លោក ប៉ោ សេដ្ឋា បង្ហាញវិធីធ្វើក្រូចឆ្មារង៉ាំង៉ូវដោយប្រើអំបិល
ផ្លែក្រូចឆ្មារក្រៅពីប្រើធ្វើម្ជូរសម្រាប់ម្ហូបអាហារ គេក៏អាចកែច្នៃធ្វើក្រូចង៉ាំង៉ូវ (ជ្រក់ក្រូច) បានយ៉ាងឆ្ងាញ់ពិសា។ ក្រូចង៉ាំង៉ូវ គេអាចប្រើធ្វើជាភេសជ្ជៈដោយលាយជាមួយស្ករសនិងទឹកកក ឬជ្រក់ស្ងោរមាន់-ទា ស្ងោរជើងជ្រូក…។ លោក ប៉ោ សេដ្ឋា បានចេះពីរបៀបធ្វើក្រូចង៉ាំង៉ូវដ៏សាមញ្ញ ចំណាយអស់តិចនេះពីអ្នកធ្វើការងារជាមួយគ្នា ហើយលោកបង្ហាញពីរបៀបធ្វើដូចខាងក្រោម។
១. ធាតុផ្សំ
- ផ្លែក្រូចឆ្មារចាស់ខ្លាំង ដែលដាំតាមគោលការណ៍ធម្មជាតិ (យកផ្លែក្រូចឆ្មារខ្ចីមកធ្វើក្រូចង៉ាំង៉ូវ គឺវាមានជាតិហាង ល្វីង ប្រហាត)
- អំបិលក្រួស ឬម៉ដ្ឋធម្មជាតិ (អំបិលគ្មានជាតិអ៊ីយ៉ូត)។
២. របៀបធ្វើ
- លាងក្រូចឆ្មារឲ្យស្អាត រួចសំដិលវាឲ្យស្ងួត
- ដាក់អំបិលក្រួស ឬម៉ដ្ឋទ្រាប់បាតកែវកំរាស់ប្រហែល ១ស.ម.
- ដាក់ផ្លែក្រូចឆ្មារចូលកែវនោះកុំឲ្យពេញ (សល់ប្រហែល៤ស.ម.ទើបពេញ) ហើយដាក់អំបិលចូលទៀតឲ្យលើសអំបិលទ្រាប់បាតកន្លះ (ឧទាហរណ៍ អំបិលទ្រាំបាត៣វែងសម្ល=កំរាស់១ស.ម. គឺយើងត្រូវដាក់ ៤,៥វែក) ដោយឲ្យអំបិលខ្លះទើរនៅពីលើផ្លែក្រូចឆ្មារខាងលើគេ
- យកគំរបគ្របឲ្យជិត រួចយកកែវនោះទៅដាក់នៅកន្លែងណាមានពន្លឺថ្ងៃខ្លាំង មានសុវត្ថិភាព ទាំងយប់ទាំងថ្ងៃរយៈពេល៤-៥ខែ (យកល្អធ្វើនៅខែប្រាំង) សង្កេតមើលទឹកចេញមកឡើងពណ៌ក្រហមក្រមៅ ទើបយកកែវនោះមកទុកក្នុងផ្ទះ និងប្រើប្រាស់ធ្វើម្ហូបនិងភេសជ្ជៈបានហើយ។
៣. កត់សម្គាល់
ទំរង់របស់ក្រូចង៉ាំង៉ូវភាគច្រើនគឺមិននៅមូលល្អទេ វាផតកំពៀច ដោយសារទឹកនៅក្នុងផ្លែក្រូចឆ្មារនោះនៅពេលដាក់ហាលថ្ងៃវាភាយចេញមកក្រៅ (ស្ថិតនៅក្នុងកែវដដែល) បណ្តាលឲ្យផ្លែក្រូចនោះផតកំពៀច។ ការធ្វើក្រូចង៉ាំង៉ូវតាមវិធីនេះ គឺទុកបានយូរឆ្នាំ (ទុកយូរកាន់តែល្អ) សាច់ក្រូចង៉ាំង៉ូវពណ៌ក្រហមក្រមៅ ឈ្ងុយឆ្ងាញ់ ហើយទឹករបស់វានៅក្នុងកែវក៏ប្រើបានដែរ។
យើងគួររំលែកក្រូចង៉ាំង៉ូវពីកែវធំដាក់ទៅកែវតូចសំរាប់ប្រើប្រចាំថ្ងៃ ចំពោះកែវធំនោះត្រូវគ្របឲ្យជិតដាក់នៅកន្លែងមានសុវត្ថិភាព។ ពេលរំលែក និងដួសយកទៅប្រើ គឺត្រូវប្រើវែកស្ងួត (បើមានទឹកធ្វើឲ្យដុះផ្សិតឆាប់ខូច)៕
រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)