ឬស៊ីចំណី
- សត្វបាត់បង់ការឃ្លានចំណី និងមិនព្រមស៊ីចំណី។
ការការពារ
- បំបែកសត្វដែលឆ្លងជំងឺនេះចេញពីហ្វូង
- ចំពោះតំបន់ដែលកើតជំងឺនេះញឹកញាប់ ត្រូវចាក់វ៉ាក់សាំងកូនពពែដែលមានអាយុពី ៦-៨សប្តាហ៍ ត្រូវចាក់វ៉ាក់សាំងឡើងវិញបន្ទាប់ពី ២ឆ្នាំ។
ចំពោះការចាក់វ៉ាក់សាំង គួរតែមានការផ្តល់យោបល់ពីពេទ្យសត្វ និងថ្នាំវ៉ាក់សាំងគួរតែរៀបចំពីពេទ្យសត្វ។
ការព្យាបាល
- ផ្តល់ចំណីទន់ និងមានឱជារសដល់សត្វ
- លាបដំបៅដោយប្រើល្បាយសាច់ជូររាវ (alum 5%)
- កេះក្រមរដំបៅចេញដោយប្រើសំឡី និងស្បៃស្អាត ហើយប្រើថ្នាំលាបដំបៅ (Gentian Violet)
- ក្នុងករណីចាំបាច់ត្រូវហៅបសុពេទ្យជាបន្ទាន់។
១១.៩. ជំងឺហើមពោះ (Bloat)
ជំងឺនេះបង្កឡើងដោយការកើនឡើងនូវឧស្ម័នក្នុងក្រពះ (rumen)។ ក្រពះរបស់សត្វពពែឡើងប៉ោង ឬហើម។
មូលហេតុ
- ការផ្តល់ចំណីខុស (របបចំណីពុំមានតុល្យភាព)
- កំរិតនៃការរំលាយអាហារខ្ពស់ ចំណីសំបូរប្រូតេអ៊ីនខ្ពស់ដូចជា ពពួករុក្ខជាតិកួរ ស្មៅខ្ចៅ ស្លឹករុក្ខជាតិខ្ចី។ល។
- ដំណើរការពីក្រពះទៅបំពង់កត្រូវស្ទះ
- បណ្តាលឲ្យកើតជំងឺផ្សេងៗទៀត។
រោគសញ្ញា
- សត្វមានការឈឺចុកចាប់
- ពិបាកក្នុងការដកដង្ហើម
- ក្រពះឡើងហើមធំដែលអាចដឹងបាននៅផ្នែកខាងឆ្វេង
- បើយើងវាយផ្នែកខាងឆ្វេង (ត្រង់កន្លែងដែលក្រពះឡើងធំ) វានឹងឮសំឡេងដូចស្គរ។
ការការពារ
- ប្រតិបត្តិតាមក្បួនខ្នាតនៃការផ្តល់ចំណីឲ្យបានត្រឹមត្រូវ (ទាំងក្នុងទ្រុង និងការឲ្យស៊ីលើវាលស្មៅ)
- របបចំណីត្រូវផ្តល់ឲ្យមានតុល្យភាព។
ការព្យាបាល. ការហើមពោះត្រូវការប្រុងប្រយ័ត្នជាបន្ទាន់៖
- បញ្ឈប់ការផ្តល់ចំណីឲ្យសត្វ
- ត្រូវឲ្យសត្វឈរនៅកន្លែងរាងជំរាល ជើងមុខខ្ពស់ជាងជើងក្រោយ រួចសង្កត់ថ្នមៗត្រង់កន្លែងហើមពោះ។ ទាំងនេះអាចធ្វើឲ្យសត្វបញ្ចេញឧស្ម័នខ្លះពីពោះរបស់វា
- រឺតប្រេងលើពោះរបស់វាដោយថ្នមៗ
- ក្នុងករណីចាំបាច់ត្រូវហៅបសុពេទ្យជាបន្ទាន់។
១១.១០. ជំងឺរលាកដោះ (mastitis)
ជាជំងឺរលាកកន្សោមដោះ វាអាចធ្វើឲ្យខូចជាលិកាផលិតទឹកដោះ (ទាំងសងខាង ឬម្ខាង)។
មូលហេតុ. បណ្តាលមកពីប្រភេទបាក់តេរីផ្សេងៗ រួមផ្សំជាមួយការថែទាំគ្មានអនាម័យដូចជា ទ្រុងកខ្វក់ និងការយកទឹកដោះមិនបានសំអាតត្រឹមត្រូវ ឬបណ្តាលមកពីការរឺតយកទឹកដោះខ្លាំងពេក។
រោគសញ្ញា
- ទឹកដោះចុះខ្សោយ
- ទឹកដោះមិនខាប់ហើយរាវ
- ទឹកដោះមានបំណែកដុំតូចៗ និងមានលាយខ្ទុះ
- ទឹកដោះប្តូរពណ៌ (ពណ៌ឈាម ឬក្រហម)
- កន្សោមដោះឡើងហើមធំ ក្តៅ និងពណ៌ក្រហម។
ការការពារ
- ការគ្រប់គ្រងបានល្អ និងមានភាពស្អាតជានិច្ច
- លាងដៃឲ្យស្អាតមុននឹងច្របាច់យកទឹកដោះ
- លាងកន្សោមដោះឲ្យបានស្អាតមុននឹងច្របាច់យកទឹកដោះ។
ការព្យាបាល
ក្នុងករណីកើតជំងឺនេះភ្លាម យើងអាចព្យាបាលបានដោយជោគជ័យ ករណីពិសេសត្រូវហៅពេទ្យសត្វភូមិជាបន្ទាន់។
១១.១១. ជំងឺអុតក្តាម
ជាជំងឺឆ្លងរាតត្បាតមួយដែលកើតមានឡើងចំពោះ គោ ក្របី ពពែ។ល។ ជំងឺនេះច្រើនកើតក្នុងរដូវភ្លៀង។ បើពពែមួយកើតនោះវាឆ្លងរាលដាលពេញក្នុងហ្វូង។
រោគសញ្ញា
- សត្វក្តៅខ្លួន សីតុណ្ហភាពឡើងខ្ពស់ ៤០-៤១អង្សាសេ
- មានពងបែក ដំបៅក្នុងមាត់ លើអញ្ចាញធ្មេញ និងត្រង់ដោះ
- មានដំបៅនៅចន្លោះក្រចកជើង ហើយមានហូរទឹករងៃ ឬមានខ្ទុះ ករណីធ្ងន់ធ្ងរអាចរបកក្រចកជើង
- ហើមអណ្តាត ធ្វើឲ្យសត្វពិបាកផឹកទឹក និងស៊ីចំណី
- ហៀរទឹកមាត់អន្លាយ
- ជួនកាលសត្វអាចរាក
- ចំពោះមេផើមអាចធ្វើឲ្យវារលួតកូន។
ការព្យាបាល
មានវិធីព្យាបាលមួយចំនួនដោយប្រើថ្នាំចាក់ និងការប្រើឱសថបូរាណលាបទៅលើមុខដំបៅដែលបង្កឡើងដោយជំងឺនេះ។ ឱសថបូរាណដែលប្រជាកសិករយើងធ្លាប់ប្រើមាន៖
- ថ្នាំជក់ ដែលជាប្រភេទថ្នាំខ្លាំង
- កំបោរ ដែលចាស់ៗពិសាជាមួយស្លាម្លូ
- ខ្លាញ់ត្រី និងធ្យូងបាតខ្ទះ។
របៀបផ្សំ
បុកលាយសារធាតុខាងលើចូលគ្នា រួចយកជួតកន្លែងដំបៅ បន្ទាប់មកយកខ្លាញ់ត្រីលាយជាមួយធ្យូងបាតខ្ទះ កូរវាឲ្យសព្វយកទៅជូតលើដំបៅដើម្បីកុំឲ្យរុយរោម ព្យាបាលរយៈពេល៥ថ្ងៃ ក្នុងរណីធ្ងន់ធ្ងរអាចប្រើពេល១០ថ្ងៃ។
គេអាចយកសាច់ជូរដុសលាងមុខដំបៅ ឬអាចប្រើក្រូចឆ្មារ គេអាចប្រើទឹកក្រេស៊ីល ៥% សំរាប់លាងក្រចកដែលដំបៅ។ ចំពោះថ្នាំចាក់មានដូចជា អំពីស៊ីលីន (Ampiciline) ឬអាណាសាំង (Anagine) ចាក់សាច់ដុំ ១cc សំរាប់ ១០គីឡូក្រាមសត្វរស់ ក្នុង១ថ្ងៃចាក់២ដង ពេលព្រឹកម្តង និងពេលល្ងាចម្តង។
អ្នកត្រូវបំប៉នសត្វឲ្យបានល្អ និងផ្តល់ចំណីទន់ៗ ដើម្បីឲ្យវាងាយស្រួលស៊ី។ ជៀសវាងកុំឲ្យសត្វត្រាំទឹក ឲ្យវានៅកន្លែងស្ងួត យកល្អត្រូវក្រាលចំបើងពីក្រោមឲ្យសត្វ ចំណីនិងទឹកដែលផ្តល់ឲ្យសត្វត្រូវស្អាតជានិច្ច។
១១.១២. ជំងឺសារទឹក
ជាជំងឺឆ្លងដ៏សាហាវមួយ និងច្រើនកើតនៅរដូវភ្លៀង កសិករមានការភ័យខ្លាចខ្លាំងចំពោះជំងឺនេះ។ បើជំងឺនេះកើតមានឡើង នោះវាបណ្តាលឲ្យសត្វងាប់ច្រើន និងធ្វើឲ្យកសិករខាតបង់ខ្ពស់។
មូលហេតុ
- ការផ្តល់ចំណីមិនគ្រប់គ្រាន់
- បរិយាកាសមិនល្អ និងលក្ខខណ្ឌនៃការរស់នៅធ្វើឲ្យវាធុញថប់ (Tress)
- បង្កឡើងដោយបាក់តេរី។
រោគសញ្ញា
- សត្វមិនចង់ស៊ីចំណី
- សត្វមិនចង់កំរើក ពុំសូវធ្វើចលនា
- សត្វគ្រុនក្តៅ សីតុណ្ហភាពឡើងខ្ពស់ ៤០-៤១អង្សាសេ
- ច្រមុះស្ងួត
- សត្វហៀរទឹកមាត់ និងសំបោរ
- ពេលខ្លះអណ្តាតរបស់សត្វលៀនចេញមកក្រៅ
- សត្វហើមក ហើមទ្រូង ជើងមុខ និងហើមត្រគាក
- នៅត្រង់កន្លែងហើមមានសភាពទន់
- រាកមានលាយឈាម។
ការព្យាបាល
- គេអាចប្រើថ្នាំចាក់ដូចជា ស្រ្តឹបតូមីស៊ីន (Streptomycine), ស៊ុលហ្វាឌីមីឌីន (Sulfadimidine) និងអាត្រូពីន (Atropine)។
- កសិករខ្លះគាត់នៅប្រើឱសថបូរាណសំរាប់ព្យាបាលជំងឺសារទឹកដូចជា ថ្នាំខ្លាំង និងចេកជ្វា បុកបញ្ចូលគ្នាលាយជាមួយទឹក រួចពួតយកទឹកបញ្ច្រកសត្វ១ថ្ងៃ២ដង។
១១.១៣. ជំងឺបុស្តខ្យល់
ជាជំងឺឆ្លងដ៏កាចសាហាវមួយហើយច្រើនកើតមានឡើងចំពោះសត្វគោ ក្របី ពពែ ជៀម ។ល។ លក្ខណៈពិសេសរបស់ជំងឺនេះគឺគ្រុនក្តៅ ហើមនៅក្នុងសាច់ដែលបណ្តាលមកពីហ្គាស សត្វដែលកើតជំងឺនេះអាចងាប់យ៉ាងឆាប់រហ័ស។
រោគសញ្ញា
- សត្វមិនចង់ធ្វើចលនា
- ពិបាកដកដង្ហើម
- សត្វមិនចង់ស៊ីចំណី និងមិនចង់នៅក្នុងហ្វូង
- សីតុណ្ហភាពក្នុងខ្លួនសត្វឡើងខ្ពស់ ៤០-៤១អង្សាសេ
- មានហើមពកនៅត្រង់ម្តុំភ្លៅ ត្រគាក សងខាងស្មា និងទ្រូង កន្លែងហើមប៉ោង បើយើងស្ទាបក្តៅ និងធ្វើឲ្យសត្វឈឺចុកចាប់
- ជំងឺនេះធ្វើឲ្យសត្វងាប់យ៉ាងរហ័សពី ១-២ថ្ងៃ។
ការព្យាបាល
- គេអាចប្រើថ្នាំចាក់ដូចជា ប៉េនីស៊ីលីន (Peniciline), អ៊ិចធេនស៊ីលីន
- ការព្យាបាលតាមបែបសាមញ្ញ គឺនៅពេលបូសឡើងទុំក្រហមគេយកកាំបិតមុតវះពីលើ រួចច្របាច់ខ្ទុះឲ្យអស់ បន្ទាប់មកគេយកខ្លាញ់ត្រីលាយជាមួយធ្យូងបាតខ្ទះ មកលាបពីលើមុខរបួស។
កសិករខ្លះយកវល្លិកំបោរ ដើមអង្ក្រង សត្វជន្លេន បុកលាយជាមួយទឹក រួចបញ្ច្រកសត្វក្នុង១ថ្ងៃ៣ដង ក្នុង១ដង៣បំពង់ឫស្សីតូច។
តារាងទី៣. ជំងឺសំខាន់ៗ
ជំងឺ | កើតច្រើនចំពោះ
ពពែមានអាយុ |
មូលហេតុ | កត្តាដែលនាំ
ឲ្យកើតជំងឺ |
រោគសញ្ញា | ការការពារ
និងព្យាបាល |
ព្រូន | កូនពពែ និង
ពពែជំទង់ |
ព្រូនមូល
ព្រូនសំប៉ែត ព្រូនថ្លើម |
ភាពកខ្វក់,
ទ្រុងមិនល្អ, ចំណីមិនគ្រប់គ្រាន់, ការគ្រប់គ្រងធ្វេសប្រហែស |
ស្រកទំងន់, ចុះស្គម, ក្អក, រើមគ្រើម, ឈាមមិនគ្រប់គ្រាន់, រាក | – ធ្វើអនាម័យឲ្យបានល្អ
– ទំលាក់ព្រូនបានទៀងទាត់ |
កុកស៊ីដ្យូស៊ីស
(Cocci-diosis) |
កូនពពែ និង ពពែជំទង់ |
ប៉ារ៉ាស៊ីត
កុកស៊ីដ្យា (Coccidia) |
ភាពកខ្វក់, ទ្រុងមិនល្អ, ចំណីមិនគ្រប់គ្រាន់, ការគ្រប់គ្រងធ្វេសប្រហែស | ស្រកទំងន់, ចុះស្គម, ក្អក, រោមគ្រើម, ឈាមមិនគ្រប់គ្រាន់, រាកពណ៌ក្រហម | – ធ្វើអនាម័យឲ្យបានល្អ
– ប្រើថ្នាំស៊ុលហ្វា – បើរាកច្រើនដងហៅបសុពេទ្យ |
ប៉ារ៉ាស៊ីតខាងក្រៅ | ចំពោះសត្វទាំងអស់ក្នុងហ្វូង | ចៃ
ចៃតឹកកែ |
វាលស្មៅសំបូរចៃ, ខ្វះការថែរក្សា | មានដូចជា ដំបៅលើស្បែក, ជ្រុះរោម, រមាស់ | – ត្រូវស្អាតជានិច្ច, ទ្រុងស្អាត
– ការពារពីភាពត្រជាក់ – ទំលាក់ព្រូនទៀងទាត់, ករណីចាំបាច់ហៅបសុពេទ្យ |
ជំងឺសួត
(Pneu-monia) |
ពពែក្មេង | វីរុស, បាក់តេរី, ផ្សិត | ទ្រុងមិនល្អ, ត្រជាក់, ខ្សោយ និង
ស្ត្រេស |
ក្អក, ហៀរសំបោរ, គ្រុនក្តៅ | – ត្រូវស្អាតជានិច្ច, ទ្រុងស្ងួត
– ការពារពីភាពត្រជាក់ – ទំលាក់ព្រូនទៀងទាត់, ករណីចាំបាច់ហៅបសុពេទ្យ |
ជំងឺខ្វិន
(goat paralysis) |
ចំពោះសត្វទាំងអស់ក្នុងហ្វូង | ប៉ារ៉ាស៊ីតឆ្លងពីសត្វគោ | មូស, ស៊ីលើវាលស្មៅជាមួយគោ | ពិបាកដើរ,ប្រស្រីភ្នែកកំរើកចុះឡើង, ខ្វិន | – ឃ្វាលពពែឲ្យឆ្ងាយពីគោ
– ត្រួតពិនិត្យមូស – វិធីព្យាបាល (ពេទ្យសត្វ) |
ជំងឺរលាកស្បែក (Conta-gious Pustular Derma-titis) | ចំពោះសត្វទាំងអស់ក្នុងហ្វូង | វារុស | បាត់បង់ការឃ្លានចំណី, ក្រមរក្រៀមពណ៌ត្នោត ជុំវិញមាត់ ច្រមុះ | – ចាក់វ៉ាក់សាំង
– បំបែកសត្វឈឺចេញពីហ្វូង – ថែរក្សាដំបៅ |
|
ក្រចកពណ៌ក្រហម | ចំពោះសត្វទាំងអស់ក្នុងហ្វូង | វាលស្មៅសើម, ទ្រុងកខ្វក់, មិន តំរឹមក្រចក | ការធ្វេសប្រហែស | ក្រមរហើមធំ, ដើរមិនរួច | – មិនត្រូវឲ្យស៊ីលើវាលស្មៅសើម
– សំអាតទ្រុង, ទ្រុងស្ងួត – តំរឹមក្រចកឲ្យបានទៀងទាត់ – ឧស្សាហ៍លាងក្រចក |
ជំងឺហើមពោះ (Bloat) | ពពែក្មេង និងពពែពេញវ័យ | ការផ្តល់ចំណីពុំមានតុល្យភាព, ពពួករុក្ខជាតិកួរច្រើនពេក និងស្មៅខ្ចី | ការធ្វេសប្រហែស | ពោះឡើងហើម, ធ្វើឲ្យសត្វឈឺចុកចាប់ | – ការផ្តល់ចំណីត្រួតពិនិត្យត្រឹមត្រូវ
– ករណីចាំបាច់ហៅគ្រូពេទ្យសត្វ |
ជំងឺរលាកដោះ (mastitis) | ពពែកំពុងបញ្ចេញទឹកដោះ | បាក់តេរី | ទ្រុងគ្មាន
អនាម័យ, ការរឺតយកទឹកដោះមិនសំអាតត្រឹមត្រូវ |
កន្សោមដោះហើមធំ, ទឹកដោះមានលាយឈាម ដុំឈាម និងកករ | – សំអាតទ្រុង
– រាល់ពេលយកទឹកដោះត្រូវសំអាត – ករណីចាំបាច់ហៅ បសុពេទ្យ |
តេតាណុស (Tetanus) | កូនពពែ | បាក់តេរី | ការធ្វេសប្រហែស | – សំលាប់មេរោគលើទងផ្សិត និងព្យាបាលវាជាបន្ទាន់ |
ប្រភពសៀវភៅ ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា (អង្គការសេដាក)
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)