ការផ្តល់ទឹក ការថែទាំពពែ ធ្វើអនាម័យ ជំងឺ និងការព្យាបាល
៩. ទឹក
ទឹកជាកត្តាសំខាន់មួយក្នុងការចិញ្ចឹមសត្វ ត្រូវផ្តល់ទឹកស្អាតដល់សត្វឲ្យបានគ្រប់គ្រាន់ និងគ្រប់ពេលវេលា។ ត្រូវប្តូរទឹកជារៀងរាល់ថ្ងៃ និងធុងដាក់ទឹកត្រូវស្អាតជានិច្ច។ ទឹកមានសារៈសំខាន់ណាស់ ជាពិសេសសំរាប់មេពពែបំបៅកូន និងកូនរបស់វា។
ធុងទឹក ឬស្នូកទឹកដែលដាក់ឲ្យពពែផឹក ត្រូវព្យួរត្រឹមកវាគឺកំពស់ប្រហែល០,៦ម៉ែត្រ ដើម្បីធ្វើឲ្យពពែងាយស្រួលផឹក និងមិនធ្វើឲ្យទឹកកខ្វក់(ជៀសវាងពពែជុះអាចម៍ដាក់)។ ក្នុងការលែងឲ្យស៊ីលើវាលស្មៅត្រូវប្រុងប្រយ័ត្នកុំឲ្យពពែផឹកទឹកកខ្វក់ដែលជាប្រភពចំលងមេរោគ និងជំងឺផ្សេងៗ។
១០. ការថែទាំពពែ
- ពពែដែលមានសុខភាពល្អអាចលូតលាស់ល្អ ផលិតកូនបានទៀងទាត់ក្នុងរយៈពេលខ្លី និងផ្តល់នូវផលិតផលបានយូរ
- ហ្វូងពពែត្រូវមានសុខភាពល្អ ដើម្បីឲ្យការចិញ្ចឹមពពែទទួលនូវកំរៃ។
នៅពេលដែលកសិករចិញ្ចឹមពពែធ្វេសប្រហែស ដូចជា៖
- ទ្រុង និងចំណីកខ្វក់ នាំឲ្យឆ្លងមេរោគ និងជំងឺផ្សេងៗ
- ផ្តល់ចំណីមិនបានល្អ ធ្វើឲ្យពពែចុះខ្សោយ និងកូនរបស់វាខ្សោយ
- ប៉ារ៉ាស៊ីតលើស្បែក (ចៃ) នាំឲ្យកើតជំងឺ និងធ្វើឲ្យខូចស្បែក
- ប៉ារ៉ាស៊ីតខាងក្នុង (ព្រូន) ធ្វើឲ្យលូតលាស់យឺត និងស្រកទំងន់
- ការគ្រប់គ្រងមិនល្អ ធ្វើឲ្យផលិតផលថយចុះ និងងាប់។
ការខាតបង់ខាងលើនេះអាចជៀសវាងបានយ៉ាងពិតប្រាកដ ឬអាចកាត់បន្ថយបានដោយមានវិធានការងាយស្រួល ដែលកសិករចិញ្ចឹមពពែអាចអនុវត្តខ្លួនឯងបាន។
ការចំណាយអស់តិចបំផុតនិងមានប្រសិទ្ធភាពច្រើនក្នុងការថែរក្សាហ្វូងពពែឲ្យមានសុខភាពល្អ៖
- ធ្វើអនាម័យឲ្យបានហ្មត់ចត់បំផុត ទាំងក្នុងនិងជុំវិញទ្រុងពពែ
- ត្រួតពិនិត្យពពួកប៉ារ៉ាស៊ីតខាងក្រៅ (ចៃ)
- ត្រួតពិនិត្យពពួកប៉ារ៉ាស៊ីតខាងក្នុង (ព្រូន)
- ផ្តល់ចំណីបានល្អ និងគ្រប់គ្រងបានល្អ
- ត្រួតពិនិត្យរាល់ថ្ងៃនូវហ្ងូងពពែទាំងមូល
- ប្រុងប្រយ័ត្នទាន់ពេលវេលា។
អ្នកចិញ្ចឹមពពែដែលមិនធ្វេសប្រហែសចំពោះការថែទាំសុខភាពរបស់ពពែ និងធ្វើតាមវិធានការនៃការអនុវត្តន៍ត្រឹមត្រូវដូចជាៈ ការផ្តល់ចំណី និងការលែងឲ្យស៊ីលើវាលស្មៅ មិនសូវត្រុវការបសុពេទ្យព្យាបាលប៉ុន្មានទេ។ ដូច្នេះអាចជៀសវាងនូវការខាតបង់ និងការចំណាយដែលមិនចាំបាច់។
១០.១. ការថែទាំ និងធ្វើអនាម័យ
+ ការសំអាតស្នូកទឹក និងស្នូកចំណីប្រចាំថ្ងៃ មិនត្រូវឲ្យពពែស៊ីនូវចំណីដែលសល់ចោលទេ ចំណីទាំងនេះត្រូវតែយកចេញ និងសំអាតស្នូកឲ្យបានហ្មត់ចត់។ ម្យ៉ាងទៀតចំណីដែលសល់ក្នុងស្នូកធ្វើឲ្យចំណីថ្មីស្អុយខូចចោល បើសត្វស៊ីវាបណ្តាលឲ្យខូចសុខភាព។
+ ការបោសសំអាតទ្រុងប្រចាំថ្ងៃ ក្នុងការបោសសំអាតចាំបាច់ណាស់ក្នុងការពិនិត្យដង្កូវ។កាកសំណល់ភាគច្រើនត្រូវបានស្រក់តាមប្រហោងរនាបទៅក្រោម កាកសំណល់ខ្លះទៀត ដែលជាប់នឹងរនាបត្រូវសំអាតចេញ។កន្លែងដែលពពែឈរ ច្រើនកខ្វក់និងជាប់នូវមេរោគផ្សេងៗ ដែលចាំបាច់ត្រូវតែលាងសំអាតឲ្យបានហ្មត់ចត់។
+ ការប្រមូល និងកើបលាមកសត្វ លាមកសត្វគួរតែប្រមូលសំរាប់ធ្វើជីកំប៉ុស្ត ឬលក់ចន្លោះពេលដ៏ខ្លី ដើម្បីជៀសវាងការចំលងជំងឺ និងប៉ារ៉ាស៊ីតទៅកសិដ្ឋានផ្សេងទៀតនិងទៅដល់ការរស់នៅរបស់មនុស្ស។ លក្ខណៈងាយស្រួលក្នុងការរក្សាបរិវេណឲ្យស្អាតអ្នកអាចធ្វើរបងព័ទ្ធជុំវិញខាងក្រោមក្រោល។ លាមកពពែគឺជាជីដ៏ល្អ កសិករអាចរកកំរៃបានពីការលក់ជីនេះ។ ជីដែលបានមកពីលាមកពពែសំបូរទៅដោយ អាហ្សូត និងហ្វួសហ្វ័រ ជាងជីដែលបានមកពីលាមកគោ និងក្របី។
ការតំរឹមក្រចកជើងពពែ
- ការតំរឹមក្រចកជើងជាការចាំបាច់សំរាប់ការរស់នៅដ៏ស្រួលរបស់ពពែ
- ការតំរឹមក្រចកជើងមានសារៈសំខាន់សំរាប់សុខភាពសត្វ។
ការតំរឹមក្រចកជើងនេះត្រូវការជាពិសេសសំរាប់ពពែដែលចិញ្ចឹម និងផ្តល់ចំណីក្នុងទ្រុង និងក្នុងកំឡុងពេលរដូវភ្លៀង។ កសិករអាចប្រើកាំបិតមុតតំរឹមក្រចកជើងពពែដោយខ្លួនគាត់ផ្ទាល់ យ៉ាងតិចបំផុតក្នុង ១ខែម្តងជាពិសេសក្រចកជើងពពែបាដែលទុកពូជត្រូវត្រួតពិនិត្យឲ្យបានទៀងទាត់។ កសិករដែលពុំធ្លាប់អនុវត្តដោយខ្លួនឯងពីមុនមក អាចត្រូវបានបង្ហាត់ពីអ្នកដែលមានបទពិសោធន៍ ឬបសុពេទ្យ។
ក្រចកជើងពពែដែលលូតលាស់ហួសអាចបណ្តាលឲ្យ៖
- ឈឺចាប់នៅពេលដើរ
- ធ្វើឲ្យខូចទ្រង់ទ្រាយជើង
- ឆ្លងមេរោគ (ក្រចកពណ៌ក្រហម)
- ខូច របើកក្រចក ឬរឹងជើងពិបាកដើរ
- ចំពោះពពែបា គឺគ្មានចំណង់ពាក់មេ។
ហើយជាលទ្ធផលដែលបានមកពីបញ្ហាខាងលើនេះ នាំឲ្យពពែ៖
- បន្ថយសកម្មភាពរបស់វាលើវាលស្មៅ និងបន្ថយការស៊ីចំណី
- ការផលិតទឹកដោះថយចុះ និងបន្ថយការលូតលាស់។
កាត់តំរឹមក្រចកជើងបង្កលក្ខណៈងាយស្រួលនៅពេលព្រឹក ដែលនៅពេលនោះក្រចកជើងមានភាពទន់។
១១. ជំងឺ
នៅពេលសំគាល់ឃើញសត្វឈឺ អ្នកត្រូវតែ៖
- បំបែកសត្វឈឺចេញពីហ្វូងជាបន្ទាន់
- អនុវត្តន៍នូវវិធានការ ការពារនិងព្យាបាលជំងឺ
- ករណីចាំបាច់ហៅបសុពេទ្យ។
១១.១. ក្រចកពណ៌ក្រហម
ជំងឺក្រចកក្រហម គឺជាការឆ្លងមេរោគនៅត្រង់ក្រចក ហើយអាចបណ្តាលឲ្យសត្វរឹងជើងដើរមិនរួច។ ក្នុងករណីនេះបណ្តាលមកពី៖
- ការគ្រប់គ្រងធ្វេសប្រហែស និងការតំរឹមក្រចកមិនបានត្រឹមត្រូវ
- លែងឲ្យស៊ីលើវាលស្មៅសើម
- ដាក់ពពែក្នុងទ្រុងសើម។
រោគសញ្ញា
- ជើងឡើងហើមធំ
- រឹងជើងដើរមិនរួច ដំបូងមានលក្ខណៈតិចតួច បន្ទាប់មកកើនឡើងយ៉ាងឆាប់រហ័ស
- ក្រចកជើងមានក្លិនស្អុយ។
ការការពារ
- ការគ្រប់គ្រងល្អ
- ត្រួតពិនិត្យក្រចកជើង និងតំរឹមឲ្យបានទៀងទាត់
- កំរាលខាងក្រោមនៃទ្រុងត្រូវស្ងួត
- ជៀសវាងការលែងឲ្យស៊ីលើវាលស្មៅសើម។
ការព្យាបាល
- ចិតក្រចករហូតដល់ឃើញកន្លែងដែលឆ្លងមេរោគ
- ព្យាបាលរបួសដោយដាក់ជើងសត្វត្រាំក្នុងល្បាយថ្នាំ៖
- ល្បាយ ១០% ទង់ដែងស៊ុលហ្វាត (copper sulphate)
- ល្បាយ ១០% ហ្វមម៉ាលីន (formalin)
- ប្រើអង់ទីបីយ៉ូទិចរុំដំបៅជាការចាំបាច់
- ត្រូវតែរុំរបួសជើង
- ត្រូវប្តូរសត្វដែលរបួសទៅកន្លែងស្ងួត
- ព្យាបាលឡើងវិញដដែលៗ រហូតទាល់តែរបួសជាសះស្បើយ។
១១.២. ការថែទាំ ព្យាបាលមុខរបួសតូច និងបូស
ក្នុងពេលលែងឲ្យស៊ីលើវាលស្មៅ និងក្នុងទ្រុងពពែអាចរងរបួសដូចជា របកស្បែក ឬដំបៅ។ ការគ្រោះថ្នាក់នេះអាចបណ្តាលមកពីបន្លានៃគុម្ពោតព្រៃ ដោយជល់គ្នា ឬដោយគ្រោះថ្នាក់ផ្សេងៗ។ វាជាការសំខាន់ណាស់ដែលដឹងអំពីមុខរបួស ឬដំបៅបែបនេះទាន់ពេលវេលា។ប្រសិនបើអ្នកមិនប្រុងប្រយ័ត្ន ដំបៅតូចនឹងក្លាយជាដំបៅធំ ហើយនិងមានសភាពធ្ងន់ធ្ងរ។ អាស្រ័យហេតុនេះ៖
- អ្នកចិញ្ចឹមពពែត្រូវតែប្រុងប្រយ័ត្នត្រួតពិនិត្យហ្វូងពពែរៀងរាល់ថ្ងៃ
- មុខរបួសតូច ឬធំត្រូវតែព្យាបាលជាបន្ទាន់។
វិធានការសំខាន់បំផុតសំរាប់ព្យាបាលមុខរបួស
- ដៃ សំភារៈផ្សេងៗសំរាប់ព្យាបាល និងសំឡីដាច់ខាតត្រូវតែស្អាត
- មុខរបួសជើងដែលមានហូរឈាម និងរបួសជើង ត្រូវការការប្រុងប្រយ័ត្ន។
ជាដំបូងត្រូវកាត់សក់ ឬរោមដែលនៅជុំវិញមុខរបួស ហើយត្រូវយកកំទេចកំទី ធូលី ខ្សាច់ ដង្កូវ។ល។ ចេញពីមុខរបួស។មុខរបួសត្រូវតែសំអាតឲ្យបានហ្មត់ចត់ដោយថ្នាំសំលាប់មេរោគ ដោយប្រើដង្កាប់ ឬតំបៀត និងសំឡី។
បូសត្រូវទំលុះបើកមុខវាដោយប្រើកាំបិតមុត ហើយខ្ទុះត្រូវច្របាច់យកចេញឲ្យអស់ដោយថ្នមៗ។ បន្ទាប់មកមុខរបួសត្រូវលាងសំលាប់មេរោគដោយប្រើទឹកថ្នាំ និងសំឡីស្អាត។ ចុងបញ្ចប់មុខរបួសត្រូវរុំវាដោយលាប អង់ទីប៊ីយ៉ូទិច ឬតេត្រាស៊ីគ្លីន។ ការព្យាបាលនេះត្រូវធ្វើដដែលៗឡើងវិញជាច្រើនដងរហូតដល់មុខរបួសជាទាំងស្រុង។មុខរបួស ឬបូសដែលមានសភាពធ្ងន់ធ្ងរខ្លាំងត្រូវតែព្យាបាលដោយបសុពេទ្យ។
របួសហូរឈាម
- បង្អាក់ការហូរឈាមត្រង់មុខរបួស
- ប្រើបង់រុំមុខរបួសឲ្យតឹង
- សង្កត់លើមុខរបួស និងដាក់ទឹកកកពីលើ (ក្នុងករណីហូរឈាម)
- ក្នុងករណីចាំបាច់ហៅបសុពេទ្យឲ្យដេររបួស
- សំលាប់មេរោគ និងរុំមុខរបួសដោយប្រើម្សៅអង់ទីប៊ីយ៉ូទិច។
ពស់ចឹក
- ជាដំបូងទុកឲ្យរបួសហូរឈាម
- បន្ទាប់មកយកបង់រិតពីលើមុខរបួសឲ្យតឹង
- បង្អាក់កុំឲ្យឈាមហូរ
- ហៅបសុពេទ្យ (បន្សាបជាតិពិស)
- ចុងបញ្ចប់ សំលាប់មេរោគ និងរុំមុខរបួសដោយប្រើម្សៅអង់ទីប៊ីយ៉ូទិច។
១១.៣. ប៉ារ៉ាស៊ីតខាងក្រៅ
គឺជាពពួកសត្វដែលរស់នៅលើស្បែក ឬលើរោមរបស់ពពែ ហើយជាទូទៅច្រើនធ្វើឲ្យមានបញ្ហាដល់ហ្វូងពពែ។ ពពួកប៉ារ៉ាស៊ីតខាងក្រៅអាចបណ្តាលឲ្យខាតបង់ថវិកាច្រើន៖
- នៅតាមស្បែកដែលរបួស ដែលអាចនាំឲ្យ៖
- របួសធ្ងន់ធ្ងរ ឆ្លងមេរោគផ្សេងៗ
- ធ្វើឲ្យស្បែកអន់ និងតំលៃរបស់វាថយចុះ។
- តាមរយៈការបញ្ជូនឈាមប៉ារ៉ាស៊ីតបណ្តាលឲ្យពពែកើតជំងឺធ្ងន់ធ្ងរផ្សេងទៀត ទាំងអស់នេះធ្វើឲ្យពពែស្រកទំងន់ ចុះខ្សោយទៅៗ ហើយអាចងាប់។ ប៉ារ៉ាស៊ីតខាងក្រៅអាចដឹងបានដោយងាយស្រួល ដោយទាមទារការត្រួតពិនិត្យហ្វូងសត្វឲ្យបានទៀងទាត់ ជាពិសេសក្នុងត្រចៀករបស់ពពែត្រូវពិនិត្យឲ្យបានហ្មត់ចត់ ព្រោះត្រង់កន្លែងនេះសំបូរទៅដោយចៃច្រើន។ ជួនកាលស្នាមរបួសនៅចន្លោះក្រចកជើងបណ្តាលមកពីចៃ ដែលក្រោយមកធ្វើឲ្យឆ្លងមេរោគ របួសបែបនេះអាចធ្វើឲ្យពពែរឹងជើងដើរមិនរួច។
អង្គែរ
អង្គែរជាជំងឺសើរស្បែកម៉្យាងបណ្តាលមកពីចៃ(mites) វាធ្វើឲ្យសក់ និងស្បែកប្រែប្រួល។ចំពោះអង្គែរស្បែកវាស៊ីរូងទំលុះស្បែកហើយពងនៅទីនោះ។ ពពែមានចៃវានៅមិនស្ងៀម ស្បែកវារោលក្រហាយខ្លាំងពីព្រោះបណ្តាលមកពីការរមាស់ ពពែត្រដុសខ្លួនវាជាញឹកញាប់ ហើយខាំស្បែករបស់វា។ រោមសត្វឡើងគ្រើម មិនស្មើ ហើយបះ ដោយមានជ្រុះរោម និងស្បែកឡើងក្រហម។ ប្រសិនបើអ្នកមិនប្រុងប្រយ័ត្នក្រោយមកនឹងធ្វើឲ្យស្បែករបស់វាស្តើង ពេលខ្លះមានស្នាមរលាត់ និងធ្វើឲ្យពពែមានការឈឺចាប់។ ពពែដែលទទួលរងនូវបញ្ហានេះធ្វើឲ្យវាស្រកទំងន់ រស់នៅក្នុងលក្ខ័ខ័ណ្ឌដ៏លំបាក ហើយអាចបណ្តាលឲ្យវាស្លាប់ផងដែរ។
ប្រភព សៀវភៅ ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា (អង្គការសេដាក)
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)