ការដាំដំណាំស្វាយចន្ទី ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ
ក. លក្ខណៈទូទៅរបស់ដំណាំស្វាយចន្ទី
ស្វាយចន្ទី ជារុក្ខជាតិដែលមានអាយុកាលវែង មានកំពស់ពី ៦-១២ម៉ែត្រ ដើមបែកមែកសាខា។គ្រាប់ស្វាយចន្ទីស្ថិតនៅខាងក្រៅនៃផ្លែ ចាប់ពីចេញផ្ការហូតដល់ទុំមានរយៈពេលរហូតដល់ ៦០ថ្ងៃ។
- ស្វាយចន្ទីអាចដាំនៅតំបន់ដែលមានកំពស់ទឹកភ្លៀងពី ៥០០ម.ម. ទៅ ៣.០០០ម.ម. ក្នុងមួយឆ្នាំ (អាស្រ័យតាមតំបន់ដែលមានភ្លៀងធ្លាក់តិចនិងច្រើន)។
- ដំណាំស្វាយចន្ទីអាចដាំបានលើដីគ្រប់ប្រភេទ លើកលែងតែដីដែលមានល្បាយឥដ្ឋច្រើន និងដីជាំទឹក។ ចំពោះដីដែលដាំបានទិន្នផលល្អ គឺដីល្បាយខ្សាច់មិនដក់ទឹក។
ខ. ការរៀបចំដី និងការដាំ
ដំណាំស្វាយចន្ទីអាចដាំនៅក្នុងភូមិ (សួនគ្រួសារ) និងអាចដាំលើផ្ទៃដីធំទូលាយ។ ចំពោះការដាំលើផ្ទៃដីធំយើងត្រូវរៀបចំដីដូចខាងក្រោម៖
- ធ្វើដីឲ្យរាបស្មើ ហើយសំអាតស្មៅចង្រៃឲ្យស្អាតរួចជីករណ្តៅដាំ។ ការត្រៀមដីគួរធ្វើឲ្យស្រេចនៅក្នុងរដូវក្តៅ ដែលអាចជីករណ្តៅ និងដាំបាននៅក្នុងរដូវភ្លៀង។
- ជីករណ្តៅដែលមានទំហំ១ម៉ែត្របួនជ្រុង ជំរៅ១ម៉ែត្រ ចំពោះដីល្បាយខ្សាច់។
- ស្វាយចន្ទីដាំនៅចន្លោះ៨ម៉ែត្រ និងចន្លោះពីដើមមួយទៅដើមមួយ៨ម៉ែត្រ។
- រណ្តៅត្រូវជីក ១៥-២០ថ្ងៃមុនការដាំដុះ ហើយដាក់ឲ្យត្រូវថ្ងៃដើម្បីកំចាត់សត្វល្អិតនិងជំងឺនៅក្នុងដី។
- ដាក់ជីធម្មជាតិនៅបាតរណ្តៅដូចជាជីកំប៉ុស្ត លាមកសត្វ ស្លឹកឈើ សំរាមស្ងួត។
- ជ្រើសរើសគ្រាប់ដាំឲ្យមានទម្ងន់លើសពី ៥ក្រាមក្នុង១គ្រាប់។
- នៅវគ្គដំបូង ស្វាយចន្ទីត្រូវការទឹកដើម្បីលូតលាស់ធំរ៉ឹងប៉ឹង។
- រដូវកាលសមស្របសម្រាប់ការដាំ គឺដើមខែមិថុនា ដល់ខែសីហា ព្រោះជារដូវមានភ្លៀង។
- ត្រូវយកគ្រាប់ទៅកប់ក្នុងថ្នាលដែលមានដាក់ដីខ្សាច់កំរាស់ ១២សង់ទីម៉ែត្រ។
- ការកប់គ្រាប់ដាំត្រូវយកផ្នែកខាងផតចុះទៅក្រោម ហើយងើយខាងក្បាលគ្រាប់ឡើងបន្តិចរួចរោយខ្សាច់ពីលើគ្រាប់ឲ្យបានកំរាស់ ៣សង្ទីម៉ែត្រ។
- ស្រោចទឹក២ដងក្នុងមួយថ្ងៃនៅពេលព្រឹក និងពេលល្ងាច រយៈពេល៦ថ្ងៃដំបូង។ ក្នុងករណីមានភ្លៀងធ្លាក់មិនចាំបាច់ស្រោចទឹកទេ។
- ចំពោះការបណ្តុះគ្រាប់ក្នុងថង់ប្លាស្ទីក ត្រូវយកគ្រាប់ត្រាំទឹករយៈពេល២៤ម៉ោងទៅ៤៨ម៉ោង មុនពេលយកទៅបណ្តុះ។
- យកថង់ប្លាស្ទីកពណ៌ខ្មៅដែលមានទំហំ ១៣x២០ស.ម. ហើយមានចោះរន្ធចំហៀងឲ្យបានពី ៤-៨រន្ធ ដើម្បីបញ្ចេញទឹកពីក្នុងថង់។
- ត្រូវផ្សំដីជាមួយនិងផេះអង្កាម ជីទ្រាប់បាត ឬកំប៉ុស្ត នៅក្នុងអត្រា ៣.១.១ ដោយច្របល់បញ្ចូលគ្នាឲ្យសព្វ ហើយច្រកចូលថង់ដែលបានធ្វើការរត្រៀមទុកឲ្យសល់ពីមាត់ថង់ប្រហែល ២ស.ម.។
គ. ការថែទាំ
- នៅរដូវប្រាំងគួរយកស្មៅ និងចំប៉ើងទៅគ្របត្រង់គល់ដើម្បីរក្សាសំណើមឲ្យបានយូរ ត្រូវធ្វើការស្រោចទឹកនៅរដូវក្តៅ។
- ស្វាយចន្ទីមិនអាចប្រឈមមុខនឹងការលិចទឹកបានទេ នៅតំបន់ដែលមានភ្លៀងធ្លាក់ច្រើនគួរតែរៀបចំប្រព័ន្ធបង្ហូរទឹកចេញ។
- ក្រោយពីដុះលូតលាស់បានរយៈពេល២ទៅ៣ឆ្នាំ ត្រូវធ្វើការកាត់តែងមែក ដើម្បីឲ្យពន្លឺចាំងចូលបានគ្រប់គ្រាន់។ ការកាត់តែងមែក ត្រូវធ្វើឡើងនៅក្នុងខែសីហា ដែលជារដូវភ្លៀង។
- ត្រូវធ្វើការបោះបង្គោល ហើយចងភ្ជាប់ជាមួយដើមបន្ទាប់ពីដាំកូនហើយ រួចគ្របគំរបស្លឹកឈើងាប់ៗជុំវិញគល់។
- ការស្រោចទឹកត្រូវធ្វើឡើងក្រោយពីដាំកូនរួច ជាពិសេសនៅរដូវក្តៅ ខែមករា ដល់ខែមីនា ត្រូវផ្តល់ទឹករយៈពេលពីរអាទិត្យម្តង។
ឃ. ការប្រមូលផល
- ស្វាយចន្ទីចាប់ផ្តើមឲ្យផលនៅអាយុ ២ទៅ៣ឆ្នាំ ក្រោយពីដាំ អាស្រ័យតាមពូជ។
- ការប្រមូលផលត្រូវប្រើកន្ត្រក ឬជាល ជៀសវាងធ្វើឲ្យផ្លែជាំខូច។
- ក្រោយពីបេះផ្លែហើយ ត្រូវយកទៅហាលថ្ងៃយ៉ាងតិច៣ទៅ៥ថ្ងៃ ដោយរក្សាសំណើមក្នុងគ្រាប់មិនឲ្យលើសពី១២ភាគរយ ដើម្បីរក្សាទុកឲ្យបានយូរ។
- ស្វាយចន្ទីអាយុ ៣ទៅ៥ឆ្នាំ ឲ្យផល១ទៅ៣គីឡូក្រាមក្នុងមួយដើម និង ៦ទៅ១០ឆ្នាំ ឲ្យផលជាមធ្យម ៥ទៅ២០គីឡូក្រាមក្នុងមួយដើម អាយុលើសពី១០ឆ្នាំឲ្យផលជាមធ្យម ២០ទៅ៦០គីឡូក្រាមក្នុងមួយដើម។
បច្ចេកទេសសំខាន់ៗក្នុងការដាំស្វាយចន្ទី ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ
|
សៀវភៅស្តីពី បច្ចេកទេសកសិកម្មល្អៗទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ (អង្គការសេដាក)
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)